ភ្នំពេញៈ កញ្ញា អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រាប់ឱ្យដឹងថា ក្រសