ភ្នំពេញៈ តាំងពីដឹងក្តីពេលណាមក លោក ចាប តូ តែងតែគិតថា នឹងមើលអ្វីៗឃើញដូចក្មេងដទៃទៀតដែរ តែភ្នែកទាំងគូបែរជាងងឹតទៅវិញ។ ទោះយ៉ាងណា ការរស់នៅក្នុងសភាពងងឹតបែបនេះមិនបានធ្វើឱ្យកុមារា ចាប តូ បាក់ទឹកចិត្តឡើយ។ ផ្ទុយទៅវិញ កាន់តែជំរុញទឹកចិត្តលោកឱ្យតស៊ូរៀនសូត្ររហូតទទួលបានតំណែងជាអនុរដ្ឋលេខាធិការមួយរូបនាពេលបច្ចុប្បន្ន។
ស្ថិតក្នុងសភាពអាវធំពណ៌ខ្មៅជាមួយក្រវាត់ក និងខោពណ៌ខ្មៅដែលភ្នែកខាងស្តាំបិទជិតហាក់កម្រើកមិនបាន ហើយភ្នែកម្ខាងទៀតអាចប៉ប្រិចបានក្នុងកាយវិការកំពុងឱនធ្វើគារវកិច្ចនៅចំពោះព្រះភក្ដ្រសម្តេចម៉ែ នោះហើយគឺជារូបលោក ចាប តូ អាយុ៣០ឆ្នាំដែលបានបង្ហាញនៅក្នុងរូបថតពេលលោកចូលគាល់សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ។
លោកគឺជាជនពិការភ្នែកម្នាក់ ហើយក៏ជាជនមានពិការភាពលើកដំបូងគេនៅកម្ពុជាដែលត្រូវបានព្រះមហាក្សត្រតាមរយៈការក្រាបបង្គំទូលថ្វាយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន តែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។
លោក ចាប តូ បានឱ្យ ភ្នំពេញ ប៉ុស្តិ៍ ដឹងថា លោកមានស្រុកកំណើតនៅភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង និងមានបងប្អូន ៤ នាក់ (ស្រី ២ នាក់) ហើយលោកជាកូនទី៣ តែក្នុងចំណោមបងប្អូនទាំង ៤ នាក់គឺមានតែលោកម្នាក់គត់ដែលពិការភ្នែកទាំងសងខាងពីកំណើត។
លោកត្រូវបានឪពុកម្តាយបញ្ជូនឱ្យរៀននៅសាលាបឋមសិក្សាព្រៃទុប ក្នុងសង្កាត់ច្រកម្ទេស ក្រុងស្វាយរៀង។ បន្ទាប់មកលោកផ្លាស់ទៅរៀននៅវិទ្យាល័យជីភូ ក្រុងបាវិត ខេត្តស្វាយរៀងរហូតចប់ថ្នាក់ទី១២ នៅអំឡុងឆ្នាំ ២០១២។
លោកបានឱ្យដឹងថា៖ «កាលពីខ្ញុំនៅរៀនទាំងនៅបឋមសិក្សា ទាំងនៅវិទ្យាល័យ គឺខ្ញុំប្រើអក្សរស្ទាប ហើយនិងប្រើការចងចាំដោយខួរក្បាលពេលគ្រូពន្យល់។អ៊ីចឹងសម្រាប់ខ្ញុំមិនពិបាកទេក្នុងការរៀន ហើយខ្ញុំក៏អាចរៀនបានដូចអ្នកមានភ្នែកភ្លឺដែរ»។
លោកបានបន្តថា បន្ទាប់ពីរៀនចប់ថ្នាក់ទី១២ លោកបានមករាជធានីភ្នំពេញដោយបានចូលរៀននៅសាកលវិទ្យាល័យជាតិគ្រប់គ្រងដោយទទួលបានបរិញ្ញាបត្ររងផ្នែកឯកទេសគ្រប់គ្រងពាណិជ្ជកម្មក្នុងឆ្នាំ ២០១៣ និងបន្តយកបរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មដែលបញ្ចប់នៅឆ្នាំ ២០១៦ ក្នុងសាកលវិទ្យាល័យដដែល។នៅចន្លោះឆ្នាំ ២០២១ ដល់ឆ្នាំ ២០២២ លោកបានចូលសិក្សាក្នុងវគ្គបណ្តុះបណ្តាលខ្លីៗចំនួន ៨ វគ្គ។ ពាក់ព័ន្ធនឹងវិស័យតន្ដ្រីវិញ លោកត្រូវបានជ្រើសតាំងឱ្យធ្វើជាប្រធានសមាគមតន្ត្រីសំនៀងជនពិការភ្នែកនៅក្នុងឆ្នាំ ២០១២ ដែលគិតមកទល់ពេលនេះមានសមាជិកជាជនពិការភ្នែក និងកាយសម្បទាចំនួន ៧០០ នាក់។
បើតាមលោក ចាប តូ ការងារនៅក្នុងសមាគម គឺលោកមានតួនាទីចាត់ចែងដឹកនាំបងប្អូនដែលជាជនពិការភាពទាំង ៧០០ នាក់នោះ ដោយបានបើកវគ្គ-បណ្តុះបណ្តាលជំនាញដល់ពួកគាត់ដើម្បីជាទុនក្នុងការស្វែងរកមុខរបរ ឬរកការងារធ្វើ។
