ភ្នំពេញៈ ក្នុងខែមិថុនាកុមារឈឺចំនួនជាង ៧ ម៉ឺននាក់ ត្រូវបានពិនិត្យព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ ខណៈកុមារមានជំងឺធ្ងន់ៗជាង ១ ម៉ឺននាក់ បានសម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា។របាយការណ៍មន្ទីរពេទ្យនេះបញ្ជាក់ថា៖ «កុមារឈឺចំនួន ៧១ ១១៣ នាក់ ត្រូវបានពិនិត្យព្យាបាល នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារមានជំងឺធ្ងន់ៗ ១៣ ៨៥៥ នាក់ ដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។ កុមារមានជំងឺគ្រុនឈាមចំនួន ៩៥១ នាក់ បានព្យាបាលនៅក្នុងមន្ទីរពេទ្យ»។
របាយការណ៍បន្តថា ក្នុងខែដដែល កុមារចំនួន ២ ៣៥៦ នាក់ត្រូវបានទទួលការវះកាត់ ហើយកុមារចំនួន ៩០ នាក់បានទទួលការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ និងសៀមរាប។
របាយការណ៍បានឱ្យដឹងទៀតថា ស្ត្រីមានផ្ទៃពោះចំនួន ៩ ៥៣៤ នាក់ បានទៅពិនិត្យតាមដានផ្ទៃពោះនិងព្យាបាលនៅក្នុងផ្នែកពិគ្រោះជំងឺក្រៅនៃផ្នែកសម្ភពនៃមន្ទីរពេទ្យជ័យវរ្ម័នទី ៧ (គន្ធបុប្ផាទី៣) និងសម្រាលកូនបានចំនួន ១ ៧៤៣ នាក់ក្នុងរយៈពេល ១ ខែមុននេះ។
របាយការណ៍របស់មន្ទីរពេទ្យគន្ធបុប្ផា ប្រចាំខែឧសភាឱ្យដឹងថា ក្រុមគ្រូពេទ្យបានពិនិត្យព្យាបាលកុមារឈឺចំនួន ៦១ ៩១១ នាក់ នៅក្នុងផ្នែកពិគ្រោះជំងឺក្រៅ។ កុមារជំងឺធ្ងន់ៗចំនួន ១១ ៤០៣ នាក់ ហើយកុមារមានជំងឺគ្រុនឈាមមានចំនួន ២៧៥ នាក់ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យនេះ។
របាយការណ៍បន្តថា ក្នុងខែឧសភា កុមារដែលទទួលបានការវះកាត់មានចំនួន ២ ៣០០ នាក់។ កុមារចំនួន ៧៣ នាក់បានទទួលការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាមនៅមន្ទីរពេទ្យគន្ធបុប្ផា ភ្នំពេញ និងសៀមរាប។
របាយការណ៍បន្តថា សម្រាប់ការព្យាបាលនៅផ្នែកសម្ភពវិញ គឺមានស្ត្រីមានផ្ទៃពោះចំនួន ៩ ១៨៩ នាក់ បានមកពិនិត្យតាមដានផ្ទៃពោះនៅមន្ទីរពេទ្យគន្ធបុប្ផាទី៣ ដោយបានសម្រាលកូនចំនួន ១ ៦៥១ នាក់ ពេញ ១ ខែឧសភា។
កាលពីថ្ងៃទី ៣០ ខែមិថុនា ដែលជាថ្ងៃចុងក្រោយនៃយុទ្ធនាការ «១ ម៉ឺន រៀល ១ ម៉ឺននាក់» សម្រាប់កុមារកម្ពុជាមូលនិធិគន្ធបុប្ផាកម្ពុជាបានអំពាវនាវដល់សាធារណជនបន្តចូលរួមសកម្មភាពមនុស្សធម៌ជាមួយមូលនិធិនេះដើម្បីនាំភាពញញឹមដល់កុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។
យុទ្ធនាការនេះគឺជាយុទ្ធនាការប្រចាំឆ្នាំមួយក្នុងចំណោមយុទ្ធនាការផ្សេងៗដទៃទៀតរបស់មូលនិធិគន្ធបុប្ផាកម្ពុជាដែលបានរៀបចំឡើងដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា និងជាការបំផុសស្មារតី «ខ្មែរជួយខ្មែរ» ដើម្បីរួមគ្នាក្នុងការបន្តកិច្ចដំណើរការរបស់មូលនិធិគន្ធបុប្ផា ដែលកំពុងព្យាបាលកុមាររាប់ម៉ឺននាក់ក្នុង ១ ឆ្នាំៗ ដោយឥតគិតថ្លៃ ដោយចំណាយថវិកាចំនួនប្រមាណ ៤០ លានដុល្លារអាមេរិក ក្នុង ១ ឆ្នាំៗ។
យុទ្ធនាការនេះមានរយៈពេល ១ ខែ ដោយបានចាប់ផ្ដើមពីថ្ងៃទី ១ ខែមិថុនា និងដោយគិតត្រឹម ២ សប្ដាហ៍ដំបូងនៃយុទ្ធនាការនេះ មានសប្បុរសជនជាង ២ សែននាក់ បានចូលរួមបរិច្ចាគដោយទទួលបានថវិកាសរុបប្រមាណ ២ លានដុល្លារទាំងតាមរយៈការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យ និងការបរិច្ចាគតាមប្រព័ន្ធធនាគារចល័ត។
លោកចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១៤ ខែមិថុនាថា ឆ្នាំនេះមានសម្ទុះនៃការចូលរួមលើសពីឆ្នាំមុនខ្លាំង ទាំងទិដ្ឋភាពថវិកា និងចំនួនសប្បុរសជន។
លោកថ្លែងថា៖ «ការចូលរួមច្រើនបែបនេះ ក៏ព្រោះតែថ្នាក់ដឹកនាំ និងក្រុមការងារទាំងអស់នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានយកបទពិសោធន៍នៃការរៀបចំយុទ្ធនាការនេះកាលពីឆ្នាំ ២០២២ ជាមេរៀន ជាធាតុចូលក្នុងការកែលម្អចំណុចខ្វះខាត ព្រមទាំងបានបង្កើតយុទ្ធសាស្ត្រផ្សព្វផ្សាយថ្មីៗ ជាពិសេសការផ្សព្វផ្សាយតាមបណ្ដាញសង្គមនានា រួមជាមួយនឹងការចូលរួមផ្សព្វផ្សាយយ៉ាងផុសផុលពីក្រសួងស្ថាប័ន គ្រឹះស្ថានឯកជន ធនាគារដៃគូ សប្បុរសជននានា និងជាពិសេសសារព័ត៌មាននៅទូទាំងប្រទេសចូលរួមយ៉ាងច្រើនកុះករ»។
កាលពីឆ្នាំ ២០២២ យុទ្ធនាការ «១ ម៉ឺន រៀល ១ ម៉ឺន នាក់» ទទួលបានថវិកាបរិច្ចាគជាង ២៨ ម៉ឺនដុល្លារអាមេរិកក្រោយពីបានបើកយុទ្ធនាការនេះពេញ ១ ខែមិថុនា៕