ភ្នំពេញៈ អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា អនុវត្ត​គម្រោង «​សម្រេចបាន​ការផ្គត់ផ្គង់​ទឹកស្អាត និង​លើកកម្ពស់​អនាម័យ​» ដើម្បី​លើកកម្ពស់​សុខភាព និង​បរិស្ថាន​រស់នៅ​របស់​ក្មេងស្រី ក្មេងប្រុស និង​ឪពុកម្តាយ​របស់​ពួកគេ​ឱ្យទទួល​បានការ​ផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​គ្រប់គ្រាន់ និង​ស្មើភាព​គ្នា​នៅ​ខេត្តរតនគិរី និង​ខេត្តស្ទឹងត្រែង​។​

​លោក យី គឹ​ន​ថា​ន នាយករង​ប្រចាំ​ប្រទេស​អង្គការ​ភ្លែ​ន​អន្តរជាតិ​កម្ពុជា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១១ ខែកក្កដា​ថា គម្រោង​នេះ ចាប់ផ្តើម​អនុវត្ត​ចាប់ពីពេលនេះ​រហូតដល់​ខែធ្នូ ឆ្នាំ​ ២០២៥ ដោយ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​អង្គការ​វឌ្ឍនភាព ដែលជា​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក និង​សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ខេត្ត​ទាំង ​២​។​

​លោក បាន​បញ្ជាក់ថា​៖«​យើង​រួមគ្នា​ធ្វើ​ដើម្បី​បំបែក​ដែន​កំណត់​នៃ​ការទទួលបាន និង​ប្រើប្រាស់​ការកែលម្អ​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ​នៅក្នុង​ភូមិ​គោលដៅ​ចំនួន​៣៤ នៃ​ឃុំ​ចំនួន​៦​ក្នុងស្រុក​ចំនួន​៤ ដែល​នឹង​ផ្តល់​អត្ថប្រយោជន៍​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៤ ៣៤០ គ្រួសារ ក្នុងនោះ​កុមារ​ចំនួន​១៤ ៧៦០ នាក់ (​ស្រី ៧ ៥០០ នាក់​) និង​ផ្តល់​អត្ថប្រយោជន៍​ដោយ​ប្រយោល​ដល់​គ្រួសារ​ចំនួន​១ ០២៤»​។

​លោក យី គឹម​ថា​ន បាន​អះអាងថា គម្រោង​នេះ នឹង​នាំយក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​តាម​សហគមន៍​ដែល​ធន់​ទៅនឹង​អាកាសធាតុ ជាមួយនឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​សហគមន៍​ដែលមាន​លក្ខណៈ​ច្នៃប្រឌិត​សម្រាប់​ប្រព័ន្ធ​ចែកចាយ​ទឹក និង​ការសាងសង​អាង​ត្រងទឹក​ភ្លៀង​តាម​គ្រួសារ​ដែលមាន​ភាព​ស៊ាំ​នឹង​អាកាសធាតុ ទៅកាន់​តំបន់​គោលដៅ​ទាំងអស់​។

​លោក អះអាង​ទៀតថា​៖«​លើសពីនេះ ការផ្លាស់ប្តូរឥរិយាបថ និង​ការយល់ដឹង​អំពី​អនាម័យ រួមចំណែក​យ៉ាងសំខាន់​ដល់​ការកែលម្អ​ស្ថានភាព​សុខភាព​ទូទៅ​របស់​សហគមន៍ ដែល​គម្រោង​នឹងធ្វើ​ការរួម​គ្នា និង​ពង្រឹងសមត្ថភាព​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​សម្រេចបាន​នូវ​ការបញ្ឈប់​ការ​បន្ទោ​បង់​ពាសវាល​ពាសកាល​ផងដែរ​»​។​

​ការស្ទង់មតិ​ប្រជាសាស្ត្រ និង​សុខភាព​របស់​ប្រទេស​កម្ពុជា​ឆ្នាំ ២០២១-២០២២ បង្ហាញថា​១៥​ភាគរយ​នៃ​គ្រួសារ​នៅ​ជនបទ​មិនមាន​លទ្ធភាព​ទទួលបាន​សេវា​ទឹកស្អាត​ជា​មូលដ្ឋាន​ក្នុង​រដូវប្រាំង​ហើយ​មានតែ​៦៦​ភាគរយ​ប៉ុណ្ណោះ ប្រើប្រាស់​វិធី​កែលម្អ​ទឹក​សមស្រប ស្របពេល​១៥​ភាគរយ​នៃ​គ្រួសារ​នៅតាម​ជនបទ បន្ត​អនុវត្ត​ការ​បន្ទោ​បង់​ពាសវាល​ពាសកាល​។

​ការស្ទង់មតិ​នេះ ក៏បាន​រកឃើញ​ដែរ​ថា ការ​បន្ទោ​បង់​ពាសវាល​ពាសកាល​នៅតែ​កើតមាន​ជាទូទៅ​ក្នុង​ខេត្តរតនគិរី ដែលមាន​៤៨​ភាគរយ​ក្នុងចំណោម​ប្រជាជន​សរុប ខណៈ​ខេត្តស្ទឹងត្រែង​មាន​៤២ ភាគរយ ហើយ​ប្រភពទឹក​កែលម្អ​ភាគច្រើន​ដែល​ប្រជាជន​ប្រើប្រាស់​នៅក្នុង​ខេត្ត​ទាំង​២​នេះ គឺជា​ទឹក​បណ្តាញ ទឹក​ក្បាលម៉ាស៊ីន​សាធារណៈ ទឹក​អណ្តូងស្នប់ ឬ​អណ្តូង​ខួង ទឹក​អណ្តូង​ជីក​មាន​គ្រប​ការពារ ទឹក​ចេញ​ក្រោម​ដី (​មានការ​ការពារ​) ទឹកភ្លៀង ទឹក​ឡាន​ស៊ីទែន ទឹក​ធុង​រទេះ និង​ទឹកដប​។​

​លោក​ឡាំ ម៉ៅ អនុប្រធាន​ភូមិ​ណា​អូ​ង ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ដែលជា​ភូមិ​គោលដៅ​មួយ​ក្នុង​គម្រោង​នេះ បាន​និយាយថា អ្នកភូមិ​របស់លោក ប្រើប្រាស់​បង្គន់​អនាម័យ​មិន​ដល់​ពាក់កណ្តាល​ផង ព្រោះ​ពលរដ្ឋ​ភាគច្រើន​តែងតែ​បន្ទោ​បង់​ពាស​វាស​ពាសកាល ស្របពេល​ប្រភពទឹក​ស្អាត​នៅក្នុង​ភូមិ គឺ​មិនមាន​នោះដែរ​។​

​លោក បាន​ថ្លែងថា​៖«​ការបត់​ជើង​ពាសវាល​ពាសកាល ខ្វះ​អនាម័យ​ណាស់ ដែល​បណ្តាលឱ្យ​កើតជា​ជំងឺ​។ យើង​បាន​ណែនាំ​រហូត​ហ្នឹង​អំពី​បញ្ហា​នេះ ប៉ុន្តែ​ជួនកាល​ពួកគាត់ធ្វើតាម​តែមួយ​ភ្លែត​ហ្នឹង បន្ទាប់ពី​យើង​បន្ត​ណែនាំ ហើយ​ផុត​តែ​ពី​ហ្នឹង​១០​ថ្ងៃ ទៅ​២០​ថ្ងៃ គាត់​នៅតែ​ដដែល​»៕