ភ្នំពេញៈ លោកស្រី យី សុខវួច ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាលពីថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០២៣ សម្រេចផ្ដន្ទាទោសអតីតមន្ត្រីក្រសួងសង្គមកិច្ចឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០០ លានរៀល ព្រមទាំងរឹបអូសទ្រព្យសម្បត្តិមួយចំនួនពីបទ «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់»។ យោងតាមការប្រកាសសាលក្រមរបស់ចៅក្រមជំនុំជម្រះ។
សាលក្រមនេះបានបញ្ជាក់ថា លោកឡាយ សំណាង អាយុ ៥៣ ឆ្នាំ អតីតអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានកិបកេងថវិការដ្ឋជាង ៣៨ ម៉ឺនដុល្លារ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា ថ្លែងថា ការកាត់ទោសមន្ត្រីរដ្ឋាភិបាលដែលកេងប្រវ័ញ្ចថវិការដ្ឋនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ។
លោក ប៉ិច ពិសី ថ្លែងថា៖ «ការដាក់ទោសទណ្ឌទៅលើមន្ត្រីរូបនេះ គឺជាសារមួយដ៏សំខាន់ចំពោះមន្ត្រីផ្សេងទៀតដែលអាចមានជាប់ពាក់ព័ន្ធ ឬមានបំណងចង់ប្រព្រឹត្តអំពើពុករលួយហ្នឹង គាត់អាចមានការបារម្ភ និងភ័យខ្លាចដោយសារមានគំរូហើយថា បើមានភ័ស្តុតាងអំពើរលួយ គាត់អាចមានទោស។ ដូច្នេះ នេះជាករណីមួយដែលអាចជាគំរូសម្រាប់មន្ត្រីដទៃទៀត»។
លោកថ្លែងគាំទ្រដល់អាជ្ញាធរ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយបន្តកិច្ចការប្រយុទ្ធប្រឆាំងអំពើពុករលួយ សម្រាប់ករណីផ្សេងៗទៀតដែលកំពុងមានតម្រុយដែលលេចឮតាមសារព័ត៌មាន ឬមតិសាធារណៈ ត្រូវមានការស៊ើបអង្កេតជាក់លាក់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់អំពើពុករលួយពីរង្វង់មន្ត្រីសាធារណៈ។
សាលក្រមនេះបានប្រកាសធ្វើឡើងជាសាធារណៈ ព្រមទាំងបើកផ្លូវទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះសេចក្តីសម្រេច និងការកាត់សេចក្តីនេះ។
កាលពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២៣ លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង តំណាងអយ្យការ បានបើកការស៊ើបសួរលើ លោកឡាយ សំណាង ពាក់ព័ន្ធសំណុំរឿងអំពើពុករលួយបានបិទបញ្ចប់ក្រោយពីបានស៊ើបអង្កេតជាង ១៣ ខែពី ACU។ បន្ទាប់មក តំណាងអយ្យការក៏បានសម្រេចចោទលោក សំណាង ពីពុករលួយ តាមមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
លោកឡាយ សំណាង ត្រូវបានចោទប្រកាន់ពាក់ព័ន្ធការកិបកេងថវិការដ្ឋជាង ១ ៥០០ លានរៀល ស្មើនឹងជាង ៣៨ ម៉ឺនដុល្លារអាមេរិក។ ក្រៅពីនោះ លោកក៏ជាប់ពាក់ព័ន្ធនឹងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ផងដែរ។
លោក ឡាយ សំណាង បានបម្រើការជាប្រធានការិយាល័យអភិវឌ្ឍន៍ស្រុកបាភ្នំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចាប់ពីឆ្នាំ ១៩៩៣ រហូតដល់ឆ្នាំ ២០០២។ ពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០០៧ លោកបានបម្រើការជាមន្ត្រីសម្របសម្រួលនៃកម្មវិធីកំណែទម្រង់ថ្នាក់ក្រោមជាតិ ប្រចាំខេត្តព្រៃវែង។ ពីឆ្នាំ២០១២ ដល់ឆ្នាំ ២០១៣ ជាមន្ត្រីនៃនាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់នៃក្រសួងសង្គមកិច្ច។ បន្ទាប់មក នៅឆ្នាំ ២០១៤ លោកក្លាយជាអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ រហូតដល់ការព្យួរតួនាទីនៅខែឧសភា ឆ្នាំ ២០២១ ក្រោយមានការសង្ស័យលើបញ្ហាកិបកេងថវិការដ្ឋ៕