ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលស្គាល់ជាផ្លូវការនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយដែលមានសរុបចំនួន ៥៧ ០១២ នាក់ ក្នុងនោះស្ត្រីមានចំនួន ១៦ ៦២៤ នាក់ សម្រាប់សង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប នៅថ្ងៃទី ៣ ខែកក្កដា ឱ្យដឹងថា គណបក្សនយោបាយទាំង ១៨ ដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នេះ មានតែគណបក្សប្រជាជនកម្ពុជាមួយ ប៉ុណ្ណោះដែលបានដាក់ភ្នាក់ងារគ្រប់ការិយាល័យបោះឆ្នោត ហើយគណបក្សហ្វ៊ុនស៊ិនប៉ិចស្ថិតនៅលើចំណាត់ថ្នាក់បន្ទាប់ ខណៈគណបក្ស ១៦ ផ្សេងទៀតមិនបានដាក់ភ្នាក់ងារគ្រប់ការិយាល័យទេដោយអាស្រ័យលើលទ្ធភាពគណបក្សទាំងនោះ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប នៅថ្ងៃទី ៤ ខែកក្កដា បានឱ្យដឹងថា តាមប្រតិទិនរបស់គ.ជ.ប បានទទួលចុះឈ្មោះភ្នាក់ងារគណបក្ស នយោបាយចាប់ពីថ្ងៃទី ១៤ រហូតដល់ថ្ងៃទី ២០ ខែមិថុនាឆ្នាំ ២០២៣ ក្នុងនោះគ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការភ្នាក់ងាររបស់គណបក្សនយោបាយសរុបទាំងពេញសិទ្ធិ និងបម្រុងចំនួន ៥៧ ០១២ នាក់។
លោកបានបញ្ជាក់ថា៖ «តួនាទីរបស់ភ្នាក់ងារគណបក្សនយោបាយសម្រាប់សង្កេតការណ៍បោះឆ្នោតនេះ ខុសពីភ្នាក់ងារអ្នកសង្កេតការណ៍។ អ្នកសង្កេតការណ៍មានតួនាទីប្រើប្រាស់ភ្នែកសម្លឹងមើល ត្រចៀកសម្រាប់ស្តាប់ និងដៃសម្រាប់កត់ត្រារាល់សកម្មភាពនានា និងមិនមានយោបល់ក្នុងការិយាល័យបោះឆ្នោតនោះទេ រីឯភ្នាក់ងារអ្នកសង្កេតការណ៍គណបក្សនយោបាយមានសិទ្ធិដូចអ្នកសង្កេតការណ៍ដែរ ប៉ុន្តែថែមសិទ្ធិតែមួយទៀតគឺការនិយាយស្តី និងការប្តឹងតវ៉ាជំទាស់ទៅនឹងការសម្រេចរបស់ប្រធានការិយាល័យបោះឆ្នោត»។
លោក ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ចំពោះគណបក្សនយោបាយមួយចំនួនដែលមិនបានដាក់ភ្នាក់ងាររបស់ខ្លួននៅគ្រប់ការិយាល័យបោះឆ្នោតមិនមែនជាបញ្ហានោះទេ ព្រោះបើពិនិត្យទៅលើទិដ្ឋភាពច្បាប់គឺគណបក្សនយោបាយដែលបានចូលរួមការបោះឆ្នោតនេះអាច ឬមិនអាចដាក់ភ្នាក់ងាររបស់ខ្លួនដើម្បីសង្កេតមើលក្នុងដំណើរការបោះឆ្នោតបាន។ ដូច្នេះពាក្យថា អាចនេះមានន័យថា ដាក់ក៏បាន និងមិនដាក់ក៏បាន ពីព្រោះនៅក្នុងការបោះឆ្នោតមានមន្ត្រីជំនាញទទួលបន្ទុករបស់គ.ជ.ប រហូតដល់ ៦ នាក់ក្នុង ១ ការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
