ភ្នំពេញៈ មូលនិធិគន្ធបុប្ផាកម្ពុជាទទួលបានថវិកាជាង ២ លានដុល្លារ ពីសប្បុរសជនជាង ២២ ម៉ឺននាក់ ក្នុងរយៈពេល ១ ខែ ក្រោយបិទបញ្ចប់យុទ្ធនាការ “១ ម៉ឺនរៀល ១ ម៉ឺននាក់” សម្រាប់កុមារកម្ពុជាដែលមន្ត្រីចាត់ទុកថា ជាយុទ្ធនាការដ៏សំខាន់មួយក្នុងចំណោមយុទ្ធនាការនានារបស់ខ្លួន ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសាធារណជន។
កាលពីថ្ងៃទី ២៩ ខែឧសភា មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសបើកយុទ្ធនាការ “១ ម៉ឺនរៀល ១ ម៉ឺននាក់” សម្រាប់កុមារកម្ពុជារយៈពេល ៣០ ថ្ងៃ ដោយចាប់ដំណើរការពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២៣ ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ ១ មិថុនា។
ក្រោយបិទបញ្ចប់យុទ្ធនាការនេះ មូលនិធិគន្ធបុប្ផាកម្ពុជា បានប្រកាសថា ក្នុងរយៈពេល១ខែនៃយុទ្ធនាការនេះ មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគចំនួនជាង២លានដុល្លារអាមេរិកពីសប្បុរសជនជាង២២ម៉ឺននាក់ទាំងការបរិច្ចាគដោយផ្ទាល់នៅមន្ទីរពេទ្យគន្ធបុប្ផា និងការបរិច្ចាគតាមបណ្ដាញធនាគារចល័តជាដៃគូរបស់មូលនិធិ។
មូលនិធិគន្ធបុប្ផាកម្ពុជា បានអះអាងថា៖«មូលនិធិគន្ធបុប្ផាកម្ពុជា ជាចន្ទល់ផ្នែកហិរញ្ញវត្ថុមួយសម្រាប់គាំទ្រមន្ទីរពេទ្យគន្ធបុប្ផាជាមួយចន្ទល់មួយទៀតគឺមូលនិធិគន្ធបុប្ផាស្វ៊ីស។ ដូច្នេះ ថវិកាដែលទទួលបានពីការបរិច្ចាគ មិនថាពីយុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” នេះ ឬពីការបរិច្ចាគនានានោះទេ ត្រូវបានដាក់នៅក្នុងពាងរួមមួយរបស់មូលនិធិ រួចធ្វើការផ្ទេរជូនមន្ទីរពេទ្យគន្ធបុប្ផាតាមតម្រូវការចាំបាច់»។
លោកចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី៤ កក្កដាថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់ គឺជាយុទ្ធនាការដ៏សំខាន់មួយក្នុងចំណោមយុទ្ធនាការនានារបស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានការចូលរួមយ៉ាងច្រើនកុះករពីសាធារណជន,ក្រសួង-ស្ថាប័នរដ្ឋ,គ្រឹះស្ថានឯកជន,សារព័ត៌មានជាតិ-អន្តរជាតិ,បុគ្គលមានប្រជាប្រិយជាច្រើន។
លោកបន្តថា មិនត្រឹមតែបានចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផា ក្នុងស្មារតី“ខ្មែរជួយខ្មែរ” ប៉ុណ្ណោះទេ ពួកគាត់ថែមទាំងបានចូលរួមផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយទៀតផង ដើម្បីរួមគ្នាផ្ដល់ភាពញញឹមដល់កុមារនៅកម្ពុជាតាមរយៈការរក្សាឱ្យខាងតែបាននូវនិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសនៅពេលដែលពួកគាត់មានជីវភាពប្រសើរឡើង។
លោកបានបញ្ជាក់ថា៖«ថវិកាបរិច្ចាគរបស់លោកអ្នកពិតជាមានតម្លៃខ្លាំងណាស់សម្រាប់ជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា។ ជាចុងក្រោយខ្ញុំថ្លែងអំណរគុណ និងអំពាវនាវដល់ពុកម៉ែបងប្អូនទាំងអស់ដែលជាសប្បុរសជន សូមបន្តចូលរួមជាមួយមូលនិធិគន្ធបប្ផាកម្ពុជាក្នុងស្មារតី “ខ្មែរជួយខ្មែរ”ទោះបីជាយុទ្ធនាការ“១ម៉ឺនរៀល១ម៉ឺននាក់”ត្រូវបានបិទបញ្ចប់ក៏ដោយ ព្រោះការពិនិត្យ និងព្យាបាលកុមារនៅមន្ទីរពេទ្យគន្ធបុប្ផានៅតែបន្ត»។
មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១៨ ហើយជាមូលនិធិ១ ក្នុងចំណោមមូលនិធិចំនួន ២ គឺមូលនិធិ Beat Richner ប្រទេសស្វ៊ីស ដែលមានតួនាទីក្នុងការកៀរគរការបរិច្ចាគពីសប្បុរសជន ដើម្បីរួមគ្នារក្សានិរន្តរភាពរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំង៥ទីតាំង ខណៈចំណាយជាមធ្យមប្រចាំសប្ដាហ៍អស់ប្រមាណ៨៤ម៉ឺនដុល្លារអាមេរិក ឬស្មើនឹងជាង៤០លានដុល្លារ ក្នុង១ឆ្នាំៗឯណោះ៕