ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ស្ថាប័នជំនាញបានធ្វើការពិនិត្យ និងពិភាក្សាលើការពន្លឿនសេចក្ដីព្រាងក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានស្រាប់ និងកម្មវិធីថ្មីក្នុងលក្ខណៈធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀត។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី៩ ក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលធ្វើឡើងកាលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ដោយមានការចូលរួមពីសំណាក់អនុប្រធាន និងសមាជិកក្រុមប្រឹក្សាជាតិគាំពារសង្គម និងថ្នាក់ដឹកនាំដែលជាតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។
សេចក្តីប្រកាសព័ត៌នេះបានឱ្យដឹងថា៖«ស្ថាប័នជំនាញ និងភាគីពាក់ព័ន្ធបានពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ដែលជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានស្រាប់ និងកម្មវិធីថ្មីបន្ថែមទៀ ដើម្បីឱ្យមានលក្ខណៈច្បាស់លាស់ និងកាន់តែស៊ីជម្រៅក្នុងលក្ខណៈសមាហរណ»។
ក្រសួងសេដ្ឋកិច្ចបញ្ជាក់ថា ជារួមក្របខ័ណ្ឌសេចក្ដីព្រាង ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារនេះគឺធ្វើឡើងក្នុងគោលបំណង ផ្តល់អត្ថប្រយោជន៍ជំនួយសង្គមគ្រប់ជ្រុងជ្រោយ ដល់ក្រុមគ្រួសារគោលដៅពង្រីកវិសាលភាព និងបង្កើនលទ្ធភាពនៃការទទួលបានអត្ថប្រយោជន៍ជំនួយសង្គម។
ពង្រឹងក្របខ័ណ្ឌស្ថាប័នអភិបាលកិច្ច និងយន្តការផ្ដល់អត្ថប្រយោជន៍ជំនួយសង្គម បង្កើតមុខងារនៃប្រព័ន្ធរួម ដើម្បីបង្កើនប្រសិទ្ធភាពប្រតិបត្តិការនិងពង្រឹងទំនាក់ទំនង និងការបំពេញបន្ថែម ជាមួយសេវាសង្គមកិច្ច និងរបបសន្តិសុខសង្គមជាដើម។
លោកអូន ព័ន្ធមុនីរ័ត្ន មន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម បានឱ្យដឹងបន្ថែមដែរថា ក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បានពិនិត្យ និងពិភាក្សាអំពីសេចក្ដីព្រាងក្របខ័ណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្នផងដែរ ដែលនេះជាឯកសារផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើស្ថាប័នូបនីយកម្មកិច្ចគាំពារសង្គម ដើម្បីត្រៀមខ្លួនឆ្លើយតបនឹងគ្រោះអាសន្ន និងវិបត្តិនានាជាយថាហេតុ។
លោក បានបញ្ជាក់ថា៖ «ក្របខ័ណ្ឌកិច្ចគាំពារសង្គមនេះនឹងក្លាយជាយន្តការ ក្នុងការពង្រឹងសមត្ថភាពប្រព័ន្ធគាំពារសង្គម ឆ្លើយតបនឹងគ្រោះអាសន្ន ជាពិសេសការកំណត់ឱ្យបានច្បាស់នូវទំហំនៃផលប៉ះពាល់ និងការដាក់ចេញនូវឧបករណ៍គោលនយោបាយនានា ឱ្យបានទាន់ពេល, មានប្រសិទ្ធភាព ព្រមទាំងធានាបាននូវការសម្របសម្រួលយ៉ាងទូលំទូលាយ ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីត្រៀមឆ្លើយតបនឹងគ្រោះអាសន្ន ដែលមានលក្ខណៈជាប្រព័ន្ធ និងអាចទស្សន៍ទាយជាមុន ទាំងសម្រាប់បច្ចុប្បន្ន និងអនាគត»។
ឆ្លៀតឱកាសនោះដែរ លោក អូន ព័ន្ធមុនីរ័ត្ន ក៏បានណែនាំដល់អង្គប្រជុំ ឱ្យធ្វើការគិតគូរអំពីការអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយនានា ដែលត្រូវបានប្រកាសដាក់ចេញដោយលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន នាពេលកន្លងមកថែមទៀត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា នៅថ្ងៃទី៦ ខែកក្កដា បានថ្លែងគាំទ្រចំពោះការបង្កើតជំនួយសង្គមដល់គ្រួសារពលរដ្ឋកម្ពុជា ខណៈលោកថា ការគិតគូរពីរឿងនេះគឺពិតជាសំខាន់ និងចាំបាច់បំផុត សម្រាប់គ្របដណ្តប់ដល់សមាជិកគ្រួសារ។
លោកបន្តថា៖« បើយើងពិនិត្យមើល ក្នុងចំណោមប្រជាពលរដ្ឋជាង១៦លាននាក់ អ្នកដែលមានបណ្ណ ប.ស.ស មានតែប្រមាណ ២លាននាក់ ហើយអ្នកដែលមានបណ្ណមូលនិធិសមធម៌សុខាភិបាលមានប្រមាណ ២,៨លាននាក់ ក្នុងចំណោមពលរដ្ឋជាង៧០ម៉ឺនគ្រួសារ។ ខណៈនៅក្នុង នោះដែរគឺនៅមានប្រជាពលរដ្ឋ ១០លាននាក់ទៀត អត់មានបណ្ណ ប.ស.ស អ៊ីចឹងឃើញថានៅមានគម្លាតឆ្ងាយនៅឡើយ ហេតុនេះការគិតគួរ លើជំនួយគ្រួសារគឺចាំបាច់ត្រូវតែធ្វើ ខណៈបណ្តាប្រទេសដទៃគេបានចាប់ផ្តើមរួចមកហើយ»។
លោក អាត់ ធន់ បានថ្លែង ជំរុញដល់ស្ថាប័នជំនាញ គួរពង្រីកវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានលឿន និងរៀបចំចុះបញ្ជីក្រុមហ៊ុនដែលនៅក្នុងប្រព័ន្ធដែលគ្រប់ដណ្តប់ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីផ្តល់អត្ថប្រយោជន៍ ដល់ពលរដ្ឋពីជំនួយសង្គមបានកាន់តែឆាប់រហ័សថែមទៀត។
គួរបញ្ជាក់ដែរថា ក្រៅពីពន្លឿនកិច្ចពិភាក្សាលលើសេចក្ដីព្រាង ក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារហើយនោះ ក្នុងកិច្ចប្រជុំនោះដែរ ក្រុមប្រឹក្សាជាតិគាំពារសង្គម ក៏បាននិងកំពុងគិតគូរអំពីយន្តការនៃការពង្រីកការគ្របដណ្ដប់ ការថែទាំសុខភាព ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាលផងដែរ។ក្នុងនោះ ស្ថាប័នជំនាញបានធ្វើការពិភាក្សាលម្អិតអំពីយន្តការ និងនីតិវិធីក្នុងការពង្រីករបបថែទាំសុខភាពតាមរយៈមូលនិធិសមធម៌សុខាភិបាល និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពរបស់បេឡាជាតិសន្តិសុខសង្គម បន្ថែមលើការដាក់ឱ្យអនុវត្តរបបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល ដល់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាពេលថ្មីៗនេះផងដែរ៕