សៀមរាបៈ យ៉ាងហោចណាស់មានសត្វព្រៃកម្រៗ ៧៨ ក្បាល ស្មើនឹង ១១ ប្រភេទ ត្រូវបានដោះលែងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ គិតចាប់ពីឆ្នាំ ២០១៣ ដល់ឆ្នាំ ២០២៣ នេះតាមរយៈគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ដែលអនុវត្តដោយអាជ្ញាធរជាតិអប្សរា សហការជាមួយរដ្ឋបាលព្រៃឈើ និងអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ។នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
តាមរយៈហ្វេសប៊ុកអាជ្ញាធរជាតិអប្សរាចេញផ្សាយនៅល្ងាចថ្ងៃទី ១០ ខែកក្កដា បានឱ្យដឹងថា សត្វព្រៃ៧៨ក្បាលដែលគម្រោងទទួលបានជោគជ័យក្នុងការដោះលែងចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូសចំនួន៦ក្បាល សត្វស្វាព្រាមចំនួន១២ក្បាល សត្វសំពោចក្រអូបចំនួន៥ក្បាល សត្វភេខ្លួនរលោង ចំនួន៨ក្បាល(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវចំនួន ២ ក្បាល កេងកងតូចចំនួន៧ក្បាល កេងកងធំចំនួន៦ក្បាល ព្វាំង ចំនួន៧ក្បាល សត្វក្ងោកចំនួន៩ក្បាល និងសត្វអន្សងចំនួន១ក្បាល។
អាជ្ញាធរជាតិអប្សរាបានឱ្យដឹងទៀតថា ក្រៅពីសត្វទាំងនេះនៅមានសត្វផ្សេងៗមួយចំនួនទៀត ត្រូវបានដោះលែងផងដែរដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។
បើតាមអាជ្ញាធរជាតិអប្សរា មានសត្វសំពោចក្រអូប១គូត្រូវបានអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការ Wildlife Alliance ដឹកជញ្ជូនពីមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅយកមកផ្សាំងក្នុងទ្រុងហើយក្រុមការងារគម្រោងនឹងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរនៅពេលខាងមុខបន្ថែមទៀត។ សត្វសំពោច១គូនោះបានដឹកទៅដល់ឧទ្យានអង្គរ ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ ហើយគម្រោងដោះលែងសត្វព្រៃនេះធ្វើឡើងដើម្បីឱ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ និងបង្កើនចំនួនបន្ថែមទៀត។
អាជ្ញាធរអប្សរាបញ្ជាក់ថា៖«អាជ្ញាធរជាតិអប្សរា និងដោះលែងសត្វព្រៃនេះក្នុងឧទ្យានអង្គរ។ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នាចៀសវាងពេលប្រទះឃើញមានបំណងមិនល្អ និងសូមបញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឱ្យសត្វទាំងនោះ»។
លោកសុខ វិជ្ជា អ្នកស្រាវជ្រាវជីវចម្រុះនៅកម្ពុជាបានថ្លែងថា ការដោះលែងសត្វព្រៃចូលក្នុងតំបន់ឧទ្យានអង្គរមិនមានផលប៉ះពាល់អ្វីទេ ដោយសារការអភិរក្សព្រៃឈើនៅតំបន់ជុំវិញរមណីយដ្ឋានអង្គរអាជ្ញាធរអប្សរាធ្វើបានល្អ។ លោកបន្តថា ការដោះលែងសត្វព្រៃនេះដែរប្រៀបដូចជាការស្តារប្រព័ន្ធអេកូឡូស៊ី ជីវចម្រុះនៅតំបន់នេះឡើងវិញឱ្យបានល្អប្រសើរ និងរក្សាបានប្រភេទសត្វព្រៃចម្រុះនៅទីនោះ ដែលជាប្រយោជន៍អាចបម្រើទៅដល់ការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តផងដែរ។
អ្នកស្រាវជ្រាវជីវចម្រុះនៅកម្ពុជាបានឱ្យដឹងថា សត្វសំពោចក្រអូប ជាប្រភេទថនិកសត្វដែលសម្បូររស់់នៅតំបន់ Indo-Malayan Realm និងតំបន់ Palearctic។ វាជាសត្វចូលចិត្តរស់នៅដាច់ពីគេ ជាសព្វាសីសត្វ(ដែលស៊ីអាហារគ្រប់ប្រភេទ មានសាច់ រុក្ខជាតិ។ល។) រកស៊ីនៅពេលយប់។ សត្វនីមួយៗ អាចរស់នៅបានរហូតដល់ជាង២៤ឆ្នាំ អាយុពេញវ័យបន្តពូជ (សត្វញី) ១១ ទៅ១២ខែ ចំណែក អាយុពេញវ័យបន្តពូជ (សត្វឈ្មោល)ពី ៩ ទៅ ១១ខែ ដោយរដូវបន្តពូជមានពេញ១ឆ្នាំ។ រយៈពេលផើម ៦០ថ្ងៃ ចំនួនកូនមានចន្លោះ២-៥ក្បាល។
លោកថ្លែងថា៖«សំពោចជាប្រភេទថនិកសត្វ វារស់នៅតាមដើមឈើធំៗ តាមតំបន់ព្រៃធំៗ ហើយខ្ញុំគិតថា ការលែងសត្វក្នុងតំបន់ព្រៃឧទ្យានអង្គរនេះគេបានសិក្សាអំពីតំបន់រស់នៅដើមរបស់វាហើយ ទើបគេយកមកលែង ហេតុនេះការដោះលែងនេះមិនមានបញ្ហាអីទេ»។
ក្នុងយុទ្ធនាការអន្ទាក់សូន្យនៅខេត្តសៀមរាបកាលពីថ្ងៃទី២ ខែមិថុនា ២០២៣ លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធនៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា តាមរយៈគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរដែលចាប់ផ្តើមពីឆ្នាំ២០១៣ មកបានធ្វើការដោះលែងសត្វព្រៃប្រភេទកម្រជាច្រើនប្រភេទ។
លោកបន្តថា ក្រុមការងារគ្រោងនឹងរកប្រភេទសត្វព្រៃផ្សេងៗមួយចំនួនទៀតយកមកដោះលែងក្នុងឧទ្យានអង្គរ ប៉ុន្តែដោយសារតំបន់នេះជាតំបន់ទេសចរណ៍ ការជ្រើសរើសប្រភេទសត្វមកដោះលែង ត្រូវការពិនិត្យពិច័យឱ្យបានច្បាស់លាស់ធ្វើយ៉ាងណាកុំឱ្យមានការប៉ះពាល់ដល់សុវត្ថិភាពភ្ញៀវទេសចរ។លោកបញ្ជាក់ថា សត្វប្រើសជាប្រភេទសត្វដែលនឹងត្រូវយកមកដោះលែងបន្ថែមទៀតក្នុងពេលឆាប់ៗខាងមុខ៕