ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើក «យុទ្ធនាការគាំទ្រការអប់រំឌីជីថល សម្រាប់សិស្សានុសិស្សនៅគ្រឹះស្ថានមធ្យមសិក្សា រាជធានីភ្នំពេញ» ចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២០ កក្កដា នៅតាមវិទ្យាល័យរដ្ឋទាំងអស់នៅភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចេញផ្សាយថ្ងៃទី ៤ កក្កដាឱ្យដឹងថា យុទ្ធនាការនេះធ្វើឡើង ក្នុងគោលដៅលើកកម្ពស់លទ្ធផលនៃការសិក្សារបស់សិស្សឱ្យបានកាន់តែប្រសើរ និងប្រកបដោយគុណភាពក្នុងយុគសម័យឌីជីថល។ យុទ្ធនាការនេះនឹងត្រូវអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់ការអប់រំឌីជីថល និងការអប់រំពីចម្ងាយ ដោយមានកិច្ចសហការពីវិទ្យាស្ថានជាតិអប់រំ វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ និងមន្ទីរអប់រំ រាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «តាមរយៈយុទ្ធនាការនេះ គរុនិស្សិតនៃវិទ្យាស្ថានជាតិអប់រំ និងគរុសិស្សនៃវិទ្យាស្ថានគរុកោសល្យ រាជធានីភ្នំពេញ នឹងផ្ដល់ជូនដល់សិស្សានុសិស្សពីថ្នាក់ទី១០ ដល់ថ្នាក់ទី១២ ដោយផ្តល់ការបណ្តុះបណ្តាលនៅតាមថ្នាក់រៀននីមួយៗដោយផ្ទាល់ លើប្រធានបទចំនួន៦»។ ប្រធានបទសំខាន់ទាំង ៦ នោះរួមមានទី១ ការស្វែងយល់ពីវិធីសាស្ត្ររៀន ទី២ ការរៀនដោយស៊ីជម្រៅ ដោយប្រើប្រាស់ធនធានសិក្សាចម្រុះ។
ទី៣ ការរៀនតាមបែបពន្លឿន សម្រាប់សិស្សដែលរៀនយឺតឬពុំសូវយល់ច្បាស់លើមេរៀន។ ទី៤ ការបង្កើតក្លិបសិក្សាសម្រាប់សិស្សរៀនយឺត ទី៥ ការបំប៉នសមត្ថភាពត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងទី៦ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ Duraseksa ដោយសិស្សអាចទទួលបានធនធានសិក្សា ដែលមានលក្ខណៈពេញលេញ ចម្រុះ និងសម្បូរបែប។
លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ រាជធានីភ្នំពេញឱ្យដឹងថា យុទ្ធនាការនេះនឹងត្រូវអនុវត្តនៅតាមគ្រឹះស្ថានមធ្យមសិក្សារដ្ឋចំនួន ៣៨ នៅភ្នំពេញហើយសិស្សជាង ៤០ ពាន់នាក់ ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាទុតិយភូមិ នឹងទទួលការបណ្តុះបណ្តាលដោយគរុនិស្សិត និងគរុសិស្សស្ម័គ្រចិត្តចំនួន ៣៦៧ នាក់ ដែលត្រូវចុះផ្ទាល់ទៅកាន់ថ្នាក់រៀន ជិត ១ ០០០ បន្ទប់។
លោកថា បន្ទាប់ពីទទួលបានលិខិតប្រកាសព័ត៌មាន របស់ក្រសួងអប់រំ លោកបានផ្ញើបន្តតាមរយៈបណ្តាញទំនាក់ទំនងតេឡេក្រាមទៅមន្ត្រីដើម្បីផ្សព្វផ្សាយទៅគ្រឹះស្ថានមធ្យមសិក្សា ទាំងរដ្ឋ និងឯកជន។ «ឥឡូវយើងឱ្យតាមសាលាគាត់ត្រៀមសហការ ត្រៀមអនុវត្ត។ នៅថ្ងៃ ១១ កក្កដា ទើបយើងអញ្ជើញពួកគាត់មកប្រជុំ ហើយមានក្រុមការងារជំនាញដែលមានគ្រូ មានគរុនិស្សិត និងមន្ត្រីជំនាញចុះទៅជាមួយចាប់ពីថ្ងៃទី ១៣ កក្កដា»៕