ភ្នំពេញៈ ក្រសួង​ធនធានទឹក និង​ឧតុនិយម​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB និង​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួនទៀត បាននិងកំពុង​ព​ន្លឿ​ន​ការរៀបចំ​យុទ្ធសាស្ត្រ​ថ្មី​រួមគ្នា សម្រាប់​វិស័យ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម​នៅ​កម្ពុជា សំដៅ​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​ប្រសើរ​ថែមទៀត ពិសេស​ទប់ទល់​នឹង​ការ​ប្រែ​​ប្រួល​អាកាសធាតុ​។​

​កិច្ចប្រជុំ​អន្តរក្រសួង​នេះ​បាន​រៀបចំឡើង​ពីថ្ងៃ​ទី​ ៥ ខែកក្កដា ឆ្នាំ​ ២០២៣ ក្រោម​វត្តមាន​លោក វ​ង្សី វិសុទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​,​លោកស្រី​ Jyotsana Varma នាយក​នៃ​ស្ថាន​​តំណាង​ ADB ប្រចាំ​នៅ​កម្ពុជា​, លោក ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​មន្ត្រី​មកពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ច្រើន​រូប​ទៀត​។​

​នាឱកាស​នោះ លោក ចាន់ ស៊ី​ណាត បាន​លើកឡើងថា កិច្ចប្រជុំ​នេះ គឺធ្វើឡើង​ដើម្បី​ដាក់ចេញ​ការអនុវត្ត​ឱ្យ​កាន់តែ​សកម្ម​លើ​បេសកកម្ម​ការងារ​គ្រប់គ្រង​ទឹក ប្រើប្រាស់​ទឹក បញ្ជា​ទឹក និង​ការងារ​ព្យាករ​ឧតុនិយម​ឱ្យ​កាន់​តែ​ល្អ​ច្បាស់លាស់​ថែមទៀត​។​

​លោក​បាន​បន្តថា​៖ «​កិច្ចប្រជុំ​រវាង​អន្តរក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នាពេលនេះ​ពិតជា​នឹង​ជួយ​ជំរុញ​ដល់​ចក្ខុវិស័យ​ដ៏​យូរ​​អង្វែង​ប្រកបដោយ​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មាន​និរន្តរភាព និង​សម្រេចបាន​លទ្ធផល​ក្នុង​ប្រសិទ្ធ​ភាព​ខ្ពស់​លើ​ការគ្រប់គ្រង​ទឹក ប្រើប្រាស់​ទឹក បញ្ជា​ទឹក សំដៅ​បម្រើឱ្យ​គ្រប់​វិស័យ និង​ធានា​ឱ្យខាងតែបាន​សន្តិសុខ​ទឹក​សម្រាប់​ប្រទេស​កម្ពុជា​ទាំងមូល​»​។​

​លោក​ចាន់ ស៊ី​ណាត បានឱ្យដឹងថា ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ​គឺមាន​ការគូសវាស​គ្រោង​ប្លង់​លម្អិត​ក្នុង​យុទ្ធសាស្ត្រ​គ្រប់​គ្រង​ទឹក បញ្ជា​ទឹក ប្រើប្រាស់​ទឹក និង​វិស័យ​ឧតុនិយម​ពី​ក្រសួង​ធនធានទឹក ពិសេស​ដោយមាន​ការគាំទ្រ​ពេញទំហឹង​ពី​ក្រសួង​​សេដ្ឋកិច្ច បានធ្វើឱ្យ​ធនាគារ​ ADB យល់ព្រម​បោះទុន​វិនិយោគ​ដ៏​ច្រើន​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ដ្រ​សម្រាប់ធ្វើ​ទំនើប​កម្ម​វិស្វកម្ម​លើ​វិស័យ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម​នៅ​កម្ពុជា និង​លើ​វិស័យ​ពាក់ព័ន្ធ​មួយចំនួនទៀត​ផងដែរ​។​

