ភ្នំពេញៈ រដ្ឋមន្ត្រីការពារជាតិ លោក ទៀ បាញ់ បានឱ្យដឹងថា បច្ចុប្បន្នសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម មានលក្ខណៈស្ងប់ស្ងាត់ល្អ ខណៈកងកម្លាំងខ្លះដែលកំពុង ដាក់ពង្រាយ អាចនឹងចល័តទៅអង្គភាពដើមវិញដោយទុកកងកម្លាំងមួយចំនួនឱ្យនៅឃ្លាំមើលសភាពការណ៍បន្ត។
លោក ទៀ បាញ់ បានថ្លែងដូចនេះនៅពីថ្ងៃទី ៣ កក្កដា ដោយលោកបានបញ្ជាក់ថា មិនមានប្រទះឃើញដ្រូន ឬយន្តហោះគ្មានមនុស្សបើកក្នុងបុព្វហេតុស៊ើបការណ៍ ឬធ្វើភេរវកម្មទៀតឡើយ។ ការដាក់ពង្រាយកងកម្លាំងនៅតាមព្រំដែនកម្ពុជា-វៀតណាមត្រូវបានធ្វើឡើង តាមបទបញ្ជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ជិត ១ សប្តាហ៍មកហើយ ក្នុងគោលដៅប្រឆាំងការស៊ើបការណ៍សម្ងាត់ និងបង្ការអំពើភេរវកម្មបន្ទាប់ពីមានការបង្ហោះដ្រូននៅតាមព្រំដែន។
លោក ទៀ បាញ់ បានថ្លែងថា ៖ «កម្ពុជាបានចល័តកងកម្លាំងជាមួយអាវុធទំនើប ទៅពង្រាយតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ជាពិសេសនៅខេត្តមណ្ឌលគិរី ក្រចេះ និងខេត្តរតនគិរីដោយហេតុមានព័ត៌មានលេចឮជុំវិញសកម្មភាពហោះហើររបស្រ់ដូននៅតាមបណ្តោយព្រំដែន ចូលដែនអាកាសកម្ពុជាដោយគ្មានប្រភព និងអត្តសញ្ញាណច្បាស់លាស់ ដែលនេះជារឿងចាំបាច់ ក្នុងកិច្ចការពារដែនអធិបតេយ្យភាពជាតិ»។
លោកបានបន្តថា ក្នុងរវាងប៉ុន្មានថ្ងៃនេះ កងកម្លាំងបានប្រើឧបករណ៍យោធាទំនើបសម្រាប់ឃ្លាំមើលដែនអាកាស ព្រមទាំងរ៉ាដាផងដែរ ប៉ុន្តែមិនទាន់ប្រទះឃើញដ្រូនស៊ើបការណ៍ណាមួយឡើយ ភាគច្រើនជាដ្រូនកម្មសិទ្ធិរបស់ភ្ញៀវទេសចរ និងប្រទះឃើញតែការហោះហើររបស់យន្តហោះដឹកអ្នកដំណើរ និងយន្តហោះបម្រើក្នុងវិស័យពាណិជ្ជកម្មតែប៉ុណ្ណោះ។
លោក ទៀ បាញ់ បញ្ជាក់ថា៖ «ការពិតទៅ វាមិនមានរឿងអ្វីទេ សភាពការណ៍ប៉ុន្មានថ្ងៃហ្នឹង បន្ទាប់ពីចល័តទ័ពទៅ យើងកត់សម្គាល់មិនមានអ្វីកើតឡើងទេ។ ឃើញមានតែកប៉ាល់ហោះ [យន្តហោះ] ពាណិជ្ជកម្មដឹកអ្នកដំណើរ នៅដែនអាកាសខ្ពស់ៗនោះ។ កន្លងមកអ្នកមូលដ្ឋានអាចមានការយល់ច្រឡំខ្លះទៅ ដោយសារពួកគាត់ប្រើភ្នែកទៅមើល»។
ទោះជាយ៉ាងណាក្តី លោករដ្ឋមន្ត្រីការពារជាតិ សង្កត់ធ្ងន់ថា កងកម្លាំងកម្ពុជានៅតែបន្តយកចិត្តទុកដាក់ពិនិត្យសភាពការណ៍នៅតាមបណ្តោយព្រំដែននេះដើម្បីអាចឆ្លើយតបសមស្របចំពោះសកម្មភាពប៉ុនប៉ងធ្វើភេរវកម្មណាមួយលើទឹកដីកម្ពុជា ទោះបីព័ត៌មានកន្លងមក ជាការយល់ច្រឡំក្តី។ លោកបានបន្ថែមថា អង្គភាពជំនាញនឹងពិភាក្សាបែងចែកការងារ និងគម្រោងគោលដៅបន្ទាប់ ជុំវិញបេសកកម្មប្រឆាំងការប៉ុនប៉ងធ្វើភេរវកម្ម និងប្រឆាំងការស៊ើបការណ៍សម្ងាត់នេះ ដែលលោកមិនអាចលម្អិតបន្ថែមជាងនេះបានឡើយ ព្រោះជាការសម្ងាត់យោធា និងសន្តិសុខជាតិ។
