កំពង់ធំៈ អាជ្ញាធរជាតិសំបូរព្រៃគុក បានរៀបចំពិធីប្រុងពលីដើម្បីអបអរសាទរខួប ៦ ឆ្នាំ នៃការដាក់ «តំបន់ប្រាសាទសំបូរព្រៃគុក» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅរសៀលថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២៣។
ពិធីប្រុងពលីដើម្បីអបអរសាទរនេះធ្វើឡើង ក្រោមវត្តមានលោក ផាន់ ណាឌី អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រី មន្ត្រីជាប់កិច្ចសន្យាគ្រប់រូបរបស់អាជ្ញាធរជាតិសំបូរព្រៃគុក នៅបរិវេណក្រុមប្រាសាទយាយព័ន្ធ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ក៏ដូចជាការរំឭកនូវគុណូបការៈដល់បុព្វបុរសខ្មែរ ដែលបានបន្សល់ទុកនូវស្នាដៃដ៏ល្អឯកដល់កូនចៅជំនាន់ក្រោយ។
តាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានផ្សាយថា ប្រាសាទសំបូរព្រៃគុក គឺជាសំណង់ប្រាសាទរាងប្រាំបីជ្រុងដែលសាងអំពីឥដ្ឋនៅសតវត្សរ៍ទី៧ ហើយនៅខាងលិចតំបន់ប្រាសាទ ក៏មាននៅសល់ស្លាកស្នាមទីក្រុងបុរាណមួយដែលគេស្គាល់ថា "ឦសានបុរៈ"។
ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