ភ្នំពេញៈ អនុប្រធាន​ទី​១​ អាជ្ញាធរ​មីន លោក​លី ធុជ បានចាត់ទុក​កាណាដា​ថា ជា​ប្រទេសមួយ​ដែល​បានរួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការជួយ​ដល់​ដំណើរ​ស្វែងរក​សន្តិភាព និង​ការ​អភិ​​វ​ឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​កម្ពុជា ខណៈ​ប្រទេស​ទាំង ​២ ក៏​នឹង​បន្ត​ពង្រីក​កិច្ច​សហការគ្នា​បន្ថែមទៀត​ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥​ ផងដែរ​។​

​ការលើកឡើង​របស់លោក​ទេសរដ្ឋមន្ត្រី លី ធុជ បែបនេះ​ធ្វើឡើង​នៅក្នុង​ពិធី​អបអរសាទរ​ខួប​លើក​ទី​១៥៦ នៃ​ទិវា​ជាតិ​របស់​ប្រទេស​កាណាដា និង​ខួប​លើក​ទី ៧០ នៃ​ទំនាក់ទំនង​ការទូត​រវាង​កាណាដា និង​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​លោកស្រី Sarah Taylor ឯក​អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ៤ ខែកក្កដា​។​

​លោក​បាន​ថ្លែងថា រយៈពេល​ជិត ​៧០ ​ឆ្នាំ​មកនេះ កម្ពុជា និង​កាណាដា​បាន​កសាង​ទំនាក់​ទំនង​មិត្តភាព​យូរអង្វែង និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​។ ក្នុងនោះ​ប្រទេស​កាណាដា​បាន​ដើរតួនាទី និង​រួមចំណែក​យ៉ាងសំខាន់​សម្រាប់​ដំណើរ​ស្វែងរក​សន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋ​​កិច្ច​សង្គម​នៅ​កម្ពុជា​។

​លោក​លី ធុជ មានប្រសាសន៍ថា​៖ «​កាណាដា បានផ្តល់​ការ​គាំទ្រ​ដល់​វិស័យ​ពាណិជ្ជកម្ម ការវិនិយោគ សកម្មភាព​មីន ការរក្សា​សន្តិភាព ការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជំនួយ​មនុស្ស​​ធម៌ និង​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ជាច្រើន ហើយ​កិច្ច​សហប្រតិបត្តិការ និង​មិត្តភាព​រវាង​កម្ពុជា​-​កាណាដា នឹង​បន្ត​រីកចម្រើន​ទាំង​ក្នុង​វិស័យ​ទ្វេភាគី និង​ពហុភាគី ដើម្បី​ផល​ប្រយោជន៍​រួម​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ ២​ នាពេល​អ​នា​គ​ត​ថែមទៀត​»​។​

​ឆ្លៀត​នៅក្នុង​ឱកាស​នោះដែរ ក្នុងនាម​ប្រមុខ​រាជរដ្ឋាភិបាល​និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក លី ធុជ ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​របស់​ប្រទេស​កាណាដា​ក្នុង​វិស័យ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា និង​ជា​ប្រវត្តិសាស្ត្រ​តាមរយៈ​កម្មវិធី​រួមគ្នា​របស់​អាជ្ញាធរ​​មីន និង​អង្គការ​ UNDP ព្រម​ទាំង​បាន​ប្តេជ្ញា​គាំទ្រ​ការងារ​បោសសម្អាត​មីន​ឱ្យ​កម្ពុជា​សម្រេចបាន​គោលដៅ​កម្ពុជា​គ្មាន​មីន​ឆ្នាំ​ ២០២៥​។

