រតនគិរីៈ អង្គការសត្វព្រៃ និងរុក្ខជាតិ សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថាន និងមន្ទីរបរិស្ថានខេត្តរតនគិរី និងស្ទឹងត្រែង បានចុះសិក្សាស្រាវជ្រាវជីវៈចម្រុះក្នុងឧទ្យានជាតិវីរៈជ័យតាមរយៈដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិជាខ្សែវីដេអូថតបាន វត្តមានសត្វឈ្លូសយក្សជាច្រើនក្បាលដែលការរកឃើញដ៏រំភើបរីករាយក្នុងឆ្នាំ ២០២៣នេះ។
តាមការផ្សាយលើហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងថា ម៉ាស៊ីនថតស្វ័យប្រវត្តិ នៅតំបន់ព្រៃជ្រៅដាច់ស្រយាលក្នុងឧទ្យានជាតិនេះ ថតបានសត្វឈ្លូសយក្ស ដែលជាប្រភេទសត្វជិតផុតពូជបំផុតនៅលើពិភពលោក ជាច្រើនក្បាល។ ការរកឃើញនាពេលថ្មីៗនេះបាន បញ្ជាក់ពីសារៈសំខាន់នៃឧទ្យានជាតិវីរៈជ័យសម្រាប់សត្វដែលជិតផុតពូជបំផុតប្រភេទនេះ។
ការសិក្សាស្រាវជ្រាវកន្លងមករបស់អង្គការសត្វព្រៃ និងរុក្ខជាតិជាមួយក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០២១ បានរកឃើញនូវវត្តមានឈ្លូសយក្សញីជាមួយកូននៅក្នុងឧទ្យានជាតិវីរៈជ័យ ដែលបានបង្ហាញថាប្រភេទសត្វនេះបានបន្តពូជនៅក្នុងតំបន់នេះ។
ប្រភពបញ្ជាក់ថា៖«ការរកឃើញបន្ថែមទៀតនូវវត្តមានប្រភេទសត្វនេះ គឺបានបញ្ជាក់យ៉ាងច្បាស់ថាប្រភេទសត្វដ៏កម្រនេះកំពុងតែរស់នៅក្នុងតំបន់ឧទ្យានជាតិនេះ។ តែទោះបីជាយ៉ាងណា ប្រភេទសត្វឈ្លូសយក្សបាននិងកំពុងប្រឈមនឹងហានិភ័យនៃការផុតពូជពីធម្មជាតិ ដោយសារកត្តាគំរាមកំហែងពីការបរបាញ់ និងការដាក់អន្ទាក់»។
បើតាមក្រសួងបរិស្ថាន ដើម្បីការពារសត្វឈ្លូសយក្សឱ្យបានគង់វង្ស ចាំបាច់ត្រូវការព័ត៌មានទិន្នន័យទាំងអស់នេះ ក្នុងការរៀបចំផែនការអភិរក្សជាក់ស្តែងជាបន្ទាន់ ដើម្បីការពារទីជម្រកចុងក្រោយសម្រាប់ប្រភេទសត្វដ៏កម្រមួយនេះ៕