ភ្នំពេញៈ ក្នុងដើមសប្ដាហ៍ទី១ ខែកក្កដា អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន ១១ គ្រឿង ដែលមានទម្ងន់ជិត ៧ ម៉ឺនគីឡូក្រាម។
អគ្គនាយកដ្ឋានគយបញ្ជាក់ក្នុងសេចក្តីប្រកាសព័ត៌មាននាថ្ងៃទី ៧ ខែកក្កដា ថា អគ្គនាយកដ្ឋាននេះបាន និងកំពុងអនុវត្តយ៉ាងសកម្មនូវបទបញ្ជាឆ្នាំ ២០២២ របស់រាជរដ្ឋាភិបាលស្ដីពីវិធានការបង្កើនប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធ ដើម្បីបង្កើនបរិយាកាសឱ្យមានការប្រកួតប្រជែងដោយស្មើភាពក្នុងអាជីវកម្ម ការកៀរគរចំណូលចូលថវិកាជាតិ និងការពារសង្គម។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ជាក់ស្ដែង កាលពីដើមសប្ដាហ៍ទី១ នៃខែកក្កដា អង្គភាពគ្រប់គ្រងហានិភ័យ និងសវនកម្មគយ សហការជាមួយក្រុមអន្តរាគមន៍ពិសេសបានចុះប្រតិបត្តិការបង្ក្រាបទំនិញគេចពន្ធនៅតាមគោលដៅមួយចំនួន ដោយបង្ក្រាបបានរថយន្តដឹកទំនិញគេចពន្ធចំនួន ១១ គ្រឿង ដែលមានទម្ងន់សរុប៦៩ ៥២០គីឡូក្រាម និងមានប្រាក់ពន្ធ និងអាករប៉ាន់ស្មាន រួមទាំងពិន័យបទល្មើសនឹងច្បាប់ស្ដីពីគយមានប្រមាណជាង ៤០០ លានរៀល [ជាង៩ម៉ឺនដុល្លារអាមេរិក]»។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា កាលពីយប់ថ្ងៃទី១ ខែកក្កដា នៅភូមិសាស្ត្រស្រុកទ្រាំង ខេត្តតាកែវ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនេះ មានឧបទ្ទវហេតុប្រឈមមួយ ដោយមានជនប្រដាប់អាវុធមួយក្រុមប្រើប្រាស់រថយន្ដចំនួន ៣គ្រឿង មករារាំង និងបានផ្ទុះអាវុធចំនួន៥ គ្រាប់ សំដៅលើសមត្ថកិច្ចគយដើម្បីរំដោះរថយន្ដ ១គ្រឿងដឹកទំនិញគេចពន្ធ (អាចជាសាច់បង្កក) ពីសមត្ថកិច្ចគយ។
ប្រភពដដែលបន្តថា ដោយពេលយប់ងងឹត និងដើម្បីសុវត្ថិភាព សមត្ថកិច្ចគយបានផ្អាកការប្រដេញរថយន្តនោះ ហើយជនប្រដាប់អាវុធទាំងនោះបានរំដោះ និងនាំយករថយន្តដឹកទំនិញគេចពន្ធនោះទៅបាត់។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា៖ «ដោយការរារាំងសមត្ថកិច្ចគយ និងជាពិសេសការផ្ទុះអាវុធមកលើសមត្ថកិច្ចគយកំពុងអនុវត្តច្បាប់ ជាបទល្មើសធ្ងន់ធ្ងរ មន្ត្រីគយបានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរមានសម្ថកិច្ចខេត្តតាកែវ ហើយដោយមានការគាំទ្រ និងយកចិត្តទុកដាក់ពីឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជនបង្កហេតុផ្ទុះអាវុធមកលើសមត្ថកិច្ចគយ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច និងតុលាការខេត្តតាកែវចាប់ឃុំខ្លួន និងកំពុងចាត់ការបន្ដតាមនីតិវិធីច្បាប់ជាធរមាន»។
អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា អំពាវនាវដល់អាជីវករ និងពាណិជ្ជករ បំពេញកាតព្វកិច្ចពន្ធនិងអាករតាមច្បាប់។
អគ្គនាយកដ្ឋានគយបញ្ជាក់ថានឹងបន្តអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេច និងបន្លំពន្ធ ដូចភ្លៀងរលឹមស្របតាមយុទ្ធសាស្ត្រកៀរគរចំណូល រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល៕