កំពង់ឆ្នាំងៈ ព្រះមហាក្សត្រ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានអំពាវនាវដល់ជនរួមជាតិចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានានូវធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗដោយព្រះអង្គមានព្រះបន្ទូលថា ព្រៃឈើជាសម្បត្តិធម្មជាតិដែលមានតម្លៃ និងជួយទប់ស្កាត់គ្រោះធម្មជាតិនានា។
ការអំពាវនាវនេះធ្វើឡើងនៅក្នុងព្រះរាជពិធី «បុណ្យរុក្ខទិវា ៩ កក្កដា» ដែលរៀបចំឡើងនៅ «ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន មានក» ស្ថិត ក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ពិធីនេះក៏មានការចូលរួមពីមន្ត្រីជាន់ខ្ពស់ជាច្រើនរូបផងដែរក្នុងនោះមានលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, លោកហេង សំរិន ប្រធានរដ្ឋសភា, លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង, ព្រមទាំងសមាជិករាជរដ្ឋាភិបាលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើនរូបទៀត។
ក្នុងទិវានោះព្រះមហាក្សត្រ មានព្រះបន្ទូលលើកឡើងថា ប្រជារាស្ត្រកម្ពុជាយល់ច្បាស់ណាស់ថា ព្រៃឈើគឺជាសម្បត្តិធម្មជាតិដែលមានតម្លៃដែលជួយទប់ស្កាត់ខ្យល់កន្ត្រាក់ រន្ទះនិងគ្រោះរាំងស្ងួតដែលជាទីតម្កល់ទឹកសម្រាប់តម្រូវការរបស់មនុស្ស និងសត្វ។
ម្យ៉ាងទៀតព្រៃឈើ មិនត្រឹមតែមានគុណតម្លៃខាងសេដ្ឋកិច្ច និងសង្គមប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សា លំនឹងបរិស្ថានធម្មជាតិ ធ្វើឱ្យធាតុអាកាសមានភាពបរិសុទ្ធ រក្សានិយតភាពប្រភពទឹក ព្រមទាំងការពារទីជម្រាល និងជីវចម្រុះទៀតផង។
ព្រះអង្គមានព្រះបន្ទូលថា៖ «ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះបរមរតនកោដ្ឋ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុតែងតែក្រើនរំឭក ដល់កូនចៅជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យចូលរួមថែរក្សា និងការពារព្រៃឈើ ដែលជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់ៗរូប តកូន តចៅ រៀងរហូតមក»។
ស្ថិតក្នុងបរិបទនេះ ព្រះអង្គក៏បានអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី វិស័យឯកជន និងជនរួមជាតិនៅទូទាំងប្រទេស ជួយចូលរួមដាំដើមឈើគ្រប់ប្រភេទឱ្យបានច្រើន ក្នុងនោះក៏មានដើមត្នោតដែលជារុក្ខជាតិតំណាងអត្តសញ្ញាណជាតិខ្មែរ ដើមឈើទាល ដើមគគីរ ជាដើម នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន ដងផ្លូវលំ ផ្លូវជាតិ ដងប្រឡាយ ភូមិឋាននានា និងភ្លឺស្រែចម្ការ ដើម្បីបំពេញតម្រូវការផលព្រៃឈើ និងសហគមន៍នានា។
ព្រះអង្គបន្តថា៖ «ម្យ៉ាងវិញទៀតសូមបងប្អូនជនរួមជាតិ ចូលរួមការពារព្រៃឈើ និងសត្វព្រៃគ្រប់ប្រភេទ ដើម្បីធានាធនធានព្រៃឈើសម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត និងជាពិសេសត្រូវយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ ឱ្យអស់លទ្ធភាពទៅតាមសក្តានុពលដីប្រកបដោយភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យតែទៅលើផល អនុផលព្រៃឈើនោះឡើយ ជាមួយនឹងការគាំទ្រ និងការជួយណែនាំបច្ចេកទេសបន្ថែមពីមន្ត្រីជំនាញ»។
ព្រះអង្គបន្តថា៖ «សូមឱ្យបុណ្យរុក្ខទិវានេះ ស្ថិតនៅជាមួយបងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នា ដាំដើមឈើគ្រប់ប្រភេទ រួមគ្នាថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ សត្វព្រៃ ដែលជាមរតកដ៏មានតម្លៃរបស់ជាតិយើងឱ្យបានគង់វង្សរហូតតទៅ»។
នាពិធីនោះដែរ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានថ្លែងដែរថា មកទល់ឆ្នាំ ២០២៣ នេះ ពិធីបុណ្យរុក្ខទិវាត្រូវបានប្រារព្ធធ្វើឡើងចំនួន ២៨ លើក នៅតាមបណ្តារាជធានីខេត្តចំនួន ១៤ នៅទូទាំងប្រទេស ដោយបានបង្កើតជាសួនរុក្ខទិវាទំហំ ៤៦២ ហិកតា។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍រុក្ខទិវាបានបង្កើតជាចលនាស្រឡាញ់ព្រៃឈើ និងដាំកូនឈើផ្សេងៗទៀត ក្រៅពីថ្ងៃប្រារព្ធពិធីបុណ្យរុក្ខទិវា នៅគ្រប់ទិសទីទូទាំងប្រទេស ដោយបានបង្កើតជាចម្ការឈើជាង ៨ ម៉ឺនហិកតា និងសួនសាធារណៈ ឬឯកជនជាច្រើន នៅតាមទីធ្លាវត្តអារាម សាលារៀន រមណីយដ្ឋាន និងសួនឯកជននានា»។
លោក ឌិត ទីណា បានបន្តថា ជាសក្ខីភាព រដ្ឋបាលព្រៃឈើបានបណ្តុះ និងដាំកូនឈើជាង ២០ លានដើម ដោយប្រើប្រាស់ថវិការដ្ឋហើយក្រៅពីនេះ កូនឈើជាច្រើនលានដើមទៀតត្រូវបានបណ្តុះ និងដាំដោយប្រជាពលរដ្ឋជាលក្ខណៈឯកជន ដោយមិនរាប់បញ្ចូលឈើហូបផ្លែ ឬដំណាំឧស្សាហកម្មផ្សេងៗទៀត ដូចជា ស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ ស្វាយចន្ទីជាដើម។
ក្រៅពីចម្ការឈើ រដ្ឋបាលព្រៃឈើក៏បានចងក្រងបង្កើតសហគមន៍ ព្រៃឈើចំនួន ៦៤៥ គ្របដណ្តប់លើផ្ទៃដីព្រៃជាង ៥២ ម៉ឺនហិកតា នៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្ត និងជំរុញការចូលរួម របស់ប្រជាជនក្នុងការការពារដី និងព្រៃសហគមន៍ ដោយអនុញ្ញាតឱ្យប្រជាសហគមន៍អាស្រ័យផលអនុផលព្រៃឈើក្នុងព្រៃសហគមន៍បានបន្ថែមពីលើមុខរបរកសិកម្ម ឬមុខរបរដទៃទៀត តាមទិសស្លោក «សហគមន៍ព្រៃឈើគ្មានបទល្មើស»។
ចំពោះការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ សត្វព្រៃ និងការកាប់រានដីព្រៃ លោក ឌិត ទីណា បានបញ្ជាក់ថា៖ «រដ្ឋបាលព្រៃឈើបានសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តច្បាប់ស្តីពីព្រៃឈើយ៉ាងសកម្ម។ ក្រសួងកសិកម្ម ក៏បានបញ្ចប់សេចក្តីព្រាងច្បាប់ថ្មីស្តីពីព្រៃឈើ និងកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត ផ្សេងៗទៀតដើម្បីផ្តល់ការគាំទ្រដល់ការអភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើប្រកបដោយចីរភាព»។
បើតាមលោក ឌិត ទីណា គិតត្រឹមឆ្នាំ ២០២២ រដ្ឋបាលព្រៃឈើបានបង្កើតស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើជាច្រើនដែលមានទំហំសរុបជាង ៥០ ម៉ឺនហិកតា បានថែទាំចម្ការឈើចាស់ ចម្ការពូជឈើ និងឡូត៍បង្ហាញកសិរុក្ខកម្មចំនួន ៨២២ ហិកតា និងបានពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងព្រៃបម្រុងទុកដូចជាការបង្កើតតំបន់សួនភូតគាម និងការបោះបង្គោលព្រំប្រទល់ព្រៃបម្រុងទុកអចិន្រៃ្តយ៍ ដែលការងារទាំងអស់នេះពិតជាបានឆ្លើយតបទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការកែទម្រង់អនុវិស័យព្រៃឈើ។
នាពិធីបុណ្យរុក្ខទិវានោះដែរ ព្រះមហាក្សត្រ ក៏បានថ្លែងអំណរគុណប្រទេសជាមិត្ត អង្គការជាតិ និងអន្តរជាតិនានា និងរាជរដ្ឋាភិបាល ដែលបាននិងកំពុងយកចិត្តទុកដាក់ជួយដល់ការងារដាំដើមឈើ ការថែរក្សា និងការពារធនធានព្រៃឈើ សត្វព្រៃ ក៏ដូចជាការចូលរួមស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ទាំងក្នុងពេលអតីតកាល បច្ចុប្បន្ន និងអនាគត៕