កំពង់ឆ្នាំងៈ រដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ បាននិងកំពុងជំរុញឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអម្ពិលក្នុងខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងខេត្តពោធិ៍សាត់ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ដើម្បីលើកកម្ពស់ជីវភាពសហគមន៍។
លោក សាយ សំអាល់ បានលើកឡើងដូច្នេះនៅក្នុងឱកាសលោកដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធនិងសម្បទាទេសចរណ៍ធម្មជាតិនៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអម្ពិល និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀងក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់កាលថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២៣។
ក្នុងឱកាសនោះលោក សាយ សំអាល់ បានថ្លែងថា ការជំរុញឱ្យមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះក្នុងគោលបំណងចូលរួមចំណែកលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា «ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយការទទួលខុសត្រូវ និងមាននិរន្តរភាព។
លោកបានបញ្ជាក់ថា៖ «ហេដ្ឋារចនាសម្ព័ន្ធនោះមានការសាងសង់តូបលក់ម្ហូបអាហារ ខ្យូសអង្គុយលម្អែកម្សាន្ត បន្ទប់ទឹក ចំណតយានជំនិះ កន្លែងបោះតង់ សួនច្បារ និងផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះឱ្យមានសោភណភាពសំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិចូលទៅទស្សនាកម្សាន្តកាន់តែច្រើនទ្បើងថែមទៀតដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ក៏ដូចជាការកាត់បន្ថយការពឹងអាស្រ័យលើផលនិងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ការរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងសហគមន៍តំបន់ការពារធម្មជាតិ ពិសេសសហគមន៍ទេសចរណ៍ធម្មជាតិក៏ជាយន្តការមួយដ៏សំខាន់ក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់សហគមន៍ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាពថែមទៀតផងដែរ។
ពាក់ព័ន្ធនឹងការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានបង្ហាញការគាំទ្រ និងស្វាគមន៍ចំពោះការជំរុញរបស់ក្រសួងមកកាន់សហគមន៍ធម្មជាតិនៅខេត្តកំពង់ឆ្នាំង ពិសេសសហគមន៍ធម្មជាតិនានានៅប្រទេសកម្ពុជា។
លោកបានបញ្ជាក់នៅថ្ងៃទី ១០ ខែកក្កដាថា៖ «កាលណាមានការកសាង និងរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំង ២ នេះនឹងធ្វើឱ្យសហគមន៍ទេសចរណ៍ទាំង ២ ផ្សារភ្ជាប់គ្នាដោយធ្វើឱ្យភ្ញៀវទេសចរកាន់តែងាយស្រួលមកកម្សាន្ត ព្រោះពួកគេនឹងទទួលបានសេវាទេសចរណ៍ផ្សេងៗគ្នា ចំណេញពេលវេលា ពិសេសរួមចំណែកជំរុញវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ឆ្នាំងឱ្យកាន់តែខ្លាំងថែមទៀត»។
លើសពីនេះទៀតលោកបានសង្កត់ធ្ងន់ថា ការធ្វើបែបនេះក៏ជួយបង្កើតការងារដល់ប្រជាសហគមន៍តាមរយៈការបង្កើតជាកន្លែងស្នាក់នៅ អាចលក់កសិផលនានាដែលសហគមន៍ផលិតបានទៅកាន់ភ្ញៀវទេសចរដែលធ្វើឱ្យពួកគាត់ទទួលបានប្រាក់ចំណូលបន្ថែមដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារបន្ថែមទៀត។
ទន្ទឹមនឹងនេះតាមរយៈសកម្មភាពចុះពិនិត្យនៅតំបន់សហគមន៍ទាំង ២ នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងក៏បានប្តេជ្ញាខិតខំបង្កើនកិច្ចសហការជាមួយក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីដំណើរការរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងសហគមន៍ធម្មជាតិឱ្យបានរលូនដើម្បីរួមចំណែកគ្រប់គ្រងធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាពពិសេសជំរុញកំណើនសេដ្ឋកិច្ចជាតិតាមរយៈការជំរុញវិស័យទេសចរណ៍ផងដែរ៕