​ភ្នំពេញៈ គណៈកម្មការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គជប​)​ នៅតែ​បន្ត​រក្សា​ការ​​ប្រើ​ទឹកខ្មៅ​លុប​មិន​ជ្រះ របស់​ក្រុមហ៊ុន Mysore Paints & Varnish Ltd. នៃ​ប្រទេស​ឥណ្ឌា​សម្រាប់​ការបោះឆ្នោត​អាណត្តិ​ទី​ ៧​ នៅ​ថ្ងៃទី​ ២៣ ​ខែកក្កដា ដោយ​ទឹកខ្មៅ​នេះ ត្រូវបាន​ចំណាយ​ថវិកា​ជាង ៩៦​ ម៉ឺន​ដុល្លារ​អាមេរិក ក្នុងការ​បញ្ជា​ផលិត​ពី​ក្រុមហ៊ុន​មួយ​នេះ​។​

​លោក ប្រាជ្ញ ចន្ទ ប្រធាន គជប បាន​ថ្លែងថា​៖ «​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដែល​ប្រើ​​ប្រាស់​ក្នុងការ​បោះឆ្នោត​នេះ ត្រូវ​បញ្ជា​ផលិត​ដោយ​ចំណាយ​ថវិកា​សរុប​ចំនួន ៩៦៣ ៣១០ ដុល្លារ​។ ក្នុងនោះ​ ១​ ដប ស្មើនឹង​ ១៧,៦៣​ ដុល្លារ​សរុប​ជា​ទឹកប្រាក់​ចំនួន ៩១៦ ៧៦០ ​ដុល្លារ​។ តម្លៃ​សេវា​ដឹកជញ្ជូន និង​ធានារ៉ាប់រង ៤៦ ៥៥០​ ដុល្លារ​»​។​

​លោក​ថ្លែង​ដូច្នេះ ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ ស្តីពី​ការបង្ហាញ​ទឹកខ្មៅ​លុប​មិន​ជ្រះ ប្រើប្រាស់​ក្នុងការ​បោះឆ្នោត និង​ការសាកល្បង​គុណភាព​ទឹកខ្មៅ​កាលពី​ថ្ងៃទី​ ៦ ខែកក្កដា​។

លោក ប្រាជ្ញ ចន្ទ ថ្លែងថា​៖ «​ដូច្នេះ​មិន​ខុសពី​ការបោះឆ្នោត​នីតិកាល​មុនៗ ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី ​៧ ឆ្នាំ​ ២០២៣ នេះ គ​.​ជ​.​ប នៅតែ​បន្ត​រក្សា​ការប្រើប្រាស់​ទឹកខ្មៅ​លុប​មិន​ជ្រះ របស់​ក្រុមហ៊ុន Mysore Paints & Varnish Ltd. នៃ​ប្រទេស​ឥណ្ឌា ដែលជា​ក្រុម​ហ៊ុន​មាន​ឯកទេស ក្នុង​ការផលិត​ទឹកខ្មៅ​នេះ និង​ធ្លាប់បាន​ផ្គត់ផ្គង់​ជូន គ​.​ជ​.​ប រៀងរាល់​ការបោះឆ្នោត​ដែល​អាច​ធានាបាន​ពី​គុណ​ភាព និង​សុវត្ថិភាព​ជូន​ដល់​អ្នកបោះឆ្នោត​»​។​

​លោក​បន្តថា មាន​ប្រទេស​ជាង​ ៣០ នៅលើ​សកលលោក​បាន​ប្រើប្រាស់​ទឹកខ្មៅ​របស់​ក្រុមហ៊ុន​នេះ ដែលមាន​ដូចជា ឥណ្ឌា​ខ្លួនឯង កម្ពុជា ម៉ាឡេស៊ី នេ​ប៉ាល់ អ្រា​ហ្វិ​ក​ខាងត្បូង ប៉ា​គី​ស្ថាន និង​អា​ហ្វ​ហ្គា​នី​ស្ថាន ជាដើម​។​