លោកបានថ្លែងថា៖ «នៅក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធមានគណបក្សមួយបានអះអាងថា មិនដាក់ភ្នាក់ងារគណបក្សរបស់ខ្លួនទេដោយទុកចិត្តលើគ.ជ.ប។អ៊ីចឹង!ការដាក់ ឬមិនដាក់អាស្រ័យលើការសម្រេចចិត្តផ្ទាល់របស់គណបក្សនោះប៉ុណ្ណោះ។ប៉ុន្តែការដាក់ភ្នាក់ងារហ្នឹងទៀតសោតលុះត្រាតែគណបក្សនយោបាយនោះត្រូវបានទទួលស្គាល់ជាផ្លូវការថា ជាគណបក្សក្នុងមណ្ឌលដែលមានការប្រកួតប្រជែងទើបអាចដាក់ភ្នាក់ងារបាន ព្រោះភ្នាក់ងារជាតំណាងឱ្យគណបក្ស»។
ជុំវិញបញ្ហានេះ លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិកក៏បានឱ្យដឹងដែរថា តាមរយៈតួលេខដែលបានចេញផ្សាយរបស់គ.ជ.ប ភ្នាក់ងារគណបក្សនយោបាយសម្រាប់ការសង្កេតការណ៍បោះឆ្នោតឆ្នាំនេះ ភាគច្រើនគឺគណបក្សប្រជាជនកម្ពុជាបានដាក់ច្រើនជាងគេ និងគ្រប់ការិយាល័យបោះឆ្នោត ខណៈគណបក្សផ្សេងទៀតដែលបានចូលរួមការបោះឆ្នោតមិនបានដាក់គ្រប់ការិយាល័យទេគឺដាក់តែនៅតាមមណ្ឌលខ្លួនឈរឈ្មោះប៉ុណ្ណោះ។
លោកបានបន្តថា គណបក្សនយោបាយខ្លះដែលមិនបានដាក់ភ្នាក់ងារនៅគ្រប់ការិយាល័យបោះឆ្នោតនេះអាស្រ័យលើលទ្ធភាព និងធនធានថវិការបស់គេ។លោកសំ គន្ធាមី បញ្ជាក់ថា៖ «យើងអត់មានការគ្រប់គ្រងការចំណាយថវិការបស់គណបក្សនយោបាយទេ គណបក្សខ្លះគេមានលុយគេចាយទៅលើការឃោសនា និងដាក់ភ្នាក់ងារច្រើន រីឯគណបក្សខ្លះដែលអត់មានលុយសូម្បីតែលុយជួលម៉ូតូកង់៣ហែក្បួនមិនមានផងមិនចាំបាច់និយាយដល់ជួលឡានឬដាក់ភ្នាក់ងារច្រើននោះទេ។ អ៊ីចឹង!គណបក្សខ្លះអត់លុយជួយថ្លៃបាយដល់សមាជិកផងហ្នឹង»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ នៅថ្ងៃទី ៤ ខែកក្កដា។ ដោយឡែកលោកញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៊ិនប៉ិចបានប្រាប់ថា គណបក្សរបស់លោកមិនបានដាក់ភ្នាក់ងារគ្រប់ការិយាល័យបោះឆ្នោតទេ ព្រោះគណបក្សបានដាក់បេក្ខជនឈរឈ្មោះបានត្រឹមតែ ១៨ មណ្ឌលរាជធានី-ខេត្តប៉ុណ្ណោះ ក្នុងចំណោម ២៥ មណ្ឌល និងការិយាល័យបោះឆ្នោត ចំនួន ២៣ ៧៨៩។
ទោះជាយ៉ាងណាលោកបញ្ជាក់ដែរថា សម្រាប់អាណត្តិនេះ ខុសប្លែកពីអាណត្តិមុន ដោយសារគណបក្សលោកបានអំពាវនាវដល់សមាជិក-សមាជិកាចូលរួមដោយសេរី និងតាមការស្ម័គ្រចិត្តសម្រាប់សង្កេតការណ៍បោះឆ្នោតនេះ។
លោក ញឿន រ៉ាដែន បានថ្លែងថា៖ «តាមការចេញផ្សាយរបស់គ.ជ.ប គណបក្សហ្វ៊ុនស៊ិនប៉ិចមានភ្នាក់ងារជាង ៥ ពាន់នាក់ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជាដែលមានភា្នក់ងារច្រើននិងគ្រប់ការិយាល័យបោះឆ្នោត។
ការដាក់ភ្នាក់ងារមិនគ្រប់ការិយាល័យបោះឆ្នោតនេះ យើងក៏មានការព្រួយបារម្ភតិចតួចដែរ ប៉ុន្តែយើងមានជំនឿលើគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងអង្គការសង្គមស៊ីវិលដែលដើរតួយ៉ាងសំខាន់ក្នុងការឃ្លាំមើលការបោះឆ្នោតនឹងធ្វើការដោយសុក្រឹតភាព»៕