ភ្នំពេញៈលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ​បានចែក​រំលែក​នូវ​ទស្សនាទាន​ទាំងឡាយ​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការគាំពារ​សុខុមាលភាព​សង្គម​ប្រកបដោយ​តម្លាភាព និងការចង្អុល​បង្ហាញ​ចំពោះ​កិច្ចការ​គន្លឹះ​ដែលត្រូវ​រៀបចំ​បន្ត ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ដើម្បី​ពង្រឹង​គុណភាព​នៃការផ្តល់​សេវា​របស់​មូលដ្ឋាន​សុខាភិបាល​ដែលជា​ដៃគូ​របស់ ប.ស.ស និងបង្កើត​យន្តការ​គាំពារ​សង្គម ចំពោះ​ការងារ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ ជំរុញ​ឱ្យ​ចូលទៅ​ក្នុង​ប្រព័ន្ធ។

លោកឧបនាយក​រដ្ឋមន្ត្រី​បានថ្លែង​បែប​នេះ ក្នុង​ពេល​ធ្វើជា​អធិបតី​ពិធីបើក​សម្ពោធ​អគារ​ស្នាក់ការ​កណ្តាល​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ស.ស.) កាលពី​ថ្ងៃ​ទី៦កក្កដា។

បើយោងតាម​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងទៀត​ថា បន្ថែមពី​នេះ ត្រូវពង្រីក​វិសាលភាព​គ្របដណ្តប់​ការថែទាំ​សុខភាព​ទៅកាន់​គ្រួសារ​របស់​សមាជិក ប.ស.ស. ទាំង​វិស័យ​សាធារណៈ និង​ឯកជន។

ពន្លឿនការ​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល តាមរយៈ​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និងកុមារ​អាយុក្រោម ២ ឆ្នាំ ដល់​កម្មករ​និយោជិត​ជាស្រ្តី​ទាំងក្នុង​ប្រព័ន្ធ​និងក្រៅ​ប្រព័ន្ធ បន្ត​អនុវត្ត​ការថែទាំ​សុខភាព​តាមប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល សម្រាប់​កម្មករ​និយោជិត​ក្រៅ​ប្រព័ន្ធ និង​ការផ្តល់​ប្រាក់​ឧបត្ថម្ភ​បន្ថែម​សម្រាប់​កម្មករ​និយោជិត​ជាស្រ្តី​នៅពេល​សម្រាល​កូន។

ជាមួយគ្នា​នេះលោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកទឹកចិត្ត​ឱ្យ​គ្រប់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ និងភាគី​ពាក់ព័ន្ធ​ទាំងអស់​ចូលរួម​គាំទ្រ​ដល់ ប.ស.ស. ទាំងផ្នែក​បច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បី​អភិវឌ្ឍ​ប្រព័ន្ធ​សន្តិសុខ​សង្គម​កម្ពុជា ឱ្យ​ក្លាយជាប្រព័ន្ធ​មួយ​ដែលមាន​ស័ក្តិសិទ្ធភាព ចីរភាព សមធម៌ និងបរិយាប័ន្ន៕​