​លោក​បាន​បញ្ជាក់ថា​៖«​ទឹក​ចិត្តសប្បុរស​របស់រ​ដ្ឋា​ភិ​បាល និង​ប្រជាជន​នៃ​ប្រទេស​កាណាដា ពិតជា​បាន​ចូលរួម​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ជាច្រើន កាត់បន្ថយ​ចំនួន​អ្នកស្លាប់ និង​បានប្រែក្លាយ​តំបន់​មាន​មីន​ទៅជា​តំបន់​ផលិតភាព​សម្រាប់​ការកសាង​លំនៅឋាន សាលារៀន មន្ទីរ​ពេទ្យ ផ្លូវថ្នល់ ស្ពាន កសិកម្ម និង​គោលបំណង​ផ្សេងទៀត​»​។​

​មន្ត្រីជាន់ខ្ពស់​នៃ​អាជ្ញាធរ​មីន​​កម្ពុជា ក៏បាន​បង្ហាញ​ក្តីសង្ឃឹម​ដែរ​ថា ការពង្រីក​កិច្ចសហការ​រវាង​កម្ពុ​ជា និង​កាណាដា ជា​​ពិសេស​ការបន្ត​ជំនួយ និង​ការ​រួមចំណែក​ពី​ប្រទេស​កាណាដា​ជាមួយនឹង​ប្រទេស​ជា​មិត្ត​ដទៃទៀត កម្ពុជា​គឺ​កំពុង​ស្ថិតនៅ​លើផ្លូវ​ឆ្ពោះទៅ​សម្រេចបាន​គោលដៅ «​កម្ពុជា​គ្មាន​មីន​នៅ​ឆ្នាំ​ ២០២៥»​។​

​យោងតាម​របាយការណ៍​ពី​អាជ្ញាធរ​មីន​បានឱ្យដឹងថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​នេះ​មាន​ជនរងគ្រោះ​ដោយសារ​យុទ្ធភណ្ឌ​គ្រឿងផ្ទុះ​ចំនួន ​២១ នាក់​។ តួលេខ​នេះ​បាន​ថយចុះ​ ៤៨​ ភាគរយ បើ​ប្រៀបធៀប​ជា​មួយ​នឹង​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​ ២០២២ ដែលមាន​ជន​រង​គ្រោះ​ចំនួន ​៤០ ​នាក់​។

​ប្រភព​ដដែល​បាន​បន្តថា ជា​​មួយ​គ្នា​នេះ ក្នុងចំណោម​ជន​រងគ្រោះ​ចំនួន ​២១ ​នាក់ រួមមាន ជនរងគ្រោះ​ដោយសារ​មីន ចំនួន​ ៨ ​នាក់ និង​ជនរងគ្រោះ​ដោយសារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន​ ១៣ ​នាក់​,​ជន​​រងគ្រោះ​ស្លាប់​ចំនួន ​៣ ​នាក់ របួស​ចំនួន​ ១២ ​នាក់ និង​ពិការ​អវយវៈ​ចំនួន​ ៦​ នាក់​,​ជន​រង​គ្រោះជា​បុរស​មាន​ចំនួន​ ១៦​ នាក់​, ក្មេងប្រុស​អាយុ​ក្រោម​ ១៨​ ឆ្នាំ ចំនួន​ ៤ ​នាក់ និង​ស្ត្រី​ចំនួន ១​ នាក់​។​

​សូមបញ្ជាក់ថា តាមរយៈ​ខួប​លើក​ទី​៧០ នៃ​ទំនាក់ទំនង​ការ​​ទូត​រវាង​កាណាដា និង​កម្ពុជា​នេះ​ត្រូវបាន​ភាគី​កម្ពុជា​-​កាណាដា អះអាងថា គឺ​ពិតជា​បានបង្ហាញ​ពីស​ម្ទុះ​ថ្មី​មួយទៀត​នៃ​ការរីកចម្រើន​ពាណិជ្ជកម្ម​ទ្វេភាគី ការ​ងើប​ឡើងវិញ​នៃ​ភ្ញៀវទេសចរ​កាណាដា​ម​ក​កម្ពុ​ជាពិសេស​បានផ្តល់​ជា​កម្លាំង​ជំរុញ​ថ្មី​ក្នុង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​៕