ជាមួយគ្នានេះសមាគមក៏មានបើកវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាល គ្រប់គ្រង ហើយលោកក៏មាននាទីជាអ្នកស្វែងរកម្ចាស់ជំនួយសម្រាប់ឧបត្ថម្ភដល់បងប្អូនជនពិការនៅក្នុងសមាគមផងដែរ ពោលគឺរាល់កិច្ចការអ្វីៗដែលអ្នកភ្នែកភ្លឺធ្វើបាន គឺជនពិការក៏ធ្វើបានដូចគ្នា។ ក្រៅពីនេះ លោកក៏ជាសមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការថ្នាក់ជាតិផងដែរ។
លោកបានឱ្យដឹងទៀតថា ដោយទទួលបានការអាណិតសន្ដោសប្រណីពីសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាទីគោរព សមាគមលោកទទួលបានការប្រទាន និងផ្តល់ដីសាងសង់អគារសម្រាប់បងប្អូនមានពិការភាពស្នាក់នៅ។
ក្នុងនោះក៏មានការជួសជុលផ្លូវចូលមណ្ឌលស្នាក់នៅ និងបង្រៀនជំនាញផ្សេងៗ ឧបត្ថម្ភជាសម្ភារឧបករណ៍តន្ត្រី ស្បៀងអាហារពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងអាជ្ញាធររាជធានី ខេត្ត ព្រមទាំងសប្បុរសជនជាច្រើនផងដែរ។
លោកបានបញ្ជាក់ថា លើសពីនេះទៀត កាលពីពេលថ្មីៗនេះ លោកក៏ត្រូវបានព្រះមហាក្សត្រតែងតាំងជាអនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ការតែងតាំងនេះតាមរយៈព្រះរាជក្រឹត្យចុះថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២៣។ តំណែងនេះសម្រាប់លោកពិតជាមានសេចក្តីរីករាយ និងមានមោទនភាពយ៉ាងក្រែលែង ពីព្រោះថាតំណែងថ្មីនេះវាមិនមែនជារឿងធម្មតាទេ ហើយសម្រាប់បងប្អូនដែលមានពិការភាពភ្នែកគឺជាមនុស្សទី ១ នៅកម្ពុជាដែលបានទទួលតំណែងនេះហើយក៏មិនមែនជារឿងងាយស្រួលដែរ។
លោកបានសង្កត់ធ្ងន់ថា លោកពិតជាមានមោទនភាពណាស់ដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ទំនុកចិត្តដល់រូបលោកជាអនុរដ្ឋលេខាធិការ តំណាងឱ្យបងប្អូនដែលមានពិការភាពនៅក្នុងប្រទេសកម្ពុជា។ អ្វីដែលសំខាន់នោះគឺលោកចង់បង្ហាញដល់វិស័យឯកជន និងវិស័យរដ្ឋបន្ថែមទៀតដើម្បីឱ្យពួកគាត់គិតគូរអំពីបញ្ហារបស់ជនដែលមានពិការភាពឱ្យពួកគាត់ទទួលបានឱកាសការងារ ជាពិសេសលើវិស័យឯកជនឱ្យគាត់ទទួលយកបងប្អូនដែលមានពិការភាពបានចូលបម្រើការងារតាមអត្រា ១ ភាគរយនៃច្បាប់ស្តីអំពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព។
បើតាមលោក ចាប តូ តាមការស្រាវជ្រាវ នេះគឺជាប្រវត្តិសាស្ត្រលើកទី ១ ហើយដែលប្រទេសកម្ពុជាមានជនពិការភ្នែកធ្វើជាអនុរដ្ឋលេខាធិការ។ លោកគិតថា ប្រហែលជានៅបណ្តាប្រទេសផ្សេងៗអាចនៅមិនទាន់មានដូចនៅប្រទេសកម្ពុជាទេ។
លោកបានថ្លែងថា ការណ៍នេះ បានបង្ហាញពីការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះបងប្អូនដែលមានពិការភាព។ទន្ទឹមនឹងនេះដែរ លោកបានអំពាវនាវដល់បងប្អូនដែលមានពិការភាពនៅកម្ពុជាទាំងអស់សូមមេត្តាខិតខំប្រឹងប្រែងសិក្សារៀនសូត្រវគ្គបណ្តុះបណ្តាលខ្លីៗ ឬវគ្គសិក្សាផ្សេងៗទៀតដើម្បីទទួលបានចំណេះដឹងជាមូលដ្ឋាន ពីព្រោះថា បើយើងមានចំណេះដឹងហើយនោះ កន្លែងណាក៏គេអាចទទួលយកយើងឱ្យធ្វើការដែរ៕