ភ្នំពេញៈ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រ នាថ្ងៃទី ៧ កក្កដា នេះបានបង្ហោះសារអបអរសាទរខួបលើកទី ១៥ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ដោយលោកបានលើកឡើងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កម្ពុជាទទួលជោគជ័យក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកណ្ឌពិភពលោក។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុកថា៖ «អបអរសាទរខួបលើកទី ១ ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៣)។ តាមរយៈកិច្ចខិតខំប្រឹងប្រែងដ៏មោះមុតស្វិតស្វាញរបស់រាជរដ្ឋាភិបាលកម្ពុជាទទួលជោគជ័យក្នុងការស្នើបញ្ចូលប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកណ្ឌពិភពលោក»។
លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) បញ្ជាក់ថា ក្រោម «ម្លប់នៃសុខសន្តិភាព» មរតកវប្បធម៌ច្រើនអនេកដែលស្ទើរតែបាត់បង់ក្នុងសម័យសង្គ្រាម បានរស់រានមានជីវិតឡើងវិញ និងកំពុងត្រូវបានលើកស្ទួយ ឈានទៅដល់ក្លាយជាបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ។
លោកសរសេរថា៖ «ថែរក្សាការពារសន្តិភាព ប្រៀបបីដូចយើងបានថែរក្សាការពារសម្បត្តិវប្បធម៌ដូនតាដូច្នេះដែរ»៕