ភ្នំពេញៈ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជាបានឡាយព្រះហស្តលេខាប្រកាសឱ្យប្រើច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតជាផ្លូវការនាថ្ងៃទី ៤ ខែកក្កដា បន្ទាប់ពីរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ទាំងស្រុងកាលពីខែមិថុនាកន្លងទៅនេះ និងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញកាលពីថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣។
ព្រះរាជក្រមបានលើកឡើងថា៖ «យើងព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី ២៣ ខែមិថុនា នាសម័យប្រជុំសភាលើកទី ៩ នីតិកាលទី ៦ ហើយដែលព្រឹទ្ធសភា បានពិនិត្យចប់សព្វគ្រប់លើទម្រង់ និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី ២៩ ខែមិថុនា នាសម័យប្រជុំពេញអង្គលើកទី ១០ នីតិកាលទី ៤ ព្រមទាំងត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញប្រកាសថា ស្របនឹងរដ្ឋធម្មនុញ្ញ ចុះថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០២៣»។
ច្បាប់នេះបានចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ច្បាប់នេះ ធ្វើឡើងក្នុងគោលបំណងលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សដែលបានចារឹកនៅ ក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវ របស់អ្នកដឹកនាំនយោបាយដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យសេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។
ច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រង់មាត្រា ១៤២ ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានចែងថា ត្រូវផាកពិន័យជាប្រាក់ពី ៥ លានរៀល ទៅ ២០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀត ចំពោះជនណាដែលតាមគ្រប់មធ្យោបាយទុច្ចរិត ដូចជាការរារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត មិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំង មិនឱ្យចុះឈ្មោះប្រជាពលរដ្ឋ ដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត និងបង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតី ក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត នៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតជាដើម។
មាត្រាដដែលបន្តថា ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬ/និងលុបបេក្ខភាពរបស់សាមីខ្លួន ឬ/និងដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតរបស់សាមីខ្លួនសម្រាប់រយៈពេល ៥ ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បន្ថែមលើទណ្ឌកម្ម ចំពោះជនដែលប្រព្រឹត្តអំពើល្មើស។
ចំណែកមាត្រា ១៤៣ ពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ក៏បានចែងដែរថា ត្រូវលុបបេក្ខភាពឈរឈ្មោះរបស់គណបក្សនយោបាយ ឬ/និងត្រូវផាកពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ៣០ លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀត។
លោក សំ គន្ធាមី នាយកប្រតិបត្តិអង្គការនិចហ្វិក នៅថ្ងៃទី ៥ ខែកក្កដា បានថ្លែងថា បន្ទាប់ពីឡាយព្រះហស្តលេខាពីព្រះមហាក្សត្រប្រកាសឱ្យប្រើច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតជាផ្លូវការហើយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានតួនាទី ក្នុងការចាត់ចែងរៀបចំបញ្ចូលទៅក្នុងបទបញ្ជា និងនីតិវិធីឱ្យស្រប និងតម្រូវទៅតាមច្បាប់នេះ ដើម្បីអនុវត្ត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប ប្រាប់ឱ្យដឹងដែរថា ចំពោះច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោតដែលត្រូវបានព្រះមហាក្សត្រប្រកាសឱ្យប្រើជាផ្លូវការរួចហើយនេះ គ.ជ.ប ដែលជាស្ថាប័នអនុវត្តច្បាប់នឹងចាប់ផ្តើមយកច្បាប់នេះមកផ្ទៀងផ្ទាត់ដើម្បីអនុវត្តហើយ។
ទោះជាយ៉ាងណាលោក បានថ្លែងដោយមិនទាន់ហ៊ានធ្វើអត្ថាធិប្បាយឱ្យបានច្រើនជាងនេះទេ ព្រោះត្រូវរង់ចាំការប្រជុំរបស់សមាជិក គ.ជ.ប ដើម្បីសម្រេចបែបណាជាមុនសិន។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី ៥ ខែកក្កដាបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ដោយបានភ្ជាប់ក្រុមបក្សប្រឆាំងដែលគាំទ្រជនជាប់ចោទ សម រង្ស៊ី នៅតែប្រើយុទ្ធសាស្ត្រ និងយុទ្ធនាការការបោះឆ្នោតឆ្នាំ ២០១៨ ដូចមុនដដែល សម្រាប់ការបោះឆ្នោតឆ្នាំ ២០២៣។ ក្រុមគាត់នឹងលើកហេតុផលថា ប្រជាពលរដ្ឋទៅបោះឆ្នោតព្រោះភ័យខ្លាចការគំរាមកំហែងរបស់អាជ្ញាធរ ហើយប្រជាពលរដ្ឋមិនហ៊ានគូសសន្លឹកឆ្នោតចោល ព្រោះគណបក្សប្រជាជនកម្ពុជាធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដាក់សម្ពាធលើប្រជាពលរដ្ឋ។
លោកថា ក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ គ្មានហេតុផលអ្វីដែលប្រជាពលរដ្ឋបដិសេធសិទ្ធិខ្លួនឯងដែលមានកំណត់ដោយរដ្ឋធម្មនុញ្ញ ដោយបោះបង់ការបោះឆ្នោត ដែលជាការបោះបង់សិទ្ធិអធិបតេយ្យក្នុងការជ្រើសរើសមេដឹកនាំកំណត់ជោគវាសនាប្រទេសជាតិ៕