ភ្នំពេញៈ នាយកដ្ឋានស្តារនីតិសម្បទានៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានបង្ហាញរបាយការណ៍ថា ក្នុងឆមាសទី១ ឆ្នាំ ២០២៣ នេះ សមាជិក ប.ស.ស. ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការសរុបជាង ២ ពាន់នាក់ក្នុងនោះស្ដ្រីមានជាង ១ ពាន់នាក់ ខណៈសមាជិកទាំងនោះ កំពុងទទួលបានការគាំពារពី ប.ស.ស.ផងដែរ។
របាយការណ៍ដដែលបានឱ្យដឹងទៀតថា គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ ២០២៣ សមាជិក ប.ស.ស.ដែលបានរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការសរុបចំនួន ២ ៥៨៥ នាក់ ក្នុងនោះចំនួន ២ ៥៦១ នាក់ បម្រើការងារក្នុងវិស័យឯកជន និងចំនួន ២៤ នាក់ បម្រើការងារក្នុងវិស័យសាធារណៈកំពុងទទួលបានការគាំពារពីប.ស.ស.។
ទាក់ទងនឹងរបាយការណ៍នេះ លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) បានថ្លែងថា មានតែ ប.ស.ស.ទេ ដែលដឹងព័ត៌មានជាក់លាក់ពីចំនួនសមាជិករបស់ខ្លួន ដែលរងគ្រោះថ្នាក់រហូតដល់ធ្លាក់ខ្លួនពិការ ពីព្រោះ ប.ស.ស. ជាស្ថាប័នដែលផ្ដល់ការគាំពារ និងឆ្លើយតបនឹងតម្រូវការរបស់សមាជិក។
លោក មឿន តុលា បានកត់សម្គាល់ថា សមាជិក ប.ស.ស. ដែលរងគ្រោះថ្នាក់រហូតដល់ពិការ គឺភាគច្រើនកើតឡើងចំពោះកម្មករ កម្មការិនី ដែលធ្វើការនៅតាមរោងចក្រកាត់ដេរ ដោយសារតែពួកគាត់តែងតែធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ ឬពីកន្លែងធ្វើការត្រឡប់មកផ្ទះវិញ។
លោកបានបញ្ជាក់ថា៖ «ការប្រើប្រាស់យានជំនិះរបស់ពួកគាត់ ឬក៏រថយន្តសម្រាប់ដឹកកម្មករ មិនទាន់គោរពតាមស្ដង់ដាសុវត្ថិភាពចរាចរណ៍ផ្លូវគោកទេដែលជាហេតុធ្វើឱ្យមានចំនួនគ្រោះថ្នាក់ចរាចរណ៍ចេះបន្តកើតមានជាបន្តបន្ទាប់ទៅលើកម្មករ»។
លោក មឿន តុលា បន្តថា៖ «សម្រាប់ខ្ញុំ របាយការណ៍នេះ វាជាចំនួនតួលេខច្រើន ដែលសបញ្ជាក់ថា អត្រានៃគ្រោះថ្នាក់ចរាចរណ៍ហ្នឹង មនុស្សធ្លាក់ខ្លួនពិការភាព ឬក៏ស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នៅតែខ្ពស់ដដែល ហើយរដ្ឋក៏គួររកវិធីសាស្ត្រណាដើម្បីកាត់បន្ថយការគ្រោះថ្នាក់រហូតដល់ពិការភាពដែរជាពិសេស គឺពង្រឹងការអនុវត្តច្បាប់ចរាចរណ៍»។
បើតាមលោក មឿន តុលា ប្រសិនបើកាត់បន្ថយអត្រាសមាជិក ប.ស.ស. ដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការបាន នោះវានឹងផ្តល់ផលចំណេញច្រើនសម្រាប់រាជរដ្ឋាភិបាលដោយមិនចាំបាច់ចំណាយថវិការដ្ឋ និងជាពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
សូមរំឭកដែរថា កាលពីថ្ងៃទី ២៩ ខែមិថុនា កន្លងទៅ ប.ស.ស. បានចុះអប់រំ និងផ្តល់ការថែទាំសុខភាពផ្លូវចិត្តដល់សមាជិក ប.ស.ស ដែលរងគ្រោះថ្នាក់រហូតធ្លាក់ខ្លួនពិការនៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដើម្បីធ្វើឱ្យពួកគាត់មានក្ដីសង្ឃឹមឡើងវិញនៅក្នុងជីវិតពិការភាពរបស់ខ្លួន។
តាមរយៈប.ស.ស. លោកស្រី រ័ត្ន រ៉ានីន អនុប្រធាននាយកដ្ឋានស្តារនីតិសម្បទា នៃ ប.ស.ស. បានលើកឡើងថា សុខភាពផ្លូវចិត្តគឺជាសភាពមួយនៃសុខុមាលភាពរបស់មនុស្សយើងហើយវាកាន់តែសំខាន់បំផុតសម្រាប់ជនពិការដែលក្នុងនោះបុគ្គលម្នាក់ៗក៏អាចដឹងពីសុខភាពផ្លូវចិត្តរបស់ខ្លួនបានតាមរយៈសកម្មភាពបំពេញការងារប្រចាំថ្ងៃ ការដោះស្រាយបញ្ហាស្ត្រេសធម្មតាក្នុងជីវិត ក៏ដូចជាការចូលរួមការងារសហគមន៍ជាដើម។
លោកស្រីថា ការធ្វើឱ្យប្រសើរឡើងនូវសុខភាពផ្លូវចិត្តវាគឺជាចលករដ៏សំខាន់ក្នុងការជំរុញឱ្យមានសុខភាពរាងកាយល្អប្រសើរ ព្រមទាំងជួយបង្កើនកម្លាំងស្មារតីរបស់មនុស្សយើងផងដែរ។
លោកស្រី រ័ត្ន រ៉ានីន បញ្ជាក់ថា៖ «ការអប់រំ និងផ្តល់ការថែទាំសុខភាពផ្លូវចិត្តដល់បងប្អូនជនពិការ ជាផ្នែកមួយដ៏សំខាន់ និងចាំបាច់បំផុត ដើម្បីឱ្យពួកគាត់ទទួលបានការយល់ដឹងកាន់ច្បាស់ពីខ្លួនឯង ដែលអាចជួយឱ្យពួកគាត់វិលត្រឡប់ចូលក្នុងសង្គមជាធម្មតា និងមានក្ដីសង្ឃឹមឡើងវិញនៅក្នុងជីវិតពិការភាពរបស់ខ្លួន»៕