ភ្នំពេញៈ នាឱកាសអបអរទិវាមច្ឆជាតិ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសប្រជានេសាទឱ្យចូលរួមអនុវត្តច្បាប់ឱ្យបានគ្រប់ៗគ្នា ការពារ និងអភិរក្សប្រភេទត្រីកម្រៗនៅកម្ពុជាខណៈដែលរដូវនេះជារដូវបិទនេសាទផងនោះ និងមិនត្រូវធ្វើនេសាទដែលវាអាចធ្វើឱ្យប៉ះពាល់ដល់ត្រីពងកូនឡើយ។
លោក នេត្រ ភក្ត្រា បានថ្លែងនៅថ្ងៃទី ៤ ខែកក្កដាថា កន្លងទៅនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមជាមួយក្រសួងបរិស្ថាន និងអង្គការដៃគូនានា បានធ្វើការរួមគ្នាច្រើន លើការងារការពារ និងអភិរក្សមច្ឆជាតិនេះ ដោយបានលែងប្រភេទត្រីកម្រៗមួយចំនួន ចូលទៅទន្លេមេគង្គ ដើម្បីរក្សាត្រីកម្រ និងឱ្យវាបន្តពូជបង្កើតកូនចៅ រួមនឹងការអភិរក្សជីវចម្រុះផ្សេងទៀតឱ្យមាននិរន្តរភាពផងដែរ។
លោកថ្លែងថា៖ «កន្លងទៅប្រភេទត្រីកម្រ យើងបានលែងត្រីគល់រាំង ត្រីរាជ ដើម្បីឱ្យវាបន្តពូជ និងបង្កើតកូនបន្តទៀត ពេលនោះបរិស្ថានត្រីកម្រៗក្នុងធម្មជាតិ នឹងមានកំណើនឡើងវិញ»។ ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏បានអំពាវនាវផងដែរ ដល់ប្រជាពលរដ្ឋ ឱ្យចូលរួមថែរក្សា និងអភិរក្សព្រៃលិចទឹក ដើម្បីជាជម្រកដល់ត្រីសម្រាប់ពងកូនហើយសម្រាប់ ប្រជាពលរដ្ឋដែលបរិភោគត្រី សូមកុំទិញត្រីដែលជាប្រភេទត្រីកម្រ ដោយត្រូវចូលរួមការពារអភិរក្សសត្វត្រីឱ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។
ជាមួយគ្នានោះដែរ លោក ម៉ក់សុធារិទ្ធ អ្នកស្រាវជ្រាវ នៃមជ្ឈមណ្ឌលត្រីពិភពលោកបានថ្លែងថា ត្រីជាអាហារសំខាន់ណាស់សម្រាប់មនុស្សជាតិ ជាពិសេសពលរដ្ឋកម្ពុជា ដែលនិយមការទទួលទានត្រីស្ទើរគ្រប់គ្នា ប៉ុន្តែនៅពេលដែលមានតែការទទួលទានត្រីតែមិនមានការថែទាំធនធាននោះជារឿងគួរឱ្យព្រួយបារម្ភ។
លោកបន្ថែមថា ការថែទាំតំបន់ជម្រកត្រីពងកូន ជារឿងចាំបាច់ ដោយត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ខណៈដែលកន្លងទៅមន្ត្រីជំនាញរបស់រដ្ឋាភិបាល ធ្វើបានល្អច្រើនហើយ លើការងារនេះ ប៉ុន្តែទាមទារឱ្យមានកិច្ចសហការល្អពីប្រជានេសាទផងដែរ ទើបការងារទទួលបានប្រសិទ្ធភាពនិងប្រសិទ្ធផល។
លោកថា៖ «បច្ចុប្បន្ននេះ យើងសង្កេតឃើញថាធនធានត្រីរបស់យើងហាក់ថមថយបន្តិចដោយសារតែការយល់ដឹងរបស់ពលរដ្ឋដែលជាអ្នកនេសាទនិងអ្នកបរិភោគនៅមានកម្រិត។ យើងត្រូវចូលរួមបន្តទៀតក្នុងការថែរក្សា ទន្លេ ស្ទឹង បឹងបួ ធម្មជាតិនានា ឱ្យបានល្អ ទាំងការអភិរក្សព្រៃលិចទឹក និងកុំនេសាទនៅរដូវបិទនេសាទជាដើម»។
លោកបន្តថាតួអង្គសំខាន់ជាងគេ ក្នុងការថែរក្សា អភិរក្សត្រីកម្រ និងធនធានជីវចម្រុះនេះ គឺសហគមន៍នេសាទ និងសហគមន៍ការពារ ជាអ្នកដែលនៅកៀកនឹងជីវចម្រុះក៏ដូចជាត្រីទាំងនោះ ដែលជារឿងសំខាន់ណាស់ ដែលរាជរដ្ឋាភិបាលនិងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា គួរ មានការលើកទឹកចិត្តបន្ថែម តាមរយៈការរៀបចំច្បាប់យន្តការនានា ការបណ្តុះបណ្តាល និងផ្តល់ជំនួយគាំទ្រជាដើម ដើម្បីឱ្យការងារនេះកាន់តែរលូន។
គួររំឭកដែរថា នៅដើមឆ្នាំ ២០២៣ រដ្ឋាភិបាល និងគម្រោងអច្ឆរិយមេគង្គ បានលែងត្រីប្រភេទកម្រ ចូលក្នុងទន្លេមេគង្គ និងទន្លេសាបជាង ៥ ពាន់ក្បាល ដើម្បីទុកឱ្យវាបានបន្តពូជនិងអាចបង្កើនចំនួនត្រីកម្រ។ ត្រីប្រភេទកម្រជាច្រើនប្រភេទដែលត្រូវបានលែងនោះរួមមាន ត្រីរាជធំ ២ ក្បាល ត្រីគល់រាំង និងត្រីប្រាធំ សរុបចំនួន ៥ ០០២ ក្បាល។
សូមជម្រាបថា ប្រភេទត្រីធំៗទាំងនោះមានដូចជា ត្រីរាជ ត្រីគល់រាំង ត្រីប្រាធំ ពោព្រុយ និងត្រីត្រសក់ដែលជាប្រភេទត្រីជិតផុតពូជ បានចាប់ផ្តើមបំផ្លាស់ទីចេញពីបឹងទន្លេសាប នាចុងខែតុលារហូតដល់ខែធ្នូ ដោយឆ្លងកាត់ទន្លេសាប រួចឆ្ពោះទៅកាន់អន្លង់ជ្រៅៗតាមបណ្តោយដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម ក្រចេះ និងស្ទឹងត្រែង៕