ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា ជាង ២ ទសវត្សរ៍កន្លងទៅនេះ ចំនួនប្រជាជនកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺបានកើនរហូតដល់ចំនួន ១៦,៨ លាននាក់ នៅឆ្នាំ ២០២២។ លោកបានអះអាងថា កម្ពុជាកំពុងជំរុញការតម្រង់ទិសគោលនយោបាយតាមវិស័យពាក់ព័ន្ធ ដើម្បីឆ្លើយតបនឹងកំណើនប្រជាជននេះ។
លោកបានលើកឡើងដូចនេះ តាមរយៈសារលិខិតអបអរឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ដែលនឹងធ្វើឡើងនាថ្ងៃទី ១១ ខែកក្កដា ក្រោមប្រធានបទ «ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ៖ ការជ្រោងឡើងនូវសំឡេងស្ត្រីនិងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង»។
លោក ហ៊ុន សែន បានឱ្យដឹងថា អង្គការសហប្រជាជាតិបានប្រកាសនៅខែវិច្ឆិកា ឆ្នាំ ២០២២ ថា ប្រជាជនពិភពលោកបានកើនដល់ ៨ ប៊ីលាននាក់ និងស្ថានភាពប្រជាសាស្ត្រពិភពលោកកំពុងប្រែប្រួលយ៉ាងលឿនដែលនេះជាពេលវេលា ដើម្បីឆ្លុះបញ្ចាំងពីកំណើនប្រជាជននិងសមិទ្ធផលសម្រេចបាន ដែលប្រទេសទាំងអស់ត្រូវជំរុញសកម្មភាពអន្តរាគមន៍សមស្រប និងទាន់ពេលវេលា ដោយមិនអាស្រ័យថា ប្រជាជនកើនឡើងឬថយចុះនោះទេ។
លោកបានបញ្ជាក់ថា៖ «ក្នុងន័យនេះ អង្គការសហប្រជាជាតិ ចង់ជំរុញទៅប្រទេសទាំងអស់ត្រូវគិតគូរពីគុណភាពជាជាងបរិមាណ និងត្រូវផ្តោតលើសិទ្ធិនិងជម្រើសរបស់ប្រជាជន ពិសេសស្ត្រីនិងក្មេងស្រី»។
លោកថ្លែងថា ការប្រកាសនេះធ្វើឱ្យមានទស្សនៈ ២ ផ្ទុយគ្នា ដែលទស្សនៈទី១ បង្ហាញពីការបារម្ភថា ពិភពលោកជិតឈានដល់ការលើសចំនួនប្រជាជន ជាមួយនឹងការគំរាមកំហែងនៃកង្វះធនធានធម្មជាតិ ការប្រែប្រួលអាកាសធាតុឬ គ្រោះមហន្តរាយ ដោយសារចំនួនប្រជាជនច្រើនហួសពីសមត្ថភាពទ្រទ្រង់របស់ផែនដី។
ទី២ បង្ហាញពីកង្វល់នៃការថយចុះនៃអត្រាកំណើត ដែលនឹងនាំឱ្យមានការថយចុះនៃចំនួនប្រជាជនវ័យក្មេង កង្វះកម្លាំងពលកម្ម និងការប្រឈមនឹងការកើតមានសង្គមវ័យចាស់នាពេលអនាគត។
តាមរយៈលិខិតអបអរឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ លោក ហ៊ុន សែន បានថ្លែងថា៖ «ការកើនឡើងនៃប្រជាជនកម្ពុជានា ២ ទសវត្សរ៍ចុងក្រោយនេះ គឺបណ្តាលមកពីការធ្លាក់ចុះនៃអត្រាមរណភាព ការកើនឡើងនៃអាយុសង្ឃឹមរស់និងសម្ទុះកំណើន»៕