កាលពីថ្ងៃទី ២៩ ខែមិថុនា កន្លងទៅលោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានចុះត្រួតពិនិត្យការអនុវត្តបទបញ្ជាប្រមុខរដ្ឋាភិបាលនៅទិសយោធភូមិភាគទី១ ដោយលោកថ្លែងពីស្ថានការណ៍ថា មិនប្រទះឃើញដ្រូនស៊ើបការណ៍ណាមួយហោះចូលដែនអធិបតេយ្យកម្ពុជាទៀតឡើយ។ ប៉ុន្តែកងកម្លាំងនៅតែស្វះស្វែង និងប្តេជ្ញាតាមគោលដៅរៀងខ្លួនដើម្បីបង្ការកុំឱ្យកើតមានអំពើភេរវកម្មណាមួយលើទឹកដីកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ។
តាមរយៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ២ កក្កដា ក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងយោធាភូមិភាគទី១ និងកងពលលេខ ៧០ ដែលឈរជើងជាប់ព្រំដែនវៀតណាម អភិបាលខេត្តលោក ថង សាវុន បានថ្លែងសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងនៅភូមិសាស្ត្រព្រំដែន ដែលពុះពារការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនពលរដ្ឋ ពិសេសដែនបូរណភាពទឹកដី។ ជាមួយគ្នានោះលោកក៏បានណែនាំឱ្យកងកម្លាំងទាំងអស់គិតគូរថែរក្សាសុខភាព និងគោរពឱ្យបានម៉ឺងម៉ាត់នូវវិន័យកងទ័ពដើម្បីប្តេជ្ញាការពារដាច់ខាត ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ផងដែរ។
សូមរំឭកថា កាលពីថ្ងៃទី ២៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រី បានដាក់ចេញបទបញ្ជាឱ្យកងកម្លាំង និងស្ថាប័នសន្តិសុខជាតិកំពូលៗ ពិសេសបានបញ្ជាឱ្យអង្គភាពបញ្ជាការដ្ឋានកងអង្គរក្សក្រោមបង្គាប់លោកមេបញ្ជាការ ហ៊ីង ប៊ុនហៀង ដឹកនាំកងកម្លាំង និងអាវុធសម្រាប់ប្រតិបត្តិការបាញ់ទម្លាក់ ដ្រូន ដែលត្រូវបានគេបង្ហោះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ជាពិសេសនៅមូលដ្ឋានខេត្តមណ្ឌលគិរី រតនគិរី និងក្រចេះ ក្រោយលេចឮថា មានដ្រូនមួយចំនួនហោះចូលដែនអាកាសកម្ពុជាដោយគ្មានប្រភព ខណៈភាគីវៀតណាមបញ្ជាក់ថា មិនមែនជារបស់ខ្លួន ស្របពេលមានដំណឹងពីការបង្ក្រាបក្រុមអ្នកបះបោរប្រឆាំងរដ្ឋាភិបាលវៀតណាមនៅជាប់ជាយដែនកម្ពុជា។
នៅល្ងាចថ្ងៃទី ២៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធទាំងអស់សហការគ្នារុករកអ្នកលាក់ខ្លួនលើទឹកដីកម្ពុជាដែលរត់ចេញពីទឹកដីវៀតណាមដោយលោកចាត់ទុកថា ជាក្រុមប៉ុនប៉ងធ្វើភេរវកម្ម ហើយលោកបានអំពាវនាវឱ្យប្រទេសនានា បញ្ឈប់ការអនុញ្ញាតលើការផ្តល់ទីតាំងបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពកម្ពុជាផងដែរ៕