ភ្នំពេញៈ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌កាលពីថ្ងៃទី ៤ ខែកក្កដា បានដឹកនាំគណៈប្រតិភូក្រសួងយុត្តិធម៌ទៅចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-ជប៉ុន (AJSMJ) និងកិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-G7 នៅទីក្រុងតូក្យូប្រទេសជប៉ុន ដែលគ្រោងធ្វើនៅថ្ងៃទី ៦-៧ ខែកក្កដា។
ក្រុមប្រទេសមហាអំណាច G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៥ ខែកក្កដាថា កិច្ចប្រជុំ AJSMJ លើកដំបូងនេះនឹងចាប់ផ្តើមនៅថ្ងៃទី ៦ ខែកក្កដា ដែលមានគោលបំណងរំឭកខួប ៥០ ឆ្នាំនៃទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន និងពង្រឹងកិច្ចសហការផ្នែកច្បាប់រវាងប្រទេសជប៉ុន និងបណ្ដាប្រទេសជាសមាជិកអាស៊ាន។
លោកបានឱ្យដឹងថា កិច្ចប្រជុំ AJSMJ នេះ ផ្ដោតលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការពង្រឹងសមត្ថភាព ការផ្លាស់ប្តូរព័ត៌មាន និងឯកសារពាក់ព័ន្ធនឹងការអនុវត្តច្បាប់ កិច្ចសហការក្នុងការទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយវិវាទដែលមានវិវាទពាណិជ្ជកម្មឆ្លងដែនជាដើម។
លោក ជិន ម៉ាលីន បន្តថា កិច្ចប្រជុំរវាងរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-G7ដែលធ្វើឡើងជាលើកដំបូងនៅជប៉ុននៅថ្ងៃទី ៧ ខែកក្កដា គឺជាកិច្ចប្រជុំរវាងរដ្ឋមន្ត្រីយុត្តិធម៌ជប៉ុន អាស៊ាន និងប្រទេសមហាអំណាច G7។ កិច្ចប្រជុំនេះមានគោលបំណងដើម្បីពង្រឹងកិច្ចសហការផ្នែកច្បាប់ រួមមាន ការបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការផ្លាស់ប្តូរព័ត៌មានឯកសារពាក់ព័ន្ធដល់ការអនុវត្តច្បាប់ ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយវិវាទពាណិជ្ជកម្មឆ្លងដែនជាដើម។
លោកថ្លែងថា៖ «សម្រាប់កម្ពុជាយើងគាំទ្រទៅលើកិច្ចសហការទាំងរវាងជប៉ុន និងអាស៊ានទាំងរវាងអាស៊ាន និងG7 ក្នុងការពង្រឹងកិច្ចសហការផ្នែកច្បាប់ និងយុត្តិធម៌ពាក់ព័ន្ធដល់ការពង្រឹងសមត្ថភាពមន្ត្រីអនុវត្តន៍ច្បាប់ ការជួយគ្នាទៅវិញទៅ-មកផ្នែកច្បាប់ ការចែករំលែកព័ត៌មានឯកសារក្នុងការអនុវត្តច្បាប់ក៏ដូចជា ការសហការក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន និងការដោះស្រាយវិវាទពាណិជ្ជកម្មឆ្លងដែនជាដើម ល និងល។ កម្ពុជាគាំទ្រស្មារតីនៃកិច្ចប្រជុំនិងកិច្ចសហការនេះ»។
លោក ជិន ម៉ាលីន បានបន្តថា ស្មារតីនៃការគាំទ្រនេះ គឺផ្អែកទៅលើគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ច្បាប់ជាតិ ផលប្រយោជន៍នៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ប្រទេសជប៉ុន ក៏ដូចជាប្រទេសជាសមាជិក G7 និងផលប្រយោជន៍តំបន់អាស៊ានទាំងមូល។
លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាននឹងចូលរួមកិច្ចប្រជុំ AJSMJ នេះ ដោយការចូលរួមរបស់លោកត្រូវបានគេរំពឹងថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូអាស៊ាន-ជប៉ុនលើនីតិរដ្ឋ និងយុត្តិធម៌។ នៅថ្ងៃទី ៥ កក្កដា លោកបានចូលរួមកិច្ចប្រជុំពាក់ព័ន្ធដូចជា វេទិកាយុវជនពិសេសដែលមានគោលបំណងលើកកម្ពស់តួនាទីយុវជនអាស៊ាន-ជប៉ុនក្នុងវិស័យនីតិរដ្ឋ សិទ្ធិមនុស្ស និងយុត្តិធម៌។
សេចក្តីប្រកាសព័ត៌មានអគ្គលេខាធិការដ្ឋានអាស៊ានបញ្ជាក់ពីថ្ងៃទី ៣ ខែកក្កដាថា លោកកៅ គឹមហួន ក៏នឹងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីយុត្តិធម៌អាស៊ាន-G7 ដែលជាការចូលរួមជាមួយគ្នាលើកដំបូងរវាងអាស៊ាន និងប្រទេស G7 លើបញ្ហាកង្វល់រួមក្នុងការលើកកម្ពស់ និងរក្សាសន្តិភាព និងសណ្តាប់ធ្នាប់អន្តរជាតិ និងនីតិរដ្ឋ។
ក្នុងឱកាសនោះ លោក កៅ គឹមហួន មានកម្មវិធិជួបជាមួយគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) និងធ្វើបាឋកថា នៅសាកលវិទ្យាល័យតូក្យូ។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ស្របពេលដែលអាស៊ាន និងជប៉ុនប្រារព្ធខួបលើកទី ៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន កិច្ចប្រជុំ AJSMJ និងកិច្ចប្រជុំពាក់ព័ន្ធបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរវាងភាគីទាំង ២ ក្នុងការជំរុញលើកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុនបន្ថែមទៀតលើតម្លៃមូលដ្ឋានរួម ដូចជា នីតិរដ្ឋ ការគោរពសិទ្ធិមនុស្ស យុត្តិធម៌និងវិស័យផ្សេងទៀតដោយផ្អែកទៅលើមូលដ្ឋានរឹងមាំនៃភាពជាដៃគូយុទ្ធសាស្ត្ររវាង អាស៊ាន-ជប៉ុន»៕