​ភ្នំពេញៈ​ ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​បានធ្វើ​ការងារ​ជាមួយ​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ និង​សេវា​អុីនធឺ​ណិ​ត បានផ្តល់​សេវា​នៅ​បុរី​ប៉េង​ហួត​ដែលមាន​ប្រជាជន​រស់នៅ​ប្រហែល ៧​ពាន់​គ្រួសារ​មាន​សេវា​ទូរស័ព្ទ និង​សេវា​អុីនធឺ​ណិ​ត​ល្អ​សម្រាប់​ប្រើប្រាស់ ចំណែក​ ៦៨​បុរី​ ផ្សេងទៀត​ក្រុមការងារ​កំពុង​សម្រួល​ការផ្តល់សេវា​។

​នេះ​ជាការ​ថ្លែង​របស់លោក ជា វ៉ាន់​ដេ​ត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុង​ពិធី​ប្រកាស​ដាក់ឱ្យអនុវត្ត​គោលការណ៍​ណែនាំ​ស្តីពី​កិច្ចការពារ​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ក្រុមហ៊ុន​ប​ចេ្ច​ក​វិទ្យា​ឌីជីថល ដើម្បី​ធានា​សុវត្ថិភាព​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញ​ដែល​ធ្វើឡើង​នៅ​ទីស្តីការក្រសួង នា​ព្រឹក​ថ្ងៃទី​៦ ខែកក្កដា​។

​លោក​រដ្ឋមន្ត្រី​បាន​លើកឡើងថា នៅមាន​ប្រជាពលរដ្ឋ​ក្នុង​បុរី​ប៉េង​ហួត​ចំនួន ៨០០ ​គ្រួសារ​ទៀត ​មិន​យល់​ព្រមឱ្យ​សាងសង់​បង្គោល​អង់​តែន​ទូរស័ព្ទ​ដោយ​មូលហេតុ​ខ្លាច​ប៉ះពាល់​ដល់​សុខភាព​។ ក្រៅពី​បុរី​ប៉េង​ហួត​ក្រុមការងារ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ បាន​ចុះ​ធ្វើការ​សិក្សា​នៅ​បុរី​ចំនួន​១០០ ដើម្បី​ដំឡើង​អង់​តែ​ន​ផ្តល់​សេវា ដែល​ក្នុងចំណោម​១០០ បុរី​នោះ​ក្រុមការងារ​បានកំណត់​យ​ក ៦៨ បុរី សម្រាប់​ដំឡើង​អង់​តែ​ន​។

លោក​បញ្ជាក់ថា បុរី​ចំនួន ៦៨ នោះ ក្រុមការងារ​បាន​ដុំ​ឡើង​អង់​តែ​ន ចំនួន ៧២​បង្គោល ដែល​ក្នុង​១​បង្គោល​មាន​៣​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរស័ព្ទ​។

​លោក​ថ្លែងថា​៖ «​បុរី ​១០០​ហ្នឹង យើង​យក​បុរី​ដែលមាន ៣០០ គ្រួសារ​ឡើងទៅ គឺ​យើង​បានកំណត់​យកបាន​ចំនួន ៦៨​។ ក្នុងចំណោម​បុរី​ទាំង​៦៨ នេះ​យើង​បាន​សាងសង់​បង្គោល ៧២ ប៉ុន្តែ ៧២​បង្គោល​នេះ​ស្មើនឹង​ជាង ២០០ បង្គោល ព្រោះ​កាលពីមុន​បង្គោល​៣ ក្រុមហ៊ុន​៣ តែ​ឥឡូវនេះ​បង្គោល​១​សម្រាប់​ក្រុមហ៊ុន៣​»​។

​លោក ជា វ៉ាន់​ដេ​ត លើកឡើងថា បញ្ហា​ដែលនាំឱ្យ​សេវា​ទូរស័ព្ទ និង​​អុីនធឺ​ណិ​ត មិន​ដំណើរការ​ទៅ​រលូន​សម្រាប់​ពលរដ្ឋ​ប្រើប្រាស់ គឺ​ការប្រើ​ឧ​បករ​ណ៍ Router សម្រាប់​ស្រូប​សំឡេង​។ ឧបករណ៍​នេះ​ប្រឆាំង​ជាមួយ​ការរត់​សេវា ហេតុនេះ​ក្រសួង​អំពាវនាវ​ឱ្យ​ពលរដ្ឋ ដែល​ប្រើប្រាស់​ឧបករណ៍​នេះ​រុះរើ​ចេញ​វិញ ដើម្បី​ទទួលបាន​សេវា​ល្អ​ដែល​ផ្សាយ​ចេញពី​អង់​តែ​ន​នៅក្នុង​បុរី​ដែល​បាន​ដំឡើង។

​លោក​ថ្លែងថា​៖«​ដោយសារ​ឥឡូវ​យើង​ជាប់រវល់​រឿង​ការងារ​បោះឆ្នោត ប៉ុន្តែ​ពេល​បោះឆ្នោត​ហើយ​ក្រុមការងារ​ទាំង​៨ ដែល​ទទួលខុសត្រូវ​នៅក្នុង​បុរី​នឹង​ដើរ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​រុះរើ router ចេញ​។ ជា​បទពិសោធន៍​ការរុះ router ចេញ​នេះ​ពលរដ្ឋ​មិនសូវ​សហការ​ទេ ហេតុនេះ​ក្រសួង​ត្រូវ​បើ​ឧបករណ៍​ស្វែងរក​តាម​ដំបូលផ្ទះ​ដើម្បី​ដោះចេញ ដែល​ការងារ​នេះ​ត្រូវ​ចំណាយពេល​ច្រើន​»​។

​យ៉ាងណាក៏ដោយ លោក​រដ្ឋមន្ត្រី​លើកឡើងថា ក្រោយ​រុះរើ​ចេញ​អស់​នូវ ឧ​បករ​ណ៍ Router បូករួម​ជាមួយ​ការសាងសង់​អង់​តែ​ន​គ្រប់គ្រាន់ សេវា​ទូរស័ព្ទ និង​អ៊ីនធឺណិត​នៅ​រាជធានី​ភ្នំពេញ​នឹង​ដំណើរ​ការល្អ ងាយស្រួល​ដល់​ការប្រើប្រាស់​។

​លោក​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ បាន​លើកឡើងថា មាន​ហេតុផល​មួយចំនួន​ដែល​ធ្វើឱ្យ​សេវា​ទូរស័ព្ទ និង​សេវា​​អុីនធឺ​ណិ​តមិន​ដំណើរការ​ស្រួល ក្នុងនោះ​មានដូចជា មិនមាន​កន្លែង​សាងសង់​អង់​តែ​ន ករណីខ្លះ​ផ្ទះ​ប្រជាពលរដ្ឋ​ព្រម​ជួល​ឱ្យ​ក្រុមហ៊ុន​ដើម្បី​សាងសង់​អង់​តែន​ទូរស័ព្ទ ប៉ុន្តែ​បែរជា​អ្នកជិតខាង​មិន​យល់ព្រម​ដោយ​សំអាងថា ប៉ះពាល់​សុខភាព​។

​ចំណែក​ករណី​ខ្លះទៀត ប្រជាពលរដ្ឋ​ទិញ​សេវា​​អុីនធឺ​ណិ​ត ដាក់​នៅផ្ទះ មិន​សមស្រប​ទៅនឹង​ការប្រើប្រាស់​ជាក់ស្តែង មានន័យថា ក្នុងផ្ទះ​ត្រូវការ​ប្រើ ល្បឿន៥០Mbps ប៉ុន្តែ​បែរជា​ទិញ ៣០Mbps​។ រីឯ​ករណី​ខ្លះទៀត ក្រុមហ៊ុន​ផ្គត់ផ្គង់​ផ្ទុយ​ពីអ្វី​ដែល​អតិថិជន​ទិញ​យកទៅ​ប្រើប្រាស់​៕