ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក​ស្រី ភឿង ស​កុ​ណា លើកឡើងថា ការដាក់​សម្បត្តិ​វប្បធម៌​ជាតិ​ចូលក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​នៃ​អង្គការ​យូណេស្កូ ចាំ​បាច់​ត្រូវគោរព​តាម​លក្ខខណ្ឌ​ដែល​យូណេស្កូ​ដាក់ចេញ និង​ទាមទារ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់រូប​ចូលរួម​ថែរក្សា ការពារ ពិសេស​ប្រជា​សហគមន៍​ក្នុង​តំបន់​អភិរក្ស​ដើម្បី​ថែរក្សា​ទុកជា​កេរដំណែល​គង់វង្ស​សម្រាប់​អ្នកជំនាន់ក្រោយ​។​

​រដ្ឋមន្ត្រី​វប្បធម៌​ថ្លែង​ក្នុង​ពិធី​ខួប​លើក​ទី​៦ នៃ​ការដាក់បញ្ចូល​តំបន់​ប្រាសាទសំបូរព្រៃគុក​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ទីតាំង​ប្រាសាទ​សំបូរ​ព្រៃ​គុក ខេត្តកំពង់ធំ នៅ​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០២៣​ ថា កា​​ថែរក្សា​តំបន់​មួយ​មិនអាច​ត្រឹម​ពឹងផ្អែក​តែ​លើ​អាជ្ញាធរ​ដែនដី និង​រដ្ឋាភិបាល​មួយ​មុខ​ទេ តែ​ត្រូវមាន​សាមគ្គីភាព​រួមគ្នា ពិសេស​ពី​រង្វង់​ប្រជាពលរដ្ឋ ដើម្បី​គោរព​តាម​គោលការណ៍​ជា​ស្តង់ដា​អន្តរជាតិ តួយ៉ាង​ការ​ការពារ​ដែន​អធិបតេយ្យភាព បូរណភាព​តំបន់​អភិរក្ស ដោយ​មិនអាច​មានការ​សង់​សំណង់​ផ្តេសផ្តាស ការ​តាំងទី​ផ្តេ​ស​ផ្តាស​។​

​លោកស្រី​ថា ប្រជាជន​ជា​ម្ចាស់​ស្រុក​ក្នុង​តំបន់​អភិរក្ស​ត្រូវការ​ទទួលបាន​ការការពា​រ និង​អាច​ទទួលផល​បាន​ប្រយោជន៍​ផង​ពី​ការចុះបញ្ជី​បេតិកភណ្ឌ​ពិភពលោក ដែលជា​ការជួយជ្រោមជ្រែង​ពី​ភាគី​ពាក់ព័ន្ធ​តាមរយៈ​ការបង្កើត​មុខរបរ ការងារ ជាដើម​។​

​លោកស្រី​ថ្លែងថា​៖ «​បើ​មានការ​កាប់បំផ្លាញ ការរំលោភ​បំពាន​កន្លែង​អភិរក្ស គាស់កកាយ ធ្វើឱ្យ​បាត់ដាន ដល់​ថ្ងៃ​ណាមួយ​យើង​មករក រក​អត់​ឃើញ យើង​បាត់ដាន​ប្រវត្តិសាស្ត្រ​របស់​យើង​។ ចំណុច​នេះ​មួយ គឺអាច​ពួកគាត់ ​[​ប្រជាជន​] អត់​ដឹង​។ ការថែរក្សា មិន​ចេះតែ​វាតទី​គ្រប់កន្លែង​ទេ យើង​ដឹង​តម្រូវការ​ដែរ ទាល់តែ​កន្លែង​ហ្នឹង​សំខាន់ ត្រូវតែ​ថែរក្សា​ការពារ​»​។

​លោកស្រី​ថ្លែង​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​នានា​ចូលរួម​សិក្សា​ស្វែងយល់​ពី​សារៈសំខាន់​នៃ​ការការពារ​តំបន់​ប្រវត្តិសាស្ត្រ​របស់​ជាតិ ដើម្បី​ទុកជា​កេរ​សម្រាប់​ក្មេងជំនាន់ក្រោយ ព្រោះ​កាលណា​បាត់​បង់ហើយ មិនអាច​ស្តារឡើងវិញ​បានឡើយ​។​

​ជាក់ស្តែងក្នុង​រយៈពេល ​៦ ឆ្នាំ ​បន្ទាប់ពី​តំបន់​ប្រាសាទ​សំបូរ​ព្រៃ​គុក ត្រូវបាន​គណៈ​ក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភព​លោក​សម្រេច​បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាល​ពី​អំឡុង​កិច្ចប្រជុំ​លើក​ទី​៤១ នៅ​ទីក្រុង​ក្រា​កូវ (Krakow) ប្រទេស​ប៉ូឡូញ កាលពី​ថ្ងៃទី​ ៨ ខែកក្កដា ឆ្នាំ​ ២០១៧ អាជ្ញាធរ​ជាតិ​សំបូរ​ព្រៃ​គុក និង​រដ្ឋា​ភិ​បាល​កម្ពុជា បាន​ខិតខំ​សង្គ្រោះ​ប្រាសាទ​នានា​ដែល​ស្ថិតក្នុង​ហានិភ័យ ចេញពី​ការខូចខាត ជាពិសេស​ការស្ថាបនា​ហេ​ដ្ឋា​រចនាសម្ព័ន្ធ ការអប់រំ​ប្រជា​មូល​​ដ្ឋា​ន​ទៅតាម​គោលការណ៍​របស់​យូណេស្កូ​។ នេះ​យោងតាម​លោកស្រី​ភឿង ស​កុ​ណា​។​

​លោក ឈ​ត ប៊ុន​ថង ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍ នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​ថ្លែងថា វប្បធម៌​រូបិយ និង​អ​រូបិយ ទាម​ទារ​ឱ្យមាន​ការចូលរួម​ពី​ប្រជា​ពលរដ្ឋ សិល្បករ រដ្ឋាភិបាល សិក្សា​ស្វែងយល់​៕