កំពង់ធំៈ ក្រុមការងារគ្រប់គ្រងគម្រោងរេដបូកទំរីងសាងសង់ថ្នាលបណ្តុះកូនឈើមានទំហំ ៥០ ម៉ែត្រ គុណ ៥០ ម៉ែត្រ ដែលមានសមត្ថភាពបណ្តុះកូនឈើ ១ លានកូន ក្នុង ១ ឆ្នាំ។ ថ្នាលបណ្តុះកូនឈើនេះស្ថិតនៅក្នុងស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរដៃជ្រៃ ដែលជាផ្នែកមួយ នៃតំបន់គម្រោងរេដបូកទំរីង ក្នុងខេត្តកំពង់ធំ។
លោក តឹប ញ៉ាតា អនុប្រធានស្ថានីយប្រចាំការក្នុងខេត្តកំពង់ធំ និងជានាយអធិការ នៃអធិការដ្ឋានរដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប បានឱ្យដឹងនៅថ្ងៃទី ៤ ខែមិថុនាថា កូនឈើដែលបណ្តុះចេញពីថ្នាលនេះនឹងយកទៅដាំស្តារឡើងវិញនៅលើដីដែលត្រូវបានកាប់រានកន្លងទៅ និងបម្រើឱ្យការស្តារព្រៃឈើឡើងវិញនៅក្នុងតំបន់។
លោកប្រាប់ថា ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរដៃជ្រៃ ទើបបង្កើតឡើងជាក្នុងឆ្នាំ ២០២៣ នេះ ក្នុងទំហំ ៣៥០ ហិកតា ហើយកូនឈើដែលបណ្តុះបានក្នុងថ្នាលបណ្តុះកូនឈើនេះនឹងផ្តល់ជូនទៅតាមសហគមន៍នានាដែលត្រូវការដាំដុះនៅគ្រប់តំបន់គ្រប់កន្លែងក្នុងប្រទេសកម្ពុជា ដែលស្នើសុំមកកាន់ស្ថានីយ។
លោកបញ្ជាក់ថា «ថ្នាលបណ្តុះកូនឈើនៅក្នុងស្ថានីយផ្សព្វផ្សាយ ១ នេះ ផ្តល់ហិរញ្ញប្បទានដោយគម្រោងរេដបូកទំរីង ហើយទៅថ្ងៃមុខ និងត្រូវបង្កើតឡើងបន្ថែមទៀតជាបន្តបន្ទាប់ នៅពេលមានការផ្តល់ហិរញ្ញប្បទានបន្ថែម»។
លោកបានឱ្យដឹងទៀតថា ក្នុងរយៈពេលប្រមាណ ២ ខែ គិតត្រឹមថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣ ថ្នាលបណ្តុះកូនឈើនេះបានរៀបចំសាងសង់ស្ទើរតែរួចរាល់ហើយ។ ការសាងសង់ថ្នាលបណ្តុះកូនឈើនេះធ្វើឡើងដើម្បីបណ្តុះកូនឈើ សម្រាប់ដាំដុះឱ្យទាន់រដូវវស្សាឆ្នាំនេះ ប៉ុន្តែការបណ្តុះកូនឈើរយៈពេលខ្លី [កូនឈើនាំចូល]ថ្នាលនេះបណ្តុះមិនទាន់ពេលវេលាទេ។ យ៉ាងណាក៏ដោយ ថ្នាលនេះអាចដាក់បណ្តុះកូនឈើក្នុងស្រុក[កូនឈើដែលមិននាំចូល]បានសម្រាប់ទុកដាំនៅឆ្នាំក្រោយ។
លោក តឹប ញ៉ាតា លើកឡើងថា ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរដៃជ្រៃនេះបង្កើតឡើងនៅតំបន់ព្រៃរេចរឹល ដែលមានការកាប់រាន ហើយរដ្ឋបានដកហូតមករក្សាទុកជាសម្បត្តិរដ្ឋវិញ។ ការស្តារព្រៃឈើឡើងវិញនេះទី១ធ្វើឡើងទៅតាមលទ្ធភាពរបស់អាជ្ញាធរក្នុងខេត្ត ទី២ ធ្វើឡើងតាមរយៈគម្រោងថវិកាឧបត្ថម្ភក្នុងការដាំស្តារ និងទី៣ ជាគោលការណ៍របស់រាជរដ្ឋាភិបាល គឺបើកឱកាសដល់វិស័យឯកជនដែលស្រឡាញ់បរិស្ថានព្រៃឈើចូលរួមស្តារ។
លោកថ្លែងថា៖«ក្នុងនាមមន្ត្រីជំនាញយើងចង់ឱ្យមានការស្តារព្រៃឈើឡើងវិញ ដើម្បីបំពេញបន្ថែមនូវផ្ទៃដីដែលបានបាត់បង់ តែទោះជាយ៉ាងណា យើងធ្វើទៅតាមកម្រិតលទ្ធភាពដែលយើងធ្វើបាន»។
លោកបញ្ជាក់ថា ការចូលរួមដាំស្តារព្រៃឈើ គឺជាការបង្កើតឱ្យមានគម្របព្រៃឈើបៃតងឡើងវិញ ស្របតាមច្បាប់ស្តីពីព្រៃឈើ។ យ៉ាងណាក្តីការងារនេះក៏ចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ និងអភិរក្សជីវចម្រុះផងដែរ។
ឯកសារស្រាវជ្រាវការកំណត់ចំណាំស្តីពីការគ្រប់គ្រងការបណ្តុះកូនឈើសម្រាប់សហគមន៍មូលដ្ឋាន បានឱ្យដឹងថា មានតែនៅថ្នាលប៉ុណ្ណោះទេ ទើបអ្នកបច្ចេកទេសដាំដុះកូនឈើ អាចអនុវត្តបច្ចេកទេស បណ្តុះកូនឈើបានរឹងមាំល្អ ។ ជាទូទៅដោយផ្អែកលើផ្នែកសេដ្ឋកិច្ច នៅចម្ការដាំដុះព្រៃឈើ ដីចម្ការតែងតែទទួលការរៀបចំ ការដាក់ជី និងការថែទាំជាអប្បបរមា ។
ភាគច្រើននៅថ្នាលបណ្តុះកូនឈើ ផ្តល់នូវកូនឈើតាមកម្មវិធីច្បាស់លាស់ ដូច្នេះហើយកូនឈើបណ្តុះ ត្រូវតែជាប្រភេទឈើត្រូវនឹងបំណងរបស់អ្នកដាំ និងមានអាយុត្រឹមត្រូវតាមកាលបរិច្ឆេទ ជាពិសេសដល់អាយុដាំនៅដើមរដូវភ្លៀង៕