ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបទី១៥ ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្រោមវត្តមានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅព្រឹកថ្ងៃទី ៧ ខែកក្កដា ឆ្នាំ២០២៣នេះ។
តាមហ្វេសប៊ុកអាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងថា ពិធីនេះមានការចូលរួម ពីអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ អភិបាលខេត្តព្រះវិហារ, តំណាងព្រះបរមរាជវាំង, តំណាងអង្គការយូណេស្កូ, បណ្តាអង្គទូតឥណ្ឌា អាមេរិក ចិន ជប៉ុន បារាំង ដែលជាសមាជិក (ICC PREAH VIHEAR), អាជ្ញាធរជាតិអប្សរា, មន្ត្រីជាន់ខ្ពស់ថ្នាក់ជាតិ ព្រមទាំងកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ សរុបប្រមាណជាង១ ២០០នាក់។
លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍រំឭកពីអតីតកាល កាលពី១៥ឆ្នាំមុន ដែលជាការចងចាំជាប្រវត្តិសាស្ត្ររបស់ជាតិខ្មែរ ដែលអង្គការយូណេស្កូ បានសម្រេចដាក់បញ្ចូលប្រាសាទព្រះវិហាររបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨។
លោកស្រីបានបន្ថែមថា៖«លទ្ធផលជោគជ័យដ៏ធំធេងនេះ គឺជាកិច្ចខំប្រឹងប្រែងជាច្រើនឆ្នាំ ទាំងយប់ ទាំងថ្ងៃ ទាំងកម្លាំងកាយ កម្លាំងប្រាជ្ញា ប្រើប្រាស់ផ្នែកការទូតយ៉ាងស៊ីជម្រៅ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។
ជាមួយនេះ លោក កុល ប៊ុនលី រដ្ឋលេខាធិការ ក្រសួងព្រះបរមរាជវាំង បានអានព្រះរាជសារ របស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរខួបទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
នៅថ្ងៃដដែលនោះ ក៏មានការរៀបចំពិធីដាំកូនឈើនៅជើងភ្នំប្រាសាទព្រះវិហារ និងធ្វើពិធីលែងព្រាប បង្ហោះប៉ោងៗ ដើម្បីអបអរសាទរ ខួបទី១៥ឆ្នាំ នៃការចុះប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក និងពិធីរាប់បាត្រ និងប្រគេនទេយ្យទានដល់ព្រះសង្ឃចំនួន ៨៩អង្គ។ បន្ទាប់មកអាជ្ញាធរជាតិព្រះវិហារ ក៏បានរៀបចំអាហារថ្ងៃត្រង់ជូនគណៈអធិបតីជាតិ និងអន្តរជាតិប្រកបដោយភាពស្និទ្ធស្នាល នៅសាលប្រជុំព្រះវិហារ នៃអាជ្ញាធរជាតិព្រះវិហារផងដែរ៕