ជុំវិញ​ការសម្រេច​បោះទុន​វិនិយោគ​ដ៏​ច្រើន និង​ជំនួយឥតសំណង​ពី​សំណាក់​ធនាគារ ADB នេះ លោក ចាន់ ស៊ី​ណាត បាន​ចាត់ទុកថា នេះ​គឺ​ការសម្រេច​ជោគជ័យ​ដ៏​ធំ ដើម្បី​កែលម្អ​ផែន​ការ​ការងារ​វិនិយោគ​រយៈពេល​វែង​ក្នុង​ការធ្វើ​ទំនើបកម្ម​វិស្វកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម ដែលមាន​លក្ខណៈ​ធន់​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ ការឡើង​កម្តៅ​នៃ​ភពផែនដី​ជា​អតិបរមា និង​ការទប់ស្កាត់​នឹង​គ្រោះមហន្តរាយ​នានា​ដែល​កើតឡើង​ដោយសារ​ទឹក​។​

​សូម​រំឭកថា នៅក្នុង​កិច្ចចរចា​រួមគ្នា​រវាង​ក្រសួង​ធនធានទឹក​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាល​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ២០២៣ ADB បានឱ្យដឹងថា ខ្លួន​បាន​ត្រៀម​កញ្ចប់​ថវិកា​ថ្មី​ចំនួន ​២០០ ​លាន​ដុល្លារ​រួចរាល់​ហើយ​ដើម្បី​ចូលរួម​វិនិយោគ​រយៈពេល​វែង​លើ​វិស័យ​គ្រប់​គ្រង​ធនធានទឹក និង​ឧតុនិយម​នៅ​ទូទាំងប្រទេស​កម្ពុជា​។​

​ក្នុងនោះ ADB បាន​យល់​ព្រម​តាម​សំណើ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក្នុង​ដំណើរការ​កិច្ចអភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម ក្នុង​និយាម​ធ្វើ​ទំនើបកម្ម​វិស្វកម្ម​តំបន់​សេដ្ឋកិច្ច​ប៉ូល​ទី ​៤ របស់​ភូមិភាគ​ពាយព្យ​នៃ​ប្រទេស​កម្ពុជា គិត​ចាប់ពី​អនុតំបន់​ ៥ អនុតំបន់​ទំនប់​តា​ម៉ុក និង​ទំនប់​ថ្មី ពី​អនុ​​តំបន់​ទន្លេ​ល្ពៅ​របស់​ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង និង​ខេត្ត​​ឧ​ត្ត​រ​មានជ័យ ពី​អនុតំបន់​រវៀង អនុតំបន់​សង្គម​ថ្មី អនុតំបន់​ទំនប់​បា​ដាក​នៃ​ខេត្តព្រះវិហារ​ជាប់​នឹង​ភ្នំ​ដែក​របស់​ខេត្ត​កំពង់​ធំ​ដល់​អនុតំបន់​ ៣០ ​កញ្ញា អនុ​តំបន់​អ​ន្សា​ក្រង ផ្ទះ​ឌុ​ច រហូតដល់​តំបន់​បឹង​ជាដើម​។​

​លើសពីនេះ ADB ក៏បាន​អះអាងថា គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ​គ្រប់គ្រង​ទឹក និង​ឧតុនិយម ត្រូវតែ​ធានា​ឱ្យខាងតែបាន​នូវ​ការ​ទប់​ទល់នឹង​ការប្រែប្រួល​អាកាសធាតុ​គ្រប់ពេល​ទាំង​អស់​ឱ្យមាន​ភាព​ធន់ ច្បាស់​លាស់​ក្នុងការ​ទប់ទល់​នឹង​បា​តុ​ភូត​ធម្មជាតិ​គ្រប់​ប្រភេទ និង​ការឡើង​កម្តៅ​ជា​អតិបរមា​នៃ​ភពផែនដី​៕