ភ្នំពេញៈ កម្ពុជាហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុនមេតា (Meta) ចំនួន ២២ នាក់ មិនឱ្យមានវត្ដមាននៅកម្ពុជាហើយ «ត្រូវ» ចាកចេញពីកម្ពុជាក្នុងរយៈពេល ៤៨ ម៉ោង។
សេចក្តីថ្លែងការណ៍ក្រសួងការបរទេសកម្ពុជាបញ្ជាក់នៅថ្ងៃទី ៤ ខែកក្កដាថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ឱ្យផ្អាកជាបណ្ដោះអាសន្នចំពោះគណនីហ្វេសប៊ុក (Facebook) របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានលក្ខណៈនយោបាយ។
សេចក្តីថ្លែងការណ៍បន្តថា អនុសាសន៍នេះមានចេតនា រារាំង សេរីភាពសារព័ត៌មានរបស់ប្រជាពលរដ្ឋកម្ពុជា និងសិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មានពិតពីថ្នាក់ដឹកនាំដែលពួកគេគាំទ្រ និងពេញចិត្ត។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា ក្នុងស្មារតីនៃការអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រកាន់ខ្ជាប់នូវគោលការណ៍អធិបតេយ្យភាព និងដើម្បីទប់ស្កាត់ការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសសមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនៃក្រុមហ៊ុន Meta ដែលមានរាយនាមចំនួន ២២ នាក់ ជាបុគ្គលដែលមិនអាចទទួលយកបាន។
សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ «បុគ្គលដូចមានរាយនាមខាងលើត្រូវបានហាមឃាត់មិនឱ្យចូលឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពួកគេត្រូវចាកចេញពីទឹកដីកម្ពុជាក្នុងរយៈពេល ៤៨ ម៉ោង គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីថ្លែងការណ៍នេះនៅម៉ោង ១៦:០០ ថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២៣»។
លោកហ៊ុន សែន បានបញ្ចេញសារជាសំឡេងកាលពីយប់ថ្ងៃទី ៣០ ខែមិថុនា ដោយបញ្ជាក់ថា លោកនឹងមិនបិទបណ្តាញសង្គមហ្វេសប៊ុក ដែលប្រជាជនកំពុងប្រើប្រាស់នោះទេ ព្រោះនេះជាតម្រូវការរបស់ប្រជាជន ដោយលោកគ្រាន់តែបិទហ្វេសប៊ុកផ្ទាល់ខ្លួន ប៉ុណ្ណោះ។
លោកថា៖ «ខ្ញុំមិនល្ងង់រហូតទៅដល់បិទហ្វេសប៊ុកដែលប្រជាជនមានតម្រូវការទំនាក់ទំនងហើយទទួលយកនូវព័ត៌មាននេះ។ សម្រាប់ខ្ញុំបិទចោលហ្វេសប៊ុកខ្លួនឯង អ៊ីចឹង!តើក្រុមហ៊ុន ហ្វេសប៊ុក មានអ្វីត្រូវពិចារណាតើគួរព្យួរហ្វេសប៊ុករបស់ ហ៊ុន សែន ឬមិនព្យួរ តើមានអ្វីដែលត្រូវជជែកគ្នាពីការព្យួរឬមិនព្យួរ?»។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ហេតុផលដែលលោកបិទហ្វេសប៊ុកផ្ទាល់ខ្លួននេះ គឺដោយសារម្ខាងមានគណនីក្លែងក្លាយច្រើន ម្ខាងទៀតត្រូវការពារជាប្រចាំខ្លាចក្រុម Hacker ចូល ឯម្ខាងទៀតមានបញ្ហាចម្រូងចម្រាសលើបញ្ហាខ្លះ ដែលមានចរិតជានយោបាយ។
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី ៣០ ខែមិថុនា បានសម្រេចបណ្តេញតំណាងក្រុមហ៊ុនហ្វេសប៊ុកចេញពីកម្ពុជា និងបញ្ឈប់រាល់សកម្មភាពដូចជា ភាពជាតំណាងរបស់ក្រុមហ៊ុនទំនាក់ទំនងជាមួយរាជរដ្ឋាភិបាល និងកិច្ចសហការដៃគូក្នុងវិស័យឯកជននៅកម្ពុជា។
ក្រសួងបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រសួងពិនិត្យឃើញភាពមិនប្រក្រតីនៃសេវារបស់ក្រុមហ៊ុនហ្វេសប៊ុកសម្រាប់អ្នកប្រើប្រាស់នៅកម្ពុជា ដូចជា ការបង្កើតគណនីក្លែងបន្លំ ហានិភ័យលើទិន្នន័យឯកជន ការប្រើប្រាស់និងការប្រមូលទិន្នន័យឯកជន ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ កង្វះគណនេយ្យភាព និងតម្លាភាព និងការជ្រៀតជ្រែកចូលកិច្ចការនយោបាយរបស់ប្រទេសជាអាទិ៍៕