មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ បានប្រកាសច្រានចោលនូវការចេញផ្សព្វផ្សាយរបស់ម្ចាស់គណនី Facebook មួយរូប ដែលបានបង្ហោះរូបភាព ពាក់ព័ន្ធការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង ខណៈមន្ទីរបានបញ្ជាក់ថាការបាក់បែកនោះមានតាំងពីទសវត្សរ៍ទី ៩០ មកម្ល៉េះ។
ក្នុងលិខិតបដិសេធរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហា ចុះថ្ងៃទី ៦ ខែកក្កដា បានធ្វើការច្រានចោលនូវការចេញផ្សព្វផ្សាយរបស់ម្ចាស់ Account Facebook ឈ្មោះ Sisowath Sithiden ដោយបានបង្ហោះពាក់ព័ន្ធការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន (ព្រះខ័ន) ដែលមានទីតាំងស្ថិតនៅភូមិតាសែង ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ប្រភពដដែលបញ្ជាក់ថា៖ «មន្ទីរវប្បធម៌និងវិចិត្រសិល្បៈ សូមធ្វើការច្រានចោលទាំងស្រុងជុំវិញព័ត៌មានដែលថាមានការបំផ្លិចបំផ្លាញរូបចម្លាក់ថ្មីៗនៅជញ្ជាំងប្រាសាទបន្ទាយក្នុង នៅក្នុងតំបន់ប្រាសាទបាកាន (ព្រះខ័ន) ដោយភ្ជាប់ជាមួយរូបភាពដែលជាហេតុធ្វើឱ្យមហាជនទូទាំងប្រទេសមាការយល់ច្រឡំ»។
ជាមួយគ្នានេះ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ បញ្ជាក់ថា រូបចម្លាក់ដែលម្ចាស់ Account Facebook ខាងលើបានយកទៅផ្សព្វផ្សាយនោះគឺ ជារូបភាពដែលបានដាប់បំផ្លាញតាំងពីទសវត្សរ៍ទី ៩០ មកម្ល៉េះ មិនមែនជាការដាប់បំផ្លាញនាពេលថ្មីៗនេះទេ។
មន្ទីរវប្បធម៌ ឱ្យដឹងទៀតថា នាពេលបច្ចុប្បន្ននេះ តំបន់ប្រាសាទបាកាន (ព្រះខ័ន) ត្រូវបានទទួលការគាំពារ និងអភិរក្ស ដោយមានកម្លាំងអភិរក្ស និងប៉ូលិសបេតិកភណ្ឌ ដែលឈរជើងប្រចាំការនៅទីនោះ មិនក្រោមពី ៣០ នាក់ឡើយ។
គួរជម្រាបថា កាលពីថ្ងៃទី ៦ ខែកក្កដានេះ គណនីហ្វេសប៊ុកឈ្មោះ Sisowath Sithiden បានបង្ហោះសារដោយភ្ជាប់ជាមួយរូបចម្លាក់បាក់បែកថា៖ «សម័យនេះហើយនៅមានអ្នកលួចគាស់យករូបចម្លាក់យកទៅទៀត ឱខ្មែរអើយខ្មែរហេតុអ្វីក៏វេទនាយ៉ាងនេះ គ្រាន់តែខ្ញុំឃើញរូបនេះហើយស្លុតចិត្តខ្លាំងណាស់ (រូបចម្លាក់នៅប្រាសាទបាកាន ព្រះខ័នកំពង់ស្វាយ) ពាក្យចចាមអារ៉ាមថាមានការបំផ្លាញកាន់តែច្រើនទៅៗហើយ។ សូមអាជ្ញាធរនិងក្រសួងពាក់ព័ន្ធជួយបកស្រាយបំភ្លឺផង ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋពិតជាព្រួយបារម្ភខ្លាំងណាស់ដែលជាកេរដំណែលមរតកដូនតា»៕