ភ្នំពេញៈ ​រដ្ឋាភិបាល​និង​អង្គការ​សង្គម​ស៊ីវិល​សារ​ទរ​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​យៈ​ពេល ៧២ ​ឆ្នាំ រវាង​កម្ពុជា​និង​អង្គការ​យូណេស្កូ​ (UNESCO) ដែល​បាន​ជួយ​ជំរុញ​ការអភិវឌ្ឍ​នៅ​កម្ពុជា​ជាពិសេស​ពាក់ព័ន្ធ​ការលើកកម្ពស់​វិស័យ​អប់រំ និង​វប្បធម៌ បន្ទាប់ពី​បានក្លាយ​ជា​ដៃគូ​របស់​យូណេស្កូ​តាំងពី​ឆ្នាំ​ ១៩៥១​។​

​ក្នុង​ពិធី​អបអរសាទរ ខួប​ទី​៧២ ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​របស់​អង្គការ​យូណេស្កូ​(UNESCO) នេះ​លោក​រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន និង​កីឡា បាន​ប្រាប់​ឱ្យដឹងថា កិច្ចសហប្រតិបត្តិការ​រយៈពេល ៧២​ឆ្នាំ​មកនេះ កម្ពុជា​ទទួលបាន​លទ្ធ​ផល​ជា​ផ្លែផ្កា​វិជ្ជមាន​ពី​ដៃគូ​អភិវឌ្ឍន៍​ពី​ការ​ជ្រោមជ្រែង​ពី​អង្គការ​យូណេស្កូ ជាពិសេស​កិច្ចសហប្រតិបត្តិការ​នា​ពេល​ថ្មីៗ​នេះ​។​

​លោក​បាន​ថ្លែងថា​៖ «​ទាំង​យូណេស្កូ និង​ស្ថាប័ន​ដៃគូ​អភិវឌ្ឍន៍​នានា​ឯទៀត បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ គុណភាព​អប់រំ​នៅ​កម្ពុជា ជាពិសេស​នៅ​បរិបទ​កូ​វីដ​១៩ ដែល​ក្រសួង​អប់រំ យុវជន និង​កីឡា សូម​សម្តែង​ការ​អរគុណ​»​។​

​លោក​លោក​ឡុង ប៉ុណ្ណា​ស៊ី​រី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​លើកឡើង​ដោយ​ខ្លី​ដែរ​ថា កិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជា​និង​យូណេស្កូ​មាន​ទំហំ​ធំ និង​ជាច្រើន​គម្រោង​ដែល​លោក​មិនអាច​រៀបរាប់​អស់​បាន ហើយ​ទាំងនេះ​ជា​រឿង​ដែល​ចាំបាច់​ខ្លាំង​សម្រាប់​កម្ពុជា ជាពិសេស​ពាក់ព័ន្ធ​នឹង​វិស័យ​វប្បធម៌​។​

​លោក​ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ដែលជា​ស្ថាប័ន​មួយ​ចំណុះឱ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ថ្លែងថា ទំហំ​នៃ​ជំនួយ​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ធំធេង​ដែល​យូណេស្កូ​បាន​ផ្តល់ឱ្យ​កម្ពុជា​ក្នុង​ក្របខ័ណ្ឌ​លើកកម្ពស់​វិស័យ​វប្បធម៌ និង​ការអប់រំ ទាំង​ការសម្របសម្រួល​គម្រោង ជំនួយ​បច្ចេកទេស ទាំង​ការបណ្តុះបណ្តាល​ជំនាញ​។​

​លោក​បាន​ថ្លែងថា​៖ «​សម្បត្តិ​បេតិកភណ្ឌ​កម្ពុជា​ទាំង​រូបី និង​អរូបី​ជាច្រើន​ត្រូវបាន​បញ្ចូល​ទៅក្នុង​បញ្ជីសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​ទុកជា​សម្បត្តិ​មនុស្សជាតិ​»​។​

​លោក​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​នេះ មាន​សារៈសំខាន់​ណាស់​ដែល​បាន​ជួយ​ទាំង​ធនធាន​បច្ចេកទេស អ្នកជំនាញ ថវិកា​នានា​ជាដើម​។ យើង​អាចមាន​តម្លៃ​ថា វា​មានតម្លៃ​ណាស់​ទាំង​សម្រាប់​កម្ពុជា ឬ​ប្រទេស​ណាមួយ​ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយ​អង្គការ​យូណេស្កូ​នេះ​»​។​

​លោក​យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព បាន​ថ្លែងថា កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើនណាស់​ពី​កិច្ចសហការ​ជាមួយ​យូណេស្កូ ខណៈ​កម្ពុជា​បានដាក់​បញ្ចូល​សម្បត្តិ​វប្បធម៌​មាន​ប្រាសាទ របាំ​ប្រពៃណី ក្បាច់គុន ម្ហូបអាហារ ជាដើម​ក្នុង​ផ្នែក​វប្បធម៌ ជាមួយ​ជំនួយ​នានា​ទៀត​។

