ភ្នំពេញៈ ស្ថានភាពនៃយុទ្ធនាការឃោសនាបោះឆ្នោតនាប៉ុន្មានថ្ងៃដំបូងនៃការចាប់ផ្តើមមកនេះបានប្រព្រឹត្តទៅដោយរលូន និងគ្មានអំពើហិង្សាកើតឡើងឡើយ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសកាលពីល្ងាចថ្ងៃទី ២ ខែកក្កដាថា ស្ថានភាពទូទៅនៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ ឆ្នាំ ២០២៣ មានការចូលរួមពីគណបក្សនយោបាយច្រើនជាងថ្ងៃដំបូង។
គ.ជ.បបានឱ្យដឹងថា បណ្ដាគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត បានឃោសនាបោះឆ្នោតតាមកំណត់ និងតាមរូបភាពផ្សេងៗគ្នា ដែលរួមមានជាអាទិ៍ ការជួបប្រជុំ ការហែក្បួនឃោសនា ការប្រគំតន្ត្រី ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ និងការចែកខិត្តប័ណ្ណ។
តាមរបាយការណ៍របស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោត (គធ.ខប) បានកត់សម្គាល់ថា ចំនួនគណបក្សនយោបាយធ្វើសកម្មភាពហែក្បួនឃោសនាច្រើនជាងថ្ងៃទី ១ ដោយការហែក្បួនបានប្រព្រឹត្តទៅនៅតាមមណ្ឌលបោះឆ្នោតមួយចំនួន។
គ.ជ.ប បានបញ្ជាក់ដែរថា៖ «ជាក់ស្ដែង គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សខ្មែរអភិរក្ស គណបក្សឯកភាពជាតិខ្មែរ គណបក្សកម្លាំងប្រជាធិបតេយ្យ និងគណបក្សយុវជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលភ្នំពេញ»។
ប្រភពដដែលបានបន្តថា រីឯគណបក្សប្រជាជនកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ ត្បូងឃ្មុំ និងមណ្ឌលខេត្តក្រចេះ។ ចំណែកគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបន្ទាយមានជ័យ តាកែវ និងមណ្ឌលខេត្តកំពត។ ដោយឡែកគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានហែក្បួនឃោសនានៅមណ្ឌលខេត្តបាត់ដំបង។
គ.ជ.ប ថា៖ «ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយបានប្រព្រឹត្តទៅដោយរលូនមានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា»។
យ៉ាងណាក្ដី លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀនបានថ្លែងនៅថ្ងៃទី ៣ ខែកក្កដាថា សម្រាប់យុទ្ធនាការឃោសនានេះ ក៏មិនខុសគ្នានឹងនីតិកាលទី៦ ដែរ ព្រោះការបោះឆ្នោតទាំង ២ លើកនេះ មិនមានវត្តមានគណបក្សប្រឆាំង។
លោកបានបន្តថា លោកមិនសូវចាប់អារម្មណ៍ចំពោះការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនេះទេ ដោយសារវាមិនមានខ្លឹមសារ ខណៈប្រជាពលរដ្ឋទូទៅបានដឹងយ៉ាងច្បាស់ពីលទ្ធផលនៃការឈ្នះឆ្នោតនឹងបានទៅលើគណបក្សប្រជាជនហើយនោះ។
លោក រ៉ុង ឈុន បានថ្លែងថា៖ «កីឡាករដែលធ្វើឱ្យអ្នកទស្សនាចាប់អារម្មណ៍ លុះត្រាតែមានកម្លាំងប្រហាក់ប្រហែលគ្នា តែបើមាន ១ ក្រុមខ្លាំង ហើយ ១ ក្រុមទៀតមិនខ្លាំង មិនមានអ្វីដែលគួរឱ្យចាប់អារម្មណ៍ទេ។ ត្រង់ចំណុចនេះបើសិនមានវត្តមានគណបក្សភ្លើងទៀនចូលរួមប្រកួតជែងដែលមានកម្លាំងប្រហាក់ប្រហែលទៅនឹងគណបក្សកាន់អំណាច អាចនឹងល្អមើលច្រើនជាងនេះ»។
ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងនៅថ្ងៃដដែលនេះដែរថា សម្រាប់យុទ្ធនាការឃោនាបោះឆ្នោត បើធៀបអាណត្តិនេះ និងអាណត្តិមុន នៅតែមានសភាពគគ្រឹកគគ្រេងដដែល ស្របតាមបទប្បញ្ញតិ និងនីតិវិធីគោលការណ៍របស់គ.ជ.ប និងច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បើទោះបីអវត្តមានគណបក្សប្រឆាំងដដែលក៏ដោយ។
លោកបានថ្លែងថា៖ «មិនមែនអវត្តមានអ្នកនេះ ឬអ្នកនោះ ហើយយើងអត់ធ្វើទេ យើងធ្វើទៅតាមតួនាទីដែលចង្អុលដោយច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងគោលការណ៍នីតិវិធី បទបញ្ជា របស់គ.ជ.ប ដែលបានដាក់ចេញការងារសម្រាប់គណបក្សនយោបាយនៅក្នុងរយៈពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ»។
ចំណែកលោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី ៣ ខែកក្កដា ក៏បានឱ្យដឹងដែរថា សម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតឆ្នាំ ២០២៣ បើធៀបនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ គឺមានភាពល្អប្រសើរច្រើន។
លោកបានបន្តថា សម្រាប់ការឃោសនាបោះឆ្នោត អាណត្តិមុន គ្រាន់តែចាប់ផ្តើម គឺមានការប៉ះទង្គិចគ្នា រវាងគណបក្សនយោបាយដែលនិន្នាការផ្សេងគ្នា ប៉ុន្តែបើពិនិត្យមើលស្ថានភាពនៃការឃោសនារបោះឆ្នោតអាណត្តិនេះរយៈពេល ៣ ថ្ងៃដំបូង មិនមានបញ្ហាកើតឡើងទេ។
លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា៖ «ចំពោះការចោទប្រកាន់ថា សកម្មភាពនៃការឃោសនារបស់គណបក្សនយោបាយក្នុងពេលឃោសនាអាណត្តិនេះមិនមានការចាប់អារម្មណ៍នោះគឺគ្រាន់តែជាមតិរបស់អ្នកនៅក្រៅសង្វៀននយោបាយប៉ុណ្ណោះ ប៉ុន្តែសម្រាប់គណបក្សនយោបាយដែលបានចូលរួមបោះឆ្នោតគឺមានភាពសកម្មភាពរស់រវើក»។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ មានរយៈពេល ២១ ថ្ងៃ ចាប់ពីថ្ងៃទី ១ ដល់ ២១ ខែកក្កដា ឆ្នាំ ២០២៣។
ជាមួយគ្នានេះដែរ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាសន្តិភាពកម្ពុជា ដែលមានបេសកកម្មផ្សព្វផ្សាយពីប្រវត្តិកសាងសន្តិភាព គុណតម្លៃនៃសន្តិភាព និងកាតព្វកិច្ចការពារសន្តិភាព និងកំពុងបន្តរៀបចំវេទិកាសាធារណៈក្រោមប្រធានបទ «បោះឆ្នោតដើម្បីសន្តិភាព» បានអំពាវនាវដល់ពលខ្មែរទាំងអស់ចេញទៅបោះឆ្នោត។
លោកបានលើកឡើងតាមរយៈសេចក្តីអំពាវនាវថា៖ «ប្រជាពលរដ្ឋខ្មែរ និងយុវជនគ្រប់អាយុ ១៨ ឆ្នាំទាំងអស់ សូមចេញទៅបោះឆ្នោតក្នុងសំឡេងតែ១ គឺបោះឆ្នោតដើម្បីសន្តិភាពដោយប្រើសន្លឹកឆ្នោតរបស់បងប្អូនឱ្យមានតម្លៃជាសន្លឹកឆ្នោតការពារសន្តិភាព»។
លោក សួន សេរីរដ្ឋា បានបន្ថែមថា ការបោះឆ្នោតជាសិទ្ធិរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្រទេសប្រជាធិបតេយ្យដែលត្រូវអនុវត្តសិទ្ធិនេះរៀងរាល់ ៥ ឆ្នាំម្តងៗ ដូចនេះដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិសូមកុំចាញ់បោក ចាញ់កល ពួកក្រុមនយោបាយដែលបំពុលសង្គម កុំឱ្យគេអូសទាញឱ្យខកខានអនុវត្តសិទ្ធិបោះឆ្នោតដែលជាសិទ្ធិដ៏មានសារៈសំខាន់នេះឱ្យសោះ៕