ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់នៃបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) និងអតីតមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារកូរ៉េ បានជួបពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារនៅសាធារណរដ្ឋកូរ៉េ។
លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) នាថ្ងៃទី ៤ ខែកក្កដា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃអង្គភាពសុខុមាលភាពនិងសំណងគ្រោះថា្នក់ការងារ នៃសាធារណរដ្ឋកូរ៉េដែលដឹកនាំដោយលោក Jaekap Lee អតីតរដ្ឋមន្ត្រីក្រសួងការងារ និងមុខរបរ នៃសាធារណរដ្ឋកូរ៉េ និងបច្ចុប្បន្នជាអ្នកគ្រប់គ្រងគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា។
យោងតាមបេឡាជាតិរបបសន្តិសុខសង្គម បានឱ្យដឹងថា ក្នុងជំនួបសម្តែងការគួរសមនេះ លោក អ៊ុក សមវិទ្យា និងលោកJaekap Lee បានពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ក៏ដូចជាការអនុវត្តរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារនៅសាធារណរដ្ឋកូរ៉េ។
ភាគីទាំង២ក៏បានពិភាក្សាពីវឌ្ឍនភាពនៃការអនុវត្តគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការកសាងសមត្ថភាពរបស់មន្ត្រីជំនាញ ប.ស.ស ពាក់ព័ន្ធនឹងការផ្តល់សេវាស្តារនីតិសម្បទាជូនដល់សមាជិក ប.ស.ស. ប្រកបដោយប្រសិទ្ធភាពខ្ពស់។
លោក អ៊ុក សមវិទ្យា បានលើកឡើងដែរថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម Jaekap Lee និងគណៈប្រតិភូនៃអង្គភាព សុខុមាលភាពនិងសំណងគ្រោះថ្នាក់ការងារ នៃសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ការគាំទ្រលើគម្រោងជំនួយអភិវឌ្ឍន៍ផ្លូវការផ្នែកស្ដារនីតិសម្បទានៅកម្ពុជា ក្នុងការកសាងផែនការមេផ្នែកស្តារនីតិសម្បទារយៈពេល ៥ឆ្នាំ របស់ ប.ស.ស.»។
នាឱកាសនោះដែរ លោក អ៊ុក សមវិទ្យា ក៏បានស្នើសុំភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការលើការកសាងគ្លីនិកស្តារនីតិសម្បទាសម្រាប់ពិគ្រោះជំងឺក្រៅ (Outpatient Rehabilitation Clinic) មុននឹងឈានដល់ការកសាងមជ្ឈមណ្ឌលស្តារនីតិសម្បទារបស់ ប.ស.ស.។
កាលពីខែមិថុនា ឆ្នាំ២០២១ បេឡាជាតិរបបសន្តិសុខសង្គម បានចូលរួមមហាសន្និបាតលើកទី៥ នៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA) ត្រូវបានរៀបចំឡើងដោយ អង្គភាព COMWEL នៃសាធារណរដ្ឋកូរ៉េ និងជាប្រធានសមាគម AWCA ក្នុងអាណត្តិឆ្នាំ២០២០-២០២១។
សមាគមសំណង គ្រោះថ្នាក់ការងារអាស៊ី (Asian Workers’ Compensation Association, AWCA) ត្រូវបានបង្កើតឡើងដំបូង ក្នុងឆ្នាំ២០១២ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍសំណង គ្រោះថ្នាក់ការងារ ឬរបបធានារ៉ាប់រងគ្រោះថ្នាក់ការងារ នៅក្នុងបណ្តាប្រទេសជាសមាជិកទាំង១០ រួមមាន៖ ថៃ វៀតណាម ស្រីលង្កា សាធារណរដ្ឋកូរ៉េ ហ្វីលីពីន ម៉ុងហ្គោលី ម៉ាឡេស៊ី ឡាវ ឥណ្ឌូនេស៊ី និងកម្ពុជាផងដែរ៕