​លោក​ថា អង្គការ​នេះ​ក៏បាន​ជួយ​កម្ពុជា​ជំរុញ​កម្មវិធី​អប់រំ ដែលមាន​ពាក្យស្លោក «​ការអប់រំ​ដើម្បី​អ្នក​ទាំងអស់គ្នា អ្នក​ទាំងអស់គ្នា​ដើម្បី​ការអប់រំ​»​ហើយ​យូណេស្កូ​ពង្រឹង​ទាំង​ចំណេះដឹង​ជា​មូលដ្ឋាន​ដល់​ប្រជាជន​ខ្មែរ​គ្រប់រូប ជាពិសេស​លើ​ផ្នែក​អក្ខរកម្ម​។​

​លោក​ប្រាប់ថា​៖ «​បើសិនជា​គ្មាន​ការចូលរួម​ពី​អង្គការ​យូណេស្កូ​ទេ ប្រហែល​សម្បត្តិ​វប្បធម៌​ខ្មែរ​យើង​មួយចំនួន មិនអាច​ចុះបញ្ជី​និង​ការពារ​បានទេ​។ យើង​ថែមទាំង​បាន​ប្រមូលយក​សម្បត្តិ​វប្បធម៌​ដែល​បាន​លក់ និង​លួច​ចេញទៅ​បរទេស​ផង ប​ដិ​មាជាដើម​។ ទាំងនេះ​ជា​សម​ទ្ធ​ផល​សំខាន់​នៃ​កិច្ចសហការ​»​។​

​លោក យង់ គិ​ម​អេង បាន​បន្ថែមទៀតថា កិច្ចសហការ​ជាមួយ​យូណេស្កូ​ថែមទាំង​បាន​ជំរុញ និង​ការកែទម្រង់​ស្តង់ដា​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ឱ្យ​សមស្រប និង​អាច​ដើរ​ទន្ទឹមនឹង​ស្តង់ដា​របស់​ប្រទេសជិតខាង ក្នុង​តំបន់ និង​ប្រទេស​ជឿនលឿន ហើយ​កាន់តែ​ប្រសើរ​។​

​លោក​ថ្លែងថា កិច្ចសហការ​នេះ​នឹង​កាន់តែ​ប្រសើរឡើង និង​ចាំបាច់​បន្ថែមទៀត​សម្រាប់​រយៈកាល​អនាគត ក្នុង​ក្របខ័ណ្ឌ​វប្បធម៌ និង​អប់រំ​។​

​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការ​យូណេស្កូ (UNESCO) នេះ កាលពី​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​១៩៥១ ដែល​ការិយាល័យ​អង្គការ​យូណេស្កូ​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​បើក​ឡើងវិញ​នៅ​ឆ្នាំ​១៩៩១ បន្ទាប់ពី​បិទទ្វារ​ដោយសារ​សង្គ្រាមស៊ីវិល​។​

​អង្គការ​យូណេស្កូ​(UNESCO) ជា​ផ្នែក​មួយ​នៃ​អង្គការសហប្រជាជាតិ ដែល​ធ្វើ​ការផ្តោត​សំខាន់​លើ​វិស័យ​អប់រំ​និង​វិទ្យាសាស្ត្រ ដែល​បាន​បង្កើត​ឡើងជា​ផ្លូវការ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​១៩៤៥ ហើយ​មាន​គោលដៅ​បេស​កកម្ម​ពិសេស​ដើម្បី​រក្សា​សន្តិភាព និង​សន្តិសុខ​ពិភពលោក ដោយ​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាមួយ​បណ្តា​ប្រជាជាតិ​ជា​សមាជិក​នានា ចំពោះ​វិស័យ​អប់រំ វិទ្យាសាស្ត្រ វប្បធម៌ និង​ទំនាក់ទំនង​។ ថ្មីៗ​នេះ យូណេស្កូ​នៅ​កម្ពុជា ធ្វើការ​នៅក្រោម​ក្របខ័ណ្ឌ​ជំនួយ​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​សម្រាប់​កម្ពុជា (UNDAF) ឆ្នាំ​២០១៩-២០២៣ ដែល​សំដៅ​លើកកម្ពស់​ការអប់រំ​, បរិស្ថាន​, ទំនាក់ទំនង និង​ព័ត៌មាន​, មរតក​វប្បធម៌​, សេរីភាព​នៃ​ការបញ្ចេញមតិ និង​វិទ្យាសាស្ត្រ​ធម្មជាតិ ដើម្បី​ជា​មធ្យោបាយ​ឆ្ពោះទៅ​សម្រេចបាន​នូវ​របៀប​វារៈ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០៕