​លោក​ប្រធាន គជប បន្តថា មុននឹង​ធ្វើការ​បញ្ជា​ផលិត​ជា​ផ្លូវការ​នៅ​ចុងខែ​ធ្នូ ឆ្នាំ​ ២០២២ គ​.​ជ​.​ប បានស្នើ​សុំ​គំរូ​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដើម្បី​សាកល្បង​គុណភាព​ជាមុន​ពី​ក្រុមហ៊ុន​មាន​ចំនួន ​៤ ​កម្រិត គឺ​កម្រិត​សូលុយស្យុង​ប្រា​ក់នី​ត្រាត ​២៥ ​ភាគរយ កម្រិត​សូលុយស្យុង​ប្រាក់​នីត្រាត​ ២០ ​ភាគរយ កម្រិត​សូលុយស្យុង​ប្រាក់​នីត្រាត ​១៨​ ភាគរយ និង​កម្រិត​សូលុយស្យុង​ប្រាក់​នីត្រាត​ ១៥​ ភាគរយ​។​

​លោក ប្រាជ្ញ ចន្ទ ថ្លែងថា​៖ «​មន្ត្រី​ជំនាញ​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ជ​.​ប បានធ្វើការ​សាកល្បង គំរូ​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដែល​ក្រុមហ៊ុន​បាន​ផ្តល់ជូន​ចំនួន ៤ ​កម្រិត​នេះ​ឃើញថា ទឹកខ្មៅ​លុប​មិន​ជ្រះ កម្រិត​សូលុយស្យុង​ប្រាក់​នីត្រាត ២០ ​ភាគរយ មានគុណ​ភាពល្អ ជាពិសេស​ភាព​ដិត​ខ្មៅ​ជាប់​នឹង​ស្បែ​កដៃ​ក្រចក និង​គល់​ក្រចក ព្រមទាំង​កម្រិត​ស្ងួត​លឿន​ក្នុង​បរិយាកាស​មិនអាច​លុប​ជ្រះ​ភ្លាមៗ​បានឡើយ ហើយ​គុណភាព​នេះ​ប្រហាក់ប្រហែល​នឹង​គុណភាព​ទឹកខ្មៅ​លុប​មិន​ជ្រះ​ដែល គ​.​ជ​.​ប បាន​ប្រើប្រាស់​ក្នុង​ការបោះ​​ឆ្នោត​កន្លងមក​ដែល​អាច​ធានាបាន​ទាំង​គុណភាព​ប្រើប្រាស់ និង​អាច​ធានាបាន​ទាំង​សុខភាព​របស់​អ្នកប្រើប្រាស់​»​។​

លោកប្រាជ្ញ ចន្ទ (ស្តាំ)​ ​និងលោកហង្ស ពុទ្ធា​ ក្នុងសន្និសីទកាសែតពីថ្ងៃ ៦ ​កក្កដា។ ហេង ជីវ័ន

​បន្ទាប់ពី​សាកល្បង​គុណភាព​រួច​នៅ​ខែ​កុម្ភៈ​ឆ្នាំ​ ២០២៣ គ​.​ជ​.​ប បានធ្វើ​ការបញ្ជា​ផលិត​ជា​ផ្លូវការ​ទៅ​ក្រុមហ៊ុន Mysore Paints &Varnish Ltd នៃ​ប្រទេស​ឥណ្ឌា នូវ​ទឹកខ្មៅ​លុប​មិន​ជ្រះ កម្រិត​សូលុយស្យុង​ប្រាក់​នីត្រាត​ ២០ ​ភាគរយ​ចំនួន ៥២ ០០០​ ដប​ក្នុង ​១ ​ដប​ចំណុះ ​៧០​ មិ​ល្លី​លីត្រ ដោយ​ដប​នីមួយៗ​រចនា​រាង​ខ្លី​ជាង​មុន និង​មាន​អេ​ប៉ុង​ខាងក្នុង​ដប​ដើម្បីឱ្យ​អ្នកបោះឆ្នោត​ងាយ​​ស្រួល​ក្នុងការ​ជ្រលក់​ម្រាមដៃ​។

​លោក​ប្រាជ្ញ​ចន្ទ​បញ្ជាក់ថា​៖ «​ទឹកខ្មៅ​លុប​មិន​ជ្រះ​នេះ​មាន​សុពលភាព​ ៦ ​ខែ គិត​បន្ទាប់ពី​ការផលិត (​កាលបរិច្ឆេទ​ប្រើ​ចុងក្រោយ ខែវិច្ឆិកា ឆ្នាំ​ ២០២៣) »​។

