ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមអនុវត្តជា ផ្លូវការនូវការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្ត្រីរាជការ ជាស្ត្រី និងស្ត្រីនៃគ្រួសារដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះរហូតដល់កូនអាយុ ២ ឆ្នាំដែលការអនុវត្តនឹងចាប់ផ្តើមពីថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២៣ តទៅ។
រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់តាមរយៈសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ៤ ខែកក្កដា ដោយបានលើកឡើងថា ការបង្កើនប្រាក់ឧបត្ថម្ភនេះ ក្នុងគោលបំណងចូលរួមលើកកម្ពស់សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែកដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ ឆ្នាំ និងជំរុញការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត។
សេចក្តីប្រកាសព័ត៌មានបានបន្តថា ការដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូច គឺបានធ្វើឡើងតាមរយៈកម្មវិធីមួយចំនួនរួមមាន៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ដែលជាកម្មវិធីជាតិ ជំនួយសង្គមដំបូងគេ, កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករ-និយោជិតជាស្ត្រីនៅពេលសម្រាលកូន និងការផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីដែលសម្រាលកូន។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ដើម្បីបន្តគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាបន្ថែមទៀត ឱ្យស្របតាមគោលនយោបាយជាតិគាំពារសង្គម, រាជរដ្ឋាភិបាលសម្រេចដំឡើងកម្រិត និងផ្ដល់ការឧបត្ថម្ភបន្ថែម ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌, កម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស. និងមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យាជាស្ត្រី ក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល រហូតដល់កូនអាយុ ២ ឆ្នាំនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ»។
បើតាមសេចក្តីប្រកាសបានបញ្ជាក់ដែរថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំនេះ គឺបានដំឡើងកម្រិតប្រាក់ឧបត្ថម្ភទ្វេដង សម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល, ការសម្រាលកូន ១ និងគិតគូរបន្ថែម សម្រាប់ករណីកូនភ្លោះ និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់កូនមានអាយុ ២ ឆ្នាំ។
ដោយក្នុងនោះ ចំពោះការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមជូនកម្មករនិយោជិតជាស្ត្រីដែលជាសមាជិក ប.ស.ស ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ ឆ្នាំ និងដែលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាល សាធារណៈ ដូចជា៖ ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ ដង និងការពិនិត្យសុខភាពក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ ឆ្នាំ ចំនួន ១០ ដង ដូចការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និងដំឡើងប្រាក់ឧបត្ថម្ភទ្វេដង សម្រាប់ការសម្រាលកូន ១ និងគិតគូរបន្ថែមសម្រាប់ករណីកូនភ្លោះ។
ដោយឡែក ចំពោះការផ្តល់ប្រាក់ឧបត្ថម្ភមាតុភាពបន្ថែមជូនមន្ត្រីរាជការ មន្ត្រីកម្មសិក្សា និងមន្ត្រីជាប់កិច្ចសន្យា ជាស្ត្រីក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ ឆ្នាំ ដែលប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលសាធារណៈ គឺផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការពិនិត្យផ្ទៃពោះមុនសម្រាល ចំនួន ៤ ដង និងការពិនិត្យសុខភាព ក្រោយសម្រាល និងយកកូនទៅទទួលថ្នាំបង្ការ រហូតដល់អាយុ ២ ឆ្នាំ ចំនួន ១០ ដង។ ការអនុវត្តនេះ គឺដូចនឹងការផ្តល់ជូនស្ត្រីនៃគ្រួសារមានបណ្ណសមធម៌ដែរ, និងផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាលកូន និងករណីកូនភ្លោះ ដូចការផ្តល់ជូន កម្មករនិយោជិត ជាស្ត្រីដែលជាសមាជិក ប.ស.ស ដែរ។
ពាក់ព័ន្ធនឹងរឿងនេះដែរ លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅថ្ងៃទី ៤ ខែកក្កដា បានថ្លែងដោយសាទរចំពោះការផ្តល់អត្ថប្រយោជន៍ និងការគិតគូរផ្សេងៗដល់ស្ត្រីមានផ្ទៃពោះ ខណៈលោកថា កម្មវិធីនេះគួរតែមានជាយូរមកហើយ នឹងគួរតែបន្តមានជារៀងរហូត ហើយសង្ឃឹមថា នឹងមិនមែនមានតែរយៈពេលខ្លីនោះឡើយ។
ទន្ទឹមគ្នានេះ លោកប្រធានសហភាពការងារកម្ពុជា ក៏បានបង្ហាញក្តីបារម្ភចំពោះស្ថានភាពការងារស្ត្រីកម្មករនិយោជិតមួយចំនួន ដែលមានផ្ទៃពោះ នៅតែមានការរើសអើស ឬត្រូវបានក្រុមហ៊ុន ឬរោងចក្របញ្ឈប់ការងារនៅអំឡុងផ្តល់អត្ថប្រយោជន៍នេះ។
លោក អាត់ ធន បានបញ្ជាក់ថា៖ «ហេតុនេះ ខ្ញុំសូមស្នើសុំឱ្យក្រសួងពាក់ព័ន្ធ ចុះពិនិត្យ និងតាមដានពីស្ថានភាពការងារស្ត្រីទាំងនោះ ដើម្បីធានាថា ពួកគាត់ពិតជាអាចទទួលបានអត្ថប្រយោជន៍ទាំងនេះ»៕