ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ជំរុញដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលនៅកម្ពុជាឱ្យចូលរួមអនុវត្តតាមគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញដើម្បីធ្វើយ៉ាងណាឱ្យកុមារកម្ពុជា មានអីនធឺណិតប្រើប្រាស់ប្រកបដោយសុវត្ថិភាព និង ឱ្យពួកគេក្លាយជាពលរដ្ឋឌីជីថលរឹងមាំដែលទ្រទ្រង់ដល់ដំណើរការកសាងសេដ្ឋកិច្ចនិងសង្គមឌីជីថលរស់រវើក។
លោក ជា វ៉ាន់ដេត បានជំរុញបែបនេះក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបចេ្ចកវិទ្យាឌីជីថល ដើម្បីធានាសុវត្ថិភាពកុមារលើប្រព័ន្ធអនឡាញដែលធ្វើឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៦ ខែកក្កដា។
លោករដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍បានលើកឡើងថា គោលការណ៍ណែនាំនេះជាការបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូក្នុងការប្រកាន់គោលជំហរច្បាស់លាស់ ដើម្បីការពារកុមារពីការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទគ្រប់រូបភាពនៅកម្ពុជា។
លោកបញ្ជាក់ថា៖«ការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលក្នុងការអនុវត្តតាមគោលការណ៍ណែនាំនេះ គឺជាការចូលរួមធានាសុវត្ថិភាពកុមារកម្ពុជានិងជាការឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងគ្រោះថ្នាក់ដែលអាចកើតមានឡើងលើប្រព័ន្ធអនឡាញ»។
លោជា វ៉ាន់ដេត បានបន្តថា បើគ្មានការចូលរួមពីបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលទេ នោះកិច្ចការពារកុមារលើប្រព័ន្ធអនឡាញនឹងជួបប្រទះបញ្ហាលំបាក មិនអាចប្រព្រឹត្តទៅដោយរលូន និងមិនអាចទទួលលទ្ធផលជោគជ័យបានឡើយ។
លោកបានបញ្ជាក់ទៀតថា ការជំរុញការអនុវត្តគោលការណ៍ណែនាំនេះ មិនមែនជាការដាក់បន្ទុកបន្ថែមលើ វិស័យឯកជននោះទេ។ ផ្ទុយទៅវិញ វាជាការជួយសម្របសម្រួល និងជួយតម្រង់ទិសដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលឱ្យអនុលោមទៅតាមច្បាប់និងនិន្នាការថ្មីៗក្នុងលម្ហឌីជីថល ដែលកំពុងកើតមានឡើងនៅកម្ពុជា ក្នុងតំបន់ និងនៅលើសកលលោក។
លោកស្រី តាន់ សុដានី ប្រធាននាយកដ្ឋានគោលនយោបាយ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានឱ្យដឹងថា គោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារលើប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលមាន គោលបំណងលើកទឹកចិត្តឱ្យបណ្តាក្រុមហ៊ុននានាក្នុងវិស័យនេះចូលរួមទប់ស្កាត់ និងឆ្លើយតបឱ្យបានទាន់ពេលវេលាចំពោះគ្រោះថ្នាក់ដែលកំពុងកើតមាន និងគ្រោះថ្នាក់ក្នុងទម្រង់ថ្មីៗដែលកើតចេញពីការប្រើប្រាស់បច្ចេកវិទ្យា។
លោកស្រីបានបន្តថា ក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យនេះ អាចបំពេញការទទួលខុសត្រូវរបស់ខ្លួនតាមរយៈការអនុវត្តគោលនយោបាយស្តីពីកិច្ចការពារសុវត្ថិភាពកុមាររបស់អង្គភាពរៀងៗខ្លួន ក៏ដូចជាធ្វើការទប់ស្កាត់ និងឆ្លើយតបចំពោះមាតិកាដែលបង្ហាញពីការរំលោភបំពានផ្លូវភេទកុមារ។ បង្កើតវិធានការទប់ស្កាត់ការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារដូចជាផ្តល់ការណែនាំ និងកំណត់ពីវិធានឱ្យបានច្បាស់លាស់ដើម្បីផ្តល់កិច្ចការពារដល់កុមារលើប្រព័ន្ធអនឡាញ។
ក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងវិស័យនេះក៏អាចផ្តល់វិធានការការពារ ជាពិសេសវិធីរាំងខ្ទប់ទាំងមនុស្ស និងមាតិកាមិនសមរម្យ ឬមាតិកាដែលអាចបង្កផលប៉ះពាល់ដល់កុមារ រាយការណ៍ និងទទួលអន្តរាគមន៍ពីអាជ្ញាធរ ឬសេវាពាក់ព័ន្ធ។ ទន្ទឹមនោះក្រុមហ៊ុនត្រូវធានាថាទិន្នន័យ និងព័ត៌មានពាក់ព័ន្ធនឹងកុមារដែលកំពុងប្រើប្រាស់ក្នុងប្រព័ន្ធអ៊ីនធឺណិតត្រូវបានរក្សាទុកជាព័ត៌មានសម្ងាត់ និងមានឯកជនភាព។
លោកស្រីបញ្ជាក់ថា៖«គោលការណ៍ណែនាំនេះ ផ្តល់ឱកាសមិនធ្លាប់មានដល់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថលដែលពាក់ព័ន្ធដូចជាក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត ក្រុមហ៊ុនផ្តល់សេវាទូរស័ព្ទចល័ត ក្រុមហ៊ុនរក្សាទិន្នន័យ អ្នកផលិតមាតិកា ក្រុមហ៊ុនសរសេរកម្មវិធីSoftware និងApps អាចបង្កើនសុវត្ថិភាពលើប្រព័ន្ធអនឡាញសម្រាប់កុមារ និងយុវជនគ្រប់រូប ស្របទៅតាមសិទ្ធិកុមារ និងស្តង់ដាក្រមសីលធម៌ខ្ពស់បំផុត»។
លោក Will Parks តំណាងអង្គការយូនីសេហ្វនៅកម្ពុជា បានបង្ហាញសេចក្តីរីករាយចាខ្លាំងពេលដឹងថាគោលការណ៍ណែនាំនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់គ្រប់គ្រងក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គមអន្តរជាតិភាគច្រើន។
ទោះជាយ៉ាងនេះក្តី លោកថាកិច្ចការពារកុមារលើប្រព័ន្ធអនឡាញ គឺជាកិច្ចការដ៏ស្មុគស្មាញដែលតម្រូវឱ្យមានការប្តេជ្ញាចិត្ត ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាព និងកិច្ចសហការដោយមានការតាំងចិត្តរួមគ្នាជាមួយវិស័យឯកជន ដើម្បីផ្តល់ឱ្យកុមារ និងក្មេងជំទង់នូវសេវាដែលមានសុវត្ថិភាព ងាយស្រួលប្រើប្រាស់ និងមានការយកចិត្តទុកដាក់ចំពោះអ្នកប្រើប្រាស់។
លោកថ្លែងថា៖«ការសម្លុតគំរាមតាមប្រព័ន្ធអនឡាញ និងអំពើហិង្សាពីមិត្តភក្តិក្នុងទម្រង់ផ្សេងៗទៀត អាចបង្កផលប៉ះពាល់ដល់កុមារនៅពេលពួកគេប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមឬប្រើប្រាស់កម្មវិធីផ្ញើសារនានា។ បញ្ហាដែលគួរឱ្យបារម្ភបំផុតនោះគឺការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញ»។
លទ្ធផលរកឃើញថ្មីៗដកស្រង់ចេញពីរបាយការណ៍សកលរបស់យូនីសេហ្វក្រោមចំណងជើង «ការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជា»បានបង្ហាញថា នៅកម្ពុជាក្នុងចំណោមកុមារអាយុ១២ ទៅ១៧ឆ្នាំចំនួន១០នាក់មានកុមារលើសពីម្នាក់បានទទួលរងការកេងប្រវ័ញ្ចឬការំលោភបំពានផ្លូវភេទតាមប្រព័ន្ធអនឡាញក្នុងទម្រង់ណាមួយ។នេះបើតាមការបន្ថែមរបស់លោក Will Parks ៕