​គជប នឹងធ្វើ​ការបែងចែក​ទឹកខ្មៅ​លុប​មិន​ជ្រះ​នេះ​តាម​គោលដៅ​ប្រើប្រាស់ ដោយ​ផ្តល់ជូន​ក្នុង​១​ការិយាល័យ​បោះឆ្នោត​ចំនួន​ ២​ ដប បម្រុង​រក្សាទុក​នៅ​គណៈកម្មការ​រាជធានី ខេត្ត​រៀបចំ​ការបោះឆ្នោត​ចំនួន​ ៨០០​ ដប ដើម្បី​ដោះស្រាយ​ពេល​មាន​តម្រូវការ​ចាំបាច់ និង​រក្សាទុក​នៅ​គ​.​ជ​.​ប​មួយចំនួន​។​

​លោក ទេព នីថា អគ្គលេខាធិការ គជប ថ្លែង​ក្នុង​ពិធី​នេះ​ថា ពុំមាន​គម្រោង​ផលិត​ទឹកខ្មៅ​នេះ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។ គជប បាន​ប្រើប្រាស់​ទឹកខ្មៅ​នេះ មាន​ប្រសិទ្ធភាព​តាំងពី​ឆ្នាំ​ ១៩៩៨​។

លោក​បន្ថែមថា​៖ «​កាលនោះ UNDP អ្នក​ជួយ​យើង ហើយ​ទិញ​ពី​ប្រទេស​ឥណ្ឌា​ឬ​ទិញ​ពី​ក្រុមហ៊ុន​ដដែល​នេះ ហើយ​ការប្រើប្រាស់​របស់​យើង​គឺមាន​ប្រសិទ្ធ​ភាពល្អ​»​។ លោក​បន្តថា ក្នុង​រយៈពេល​ដែល​ប្រើ​កន្លងមកនេះ គឺ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចំណាយ​ថវិកា​ក្នុង​ការទិញ ទឹក​​ថ្នាំ​នេះ លើកលែងតែ​នៅក្នុង​ឆ្នាំ​ ២០០៣ និង ២០១៣ ដែល​រដ្ឋាភិបាល​ឥណ្ឌា​បាន​ឧបត្ថម្ភ​ទឹក​ថ្នាំ​នេះ​សម្រាប់​កម្ពុជា​ប្រើប្រាស់​ក្នុងការ​បោះឆ្នោត​។​

​លោក អ៊ុន វិ​សិទ្ធ​គុន ប្រធាន​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ បាន​ថ្លែង​ក្រោយពី​បាន​ជ្រលក់​ទឹកខ្មៅ​នេះ​ថា​៖ «​សុំ​បញ្ជាក់ថា ទឹក​ថ្នាំ​នេះ​គឺ​ខ្ញុំ​បាន​ជ្រលក់​អម្បាញ់មិញ​ហ្នឹង ហើយ​ឃើញថា មានគុណ​ភាពល្អ អត់​មានការ​ផ្លាស់ប្តូរ មានតែ​ពណ៌​រឹតតែ​ខ្មៅ​ឡើង​។ អ៊ីចឹង​ទេ ខ្ញុំ​សូម​គាំទ្រ​លើ​ចំណាត់ការ​ទាំងអស់នេះ ហើយក៏​សុំឱ្យ គជប រក្សា​ទឹក​ថ្នាំ​នេះ​រហូត​ទៅដល់​ចប់​ការបោះឆ្នោត​»​។​

​លោក ប្រាជ្ញ ចន្ទ បាន​ថ្លែង​បិទ​បញ្ចប់​ពិធី​នេះ​ថា​៖ «​អម្បាញ់មិញ​យើង​បាន​សាកល្បង​ជ្រលក់​ ២៥​ នាក់​នូវ​ទឹកខ្មៅ​លុប​មិន​ជ្រះ ហើយ​តាម​ការបញ្ចេញមតិ​បង្ហាញថា គុណភាព​ទឹកខ្មៅ​នេះ​បាន​ធានា​គុណភាព មិនអាច​លុប​ជ្រះ​មែន​»៕