កំពង់ឆ្នាំងៈ មន្ត្រីជំនាញរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងស្រាវជ្រាវរកជនប្រព្រឹត្តបទល្មើសចូលលួចឈូសឆាយដីព្រៃលិចទឹក ក្នុងតំបន់ ៣ ប្រមាណ ៥០ ហិកតានៅ ចំណុចយាយភាជ ក្នុងភូមិឯលិច ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែកក្កដាថា បន្ទាប់ពីបានទទួលព័ត៌មានថា មានការឈូសឆាយដីព្រៃលិចទឹកតំបន់ ៣ មន្ត្រីជំនាញរដ្ឋបាលជលផលបានចុះប្រតិបត្តិការ ទៅដល់ទីតាំងពិនិត្យឃើញថាមានករណីឈូសឆាយពិតប្រាកដមែន ប៉ុន្តែពេលមន្ត្រីជំនាញទៅដល់ ជនប្រព្រឹត្តបទល្មើសបានរត់គេចខ្លួនអស់។
លោកថ្លែងថា៖ «យើងបានចុះទៅដល់ទីតាំងដើម្បីតាមចាប់ជនប្រព្រឹត្តបទល្មើសនេះ ប៉ុន្តែយើងដេញមិនទាន់។ ក្នុងព្រៃធម្មតាយើងពិបាកក្នុងការទៅឱ្យទាន់ព្រោះក្នុងព្រៃពិបាកធ្វើដំណើរ ម៉ូតូជិះមិនកើត ទៅតាមកាណូត ហើយយើងថ្មើរជើង។ ឥឡូវយើងរកអ្នកប្រព្រឹត្តអត់ទាន់ឃើញទេ កំពុងស្រាវជ្រាវបន្ថែមទៀត»។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងប្រាប់ថា ទីតាំងដែលមានការឈូសឆាយនោះមន្ត្រីជំនាញរដ្ឋបាល ជលផលនឹងដំឡើងផែនទីមើលឱ្យច្បាស់លាស់ពីទំហំដីដែលត្រូវឈូសឆាយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ករណីនេះ ប្រសិនបើមានការចូលមកអាស្រ័យផល ឬមកធ្វើសកម្មភាពអ្វីលើដីដែលបានឈូសឆាយហើយនេះ នឹងត្រូវចាត់វិធានការភ្លាមៗ តាមជាក់ស្តែងតែម្តង។
លោក លី ឡា បានបន្ថែមថា ក្នុងកិច្ចប្រតិបត្តិការនេះ ក្រុមការងារជំនាញបានដកហូតម៉ូតូចំនួន ៣ គ្រឿង ដែលបន្សល់ទុកនៅកន្លែងកើតហេតុ ដោយឡែកគ្រឿងចក្រដែលបម្រើដល់ការឈូសឆាយនេះត្រូវបានបើកបរចេញបាត់មុនសមត្ថកិច្ចមកដល់។ យ៉ាងណាក៏ដោយចំពោះម៉ូតូ ៣ គ្រឿង ដែលកម្លាំងជំនាញបានដកហូតមកនោះ ត្រូវបានប្រជាពលរដ្ឋចូលទៅស្នើសុំមកវិញដោយសំអាងថា ជាម៉ូតូរបស់ពួកគាត់ទុកនៅក្បែរនោះហើយពួកគាត់បានចុះទៅតាមព្រែករកត្រី រកខ្ចៅ ខ្យងធ្វើម្ហូប។
លោកបញ្ជាក់ថា៖«ម៉ូតូយើងឃើញនៅទីតាំងជាក់ស្តែងយើងយកមកសិន ប៉ុន្តែប្រជាពលរដ្ឋដែលមកតវ៉ាយកទៅវិញ គាត់ថា គាត់គ្រាន់តែជាអ្នកមករកខ្យងខ្ចៅអីនៅក្បែរតំបន់ហ្នឹង គាត់ទុកម៉ូតូនៅទីហ្នឹងហើយគាត់ចុះទៅទន្លេទៅព្រែកទៅ ដល់ពេលមកវិញបាត់ម៉ូតូ ដោយសារយើងយកមក អ៊ីចឹងយើងគិតថា វត្ថុតាងនេះមិនពាក់ព័ន្ធការឈូសឆាយទេ»។
លោក សំ ចាន់គា អ្នកសម្របសម្រួលសមាគមអាដហុកប្រចាំខេត្តកំពង់ឆ្នាំង និងពោធិ៍សាត់ថ្លែងនៅថ្ងៃទី១១ ខែកក្កដាថា ចំពោះបញ្ហានេះមន្ត្រីជំនាញគួរសហការឱ្យបានល្អជាមួយអាជ្ញាធរក្នងមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ជួយឃ្លាំមើល និងរាយការណ៍ពីសកម្មភាពល្មើសដែលកើតមានឡើង។ លោកថា បើសិនជា មន្ត្រីជំនាញមិនមានទំនាក់ទំនងល្អ មិនមានការផ្តល់សេចក្តីទុកចិត្តដល់ពលរដ្ឋទេ នឹងមានការពិបាកក្នុងការទប់ស្កាត់បទល្មើសនេះ ព្រោះមន្ត្រីជំនាញមិនមានគ្នាច្រើន និងមិនមានពេលវេលាគ្រប់គ្រាន់ចុះល្បាតជាប់លាប់ដើម្បីការពារនោះទេ។
លោកថ្លែងថា៖«យើងឃើញថា រដ្ឋាភិបាលបានប្រឹងប្រែងក្នុងការទប់ស្កាត់បទល្មើសនេះកន្លងមកបានជោគជ័យហើយ អ៊ីចឹង យើងស្នើសុំឱ្យទាំងមន្ត្រីជំនាញ និងអាជ្ញាធរបន្តទប់ស្កាត់កុំឱ្យបទល្មើសនេះកើតឡើងត្រឡប់មកវិញ»។
ការដកហូតដីព្រៃលិចទឹកក្នុងតំបន់ ៣ នៅក្នុងខេត្តទាំង ៦ ជុំវិញបឹងទន្លេសាបមានចំនួនជាង ៦ ម៉ឺនហិកតា ដែលមានប្រជាពលរដ្ឋជិត ១ ម៉ឺន ៥ ពាន់គ្រួសារបានចូលខ្លួនស្ម័គ្រចិត្តប្រគល់ដីទាំងនេះឱ្យរដ្ឋគ្រប់គ្រងវិញ ហើយដីនោះមានការដាំដុះ ឫស្សី ដើមត្នោត និងដើមឈើឡើងវិញ ក្នុងតំបន់ទាំងនោះ។ នេះបើតាម លោក អុឺង ទ្រី អនុប្រធានរដ្ឋបាលជលផល។
ចំពោះផ្ទៃដីព្រៃលិចទឹកដែលបានដកហូតទាំងនេះ គឺអាជ្ញាធរទាំង ៦ ខេត្ត បានធ្វើការដាំដុះព្រៃលិចទឹក និងដើមត្នោតសរុបជាង ៣០ ម៉ឺនដើម និងគ្រាប់ ក្នុងនោះដើមឫស្សីចំនួន ៩ ៧៩៩ ដើម ដើមត្នោតបាន ៣៣៩ ដើមចំណែកគ្រាប់ត្នោតបានចំនួន ២៧ ១១៣៥ គ្រាប់ និងព្រៃលិចទឹកគ្រប់ប្រភេទសរុបបានចំនួន ៤៤ ៤៣៥ ដើម។ ខេត្តដែលបានដាំដើមឈើនៅតំបន់លិចទឹកនេះឡើងវិញបានច្រើនជាងគេគឺខេត្តកំពង់ឆ្នាំង ដែលមានចំនួនសរុបជាង ៣៥ ០០០ ដើម និងគ្រាប់៕