មន្ត្រីជំនាញ និងអង្គការអភិរក្សធម្មជាតិ បានកត់ត្រាកូនផ្សោតថ្មីមួយទៀតនៅអន្លង់កាំពីនៃខេត្តក្រចេះ ដែលជាដំណឹងដ៏រីករាយបង្ហាញពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងារដែលអភិរក្សនៅតំបន់នោះប្រកបដោយប្រសិទ្ធភាព។
ក្រុមស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងស្ទឹងត្រែង រដ្ឋបាលជលផល និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ(WWF) ដែលធ្វើលើកិច្ចការនេះ បានកត់ត្រាកូនផ្សោតថ្មីមួយទៀត នៅអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។
តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឱ្យដឹងថា ក្រុមការងារបានទទួលព័ត៌មានពីក្រុមសហគមន៍អ្នកចម្លងទូកទេសចរណ៍ និងក្រុមឆ្នាំទន្លេប្រចាំអន្លង់កាំពី បានចុះថតបានកូនផ្សោតនៅម៉ោង១១:៣០នាទីព្រឹក នាថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០២៣ នេះ នៅចំណុចអន្ទង់វៀន នៃ អន្លង់កាំពី។
តាមការអង្កេត កូនផ្សោតទើបកើតថ្មីនេះមានអាយុប្រមាណ១០ថ្ងៃកំពុងហែលជាមួយផ្សោតពេញវ័យចំនួន ៩ក្បាលទៀត។ ការកត់ត្រាកូនផ្សោតថ្មីនេះ ជាកូនផ្សោតទី៥ហើយ កត់ត្រាចាប់តាំងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ។
ជុំវិញកំណត់ត្រាកូនផ្សោតថ្មីនេះ អង្គការ WWF-Cambodia បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយបានចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអង្គការ WWF-កម្ពុជា សម្រាប់កំណត់ត្រាដ៏សំខាន់នៃកូនផ្សោតដែលទើបនឹងកើតនេះ។
WWF បន្តថា ក្រុមស្រាវជ្រាវរបស់រដ្ឋបាលជលផល និងអង្គការ WWF កំពុងតាមដានចំនួនសត្វផ្សោតនៅតាមទីជម្រកទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ដែលពួកគេបានធ្វើការអង្កេតផងដែរ ដើម្បីប៉ាន់ប្រមាណចំនួនផ្សោតដែលកំពុងរស់នៅសម្រាប់ឆ្នាំ ២០២៣។
សូមជម្រាបថា នៅឆ្នាំ២០២២ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល និងនៅឆ្នាំ២០២១ ក្រុមការងារបានកត់ត្រាកូនផ្សោតបានចំនួន០៦ក្បាល៕