ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានបង្ហាញសុច្ឆន្ទៈរួមក្នុងការបន្តពង្រឹងសន្តិសុខតាមបណ្តោយព្រំដែនប្រទេសទាំង ២ នៅចំពោះមុខដំណឹងនៃការបង្ហោះដ្រូន ឬយន្តហោះគ្មានមនុស្សបើក គ្មានប្រភពចូលក្នុងដែនអាកាសកម្ពុជា និងការចល័តកងកម្លាំងកម្ពុជាទៅត្រៀមបាញ់ទម្លាក់ដ្រូន និងបង្ការអំពើភេរវកម្មក្នុងរយៈពេលប្រមាណជា ១ សប្តាហ៍មកនេះ។
លោកស្រី កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្រៃ្ដយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែនបានប្រាប់ឱ្យដឹងនៅថ្ងៃទី ៥ ខែកក្កដាថា លោកស្រីសាទរចំពោះភាគីវៀតណាម ដែលបានលើកឡើងពីសុច្ឆន្ទៈក្នុងការបន្តរឹតចំណងកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងសន្តិសុខតាមព្រំដែន ខណៈភាគីទាំង ២ តែងមានកិច្ចសហការល្អនឹងគ្នាស្រាប់។
លោកស្រីថ្លែងដូច្នេះថា៖ «វាចាំបាច់ណាស់សម្រាប់កម្ពុជា មិនចំពោះតែវៀតណាមនោះទេ ទាំងឡាវ ទាំងថៃ ត្រូវតែសហការនឹងគ្នា សាមគ្គីគ្នា សហប្រតិបត្តិការគ្នា ដើម្បីឱ្យតំបន់ព្រំដែនទៅជាតំបន់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងសុខុដុមនីយកម្មជាមួយគ្នា»។
លោកស្រី កុយ ពិសី បានបន្ថែមថា ភាគីកម្ពុជាវិញក៏ដូចគ្នា គឺតែងមានសុច្ឆន្ទៈរួមសហការជាមួយភាគីវៀតណាមក្នុងការពង្រឹងសន្តិសុខ និងការអភិវឌ្ឍនៅតំបន់តាមបណ្តោយព្រំដែននៃប្រទេសទាំង ២ ផងដែរ។
លោកស្រីអះអាងថា កន្លងមកកម្ពុជានិងវៀតណាម បានសហការគ្នាយ៉ាងល្អ និងស្អិតល្មួតណាស់ លើការងារព្រំដែន ដែលភាគីទាំង ២ តែងជួយគ្នាទៅវិញទៅមក តួយ៉ាងកិច្ចការបោះបង្គោលព្រំដែនជាដើម។
ការលើកឡើងរបស់លោកស្រីដូច្នេះ ធ្វើឡើងបន្ទាប់ពីអ្នកនាំពាក្យក្រសួងការបរទេសវៀតណាមបានឆ្លើយសំណួរអ្នកសារព័ត៌មានជុំវិញដំណឹងប្រទះឃើញ្រដូនជាច្រើនគ្រឿងហោះចូលទឹកដីកម្ពុជានៅខេត្តរតនគិរីជាប់ព្រំដែនកម្ពុជា-វៀតណាមកន្លងទៅថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានជាតិវៀតណាម (VNA) នៅថ្ងៃទី ៤ ខែកក្កដាដោយលោកស្រី Pham Thu Ha''ng អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម បានលើកឡើងថា កម្ពុជា និងវៀតណាមតែងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការគ្រប់គ្រង និងការពារបន្ទាត់ព្រំដែន ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងប្រឆាំងឧក្រិដ្ឋកម្មនៅតាមបណ្តោយព្រំដែនផង។
លោកស្រីបានថ្លែងដូច្នេះថា៖ «យើងសង្ឃឹមថា នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការពង្រឹងខ្សែបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ»។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ការលើកឡើងរបស់ភាគីវៀតណាម ជារឿងសមស្របមួយ ខណៈភាគីទាំង ២ តែងប្តេជ្ញាចិត្តរៀងៗខ្លួនក្នុងការថែរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការតាមបណ្តោយព្រំដែន ដើម្បីទទួលបានសន្តិភាព និងការអភិវឌ្ឍ។
លោកថា៖ «កន្លងមកភាគីទាំង ២ បានសហការគ្នាយ៉ាងល្អដែរទាក់ទងការពង្រឹងសន្តិសុខព្រំដែនទោះបីកន្លងមកមានរឿងប្រទាំងប្រទើសនឹងគ្នាបន្តិចបន្តួចក្តី»។
សម្រាប់លោក ថុង ម៉េងដាវិត អ្នកសិក្សាស្រាវជ្រាវនៅមជ្ឈមណ្ឌលមេគង្គសម្រាប់សិក្សាយុទ្ធសាស្ត្រនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) យល់ថា ការលើកឡើងរបស់ភាគីវៀតណាម ជាការបង្ហាញកង្វល់ និងការយកចិត្តទុកដាក់លើទំនាក់ទំនងទ្វេភាគីកម្ពុជា-វៀតណាម ខណៈកម្ពុជាត្រូវខ្វាយខ្វល់ពីសន្តិសុខជាតិខ្លួន ជាពិសេសចៀសវាងអំពើភេរវកម្មលើទឹកដីនៃប្រទេសទាំង ២។
លោកបានបញ្ជាក់ថា៖ «ទាំងកម្ពុជានិងវៀតណាមពុំទាន់ដឹងច្បាស់ថាដ្រូននោះជារបស់នរណា និងមានបំណងយ៉ាងណាទេតែសកម្មភាពនេះគឺបង្ហាញពីការឈ្លានពានដែនអធិបតេយ្យកម្ពុជានិងប៉ះពាល់ដល់សន្តិសុខកម្ពុជា។ កម្ពុជានិងវៀតណាមនឹងជំរុញកិច្ចសហប្រតិបត្តិការគ្នា និងចែករំលែកព័ត៌មានគ្នា ក្នុងការស្វែងរកជននៅពីក្រោយខ្នងការបង្ហោះដ្រូននេះ»។
សូមរំឭកថា កាលពីថ្ងៃទី ២៧ ខែមិថុនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់ចេញបទបញ្ជាឱ្យកងកម្លាំង និងស្ថាប័នសន្តិសុខជាតិកំពូលៗ ពិសេសបានបញ្ជាឱ្យអង្គភាពបញ្ជាការដ្ឋានកងអង្គរក្សក្រោមបង្គាប់លោកមេបញ្ជាការ ហ៊ីង ប៊ុនហៀង ដឹកនាំកងកម្លាំង និងអាវុធសម្រាប់ប្រតិបត្តិការបាញ់ទម្លាក់ដ្រូន ដែលត្រូវបានគេបង្ហោះនៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេសនៅមូលដ្ឋានខេត្តមណ្ឌលគិរីរតនគិរី និងខេត្តក្រចេះក្រោយលេចឮថា មានដ្រូនមួយចំនួនហោះចូលដែនអាកាសកម្ពុជាដោយគ្មានប្រភព ខណៈភាគីវៀតណាមបញ្ជាក់ថា មិនមែនជារបស់ខ្លួន ស្របពេលមានដំណឹងពីការបង្ក្រាបក្រុមអ្នកបះបោរប្រឆាំងរដ្ឋាភិបាលវៀតណាមនៅជាប់ជាយដែនកម្ពុជា។
កាលពីថ្ងៃទី ៣ ខែកក្កដា រដ្ឋមន្ត្រីការពារជាតិលោក ទៀ បាញ់ ក៏បានប្រាប់ឱ្យដឹងដែរពីសភាពការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដោយលោកថា មានលក្ខណៈស្ងប់ស្ងាត់ល្អ ខណៈកងកម្លាំងខ្លះដែលកំពុងដាក់ពង្រាយអាចនឹងចល័តទៅអង្គភាពដើមវិញដោយទុកកងកម្លាំងមួយចំនួនឱ្យនៅឃ្លាំមើលសភាពការណ៍បន្ត៕