ភ្នំពេញៈ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា រយៈពេល ៥ ឆ្នាំមកនេះ ប្រព័ន្ធចម្រោះទឹក ១២ កន្លែង និងទីលានចាក់សំរាមចំនួន ៧ តាមទីក្រុងធំៗ ត្រូវបានកសាងឡើងនៅទូទាំងប្រទេស ខណៈប្រព័ន្ធទឹកចម្រោះ និងទីលានចាក់សំរាមថ្មីៗនឹងត្រូវសាងសង់ឡើងជាបន្តបន្ទាប់ទៀត។
តាមរយៈវីដេអូនៃកិច្ចសម្ភាសន៍ និងត្រូវបានផ្សព្វផ្សាយលើគេហទំព័រក្រសួងសាធារណការ នាថ្ងៃទី ៩ ខែកក្កដា លោក ស៊ុន ចាន់ថុល បានលើកឡើងថា បណ្តាញលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់មានការរីកចម្រើន ក្នុងរយៈ ៥ ឆ្នាំចុងក្រោយដែលក្រសួងសាធារណការ និងដឹកជញ្ជូន បានស្ថាបនា ស្តារ និងជួសជុលឱ្យប្រើប្រាស់ឡើងវិញ។
លោកបញ្ជាក់ថា៖ «យើងធ្វើប្រព័ន្ធចម្រោះទឹកកខ្វក់ យើងធ្វើលូ យើងធ្វើទីលានចាក់សំរាម ក្នុងរយៈពេល ៥ ឆ្នាំមកនេះ។ ដោយទីលានចាក់សំរាម យើងធ្វើបាន ៧ កន្លែងហើយ នៅតាមទីក្រុងធំៗ ហើយប្រព័ន្ធចម្រោះទឹកកខ្វក់យើងធ្វើបាន ១២ កន្លែង នៅ ១១ ខេត្ត។ សរសៃឈាមយើង យើងធ្វើ ប៉ុន្តែទាល់តែឈាមនោះវាស្អាតដែរ ដូច្នេះមានន័យថា យើងត្រូវមានប្រព័ន្ធចម្រោះនេះឯង»។
លោក ស៊ុន ចាន់ថុល បានបន្ថែមថា សម្រាប់ក្រុងព្រះសីហនុមួយ មានផ្ទៃដី ១៦ ហិកតា ប្រព័ន្ធចម្រោះទឹកកខ្វក់មានសមត្ថភាពចម្រោះបានតែ ៧ ០០០ ម៉ែត្រគុបទេ ក្នុង ១ ថ្ងៃ តែដោយសារសេដ្ឋកិច្ចរីកចម្រើនយ៉ាងរហ័សរបស់ក្រុងនេះ បានតម្រូវមានការរៀបចំប្រព័ន្ធចម្រោះនេះឱ្យបានច្រើនថែមទៀត។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ៖ «យើងបានកែច្នៃនូវអ្វីដែលយើងមានស្រាប់ ហើយយើងបានសិក្សាផែនការមេ ដើម្បីសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងព្រះសីហនុដែលជាជំនួយឥតសំណងរបស់មិត្តចិន ដោយមានការឯកភាព ហើយកំពុងសិក្សាលម្អិត និងជ្រើសរើសក្រុមហ៊ុនសាងសង់ ដោយជំហានទី ១ បាន ៤ ម៉ឺនម៉ែត្រគុប ក្នុង ១ ថ្ងៃ,ជំហានទី ២ បាន ៤ ម៉ឺនម៉ែត្រគុបទៀតក្នុង ១ ថ្ងៃ នោះនឹងអាចធ្វើដល់ ១៦ ម៉ឺនម៉ែត្រគុបក្នុង ១ ថ្ងៃ នៅពេលក្រុងព្រះសីហនុមានភាពរីកចម្រើន»។
ដោយឡែកសម្រាប់ប្រព័ន្ធលូវិញ លោកបានឱ្យដឹងថា ខាងក្រសួងធ្វើបានច្រើននៅខេត្តសៀមរាប ដោយបានដាក់លូទឹកភ្លៀង ដាក់លូទឹកស្អុយ ញែកចេញពីគ្នា បន្ទាប់ពីកន្លងទៅប្រព័ន្ធលូទាំង ២ នេះ ដាក់តែមួយ ហើយពាក់ព័ន្ធនឹងការងារទាំងនេះ មានការគាំទ្រ និងសហការពីដៃគូអភិវឌ្ឍន៍ដូចជា ធនាគារពិភពលោក (World Bank), ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), រីឯប្រទេសកូរ៉េជួយខាងប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាខ្មៅ និងសៀមរាប។
ជុំវិញការសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់នេះ លោក នូ សុវណ្ណ នាយកប្រតិបត្តិ អង្គការសម្អាតទន្លេសមុទ្រ បានថ្លែងនៅថ្ងៃទី ៩ ខែកក្កដាថា លោកពិតជាបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនលើការងារនេះ ក៏ដូចជាទីលានចាក់សំរាមផងដែរ ដែលឃើញថា មានភាពល្អប្រសើរជាងមុន។
លោកបានថ្លែងថា៖ «ជាក់ស្តែងយើងឃើញថា ទីលានចាក់សំរាមនៅក្រុងកែប មានទីលានចាក់សំរាមទំនើប ១ ហើយយើងយល់ថា បើសិនបើយើងមានទីលានចាក់សំរាមបែបនេះ នៅទូទាំងប្រទេស វាអាចនឹងជួយគ្រប់គ្រងកាកសំណល់នៅតាមបណ្តាខេត្តទាំងនោះបានល្អប្រសើរ។ ដោយឡែកការរៀបចំឱ្យប្រព័ន្ធចម្រោះទឹកកខ្វក់នៅតាមទីក្រុងនានា នៅកម្ពុជា គឺជារឿងមួយចាំបាច់ណាស់ក្នុងការបញ្ចៀសការបង្ហូរទឹកកខ្វក់ទៅក្នុងទន្លេ សមុទ្រ បឹង ស្ទឹងជាដើម ដែលនាំឱ្យប៉ះពាល់ដល់បរិស្ថាន»។
លោកបានបន្ថែមថា នៅពេលដែលរាជរដ្ឋាភិបាលបានខិតខំ កសាងហេដ្ឋារចនាសម្ព័ន្ធនានាទាក់ទងនឹងការចម្រោះទឹកកខ្វក់ និងទីលានចាក់សំរាមបានកាន់តែច្រើន ប៉ុន្តែប្រសិនបើពលរដ្ឋមិនបានចូលរួមថែរក្សា និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវទេនោះ ច្បាស់ណាស់ ការដោះស្រាយបញ្ហាទឹកកខ្វក់និងសំរាមក៏មិនអាចទទួលបានលទ្ធផលល្អដែរ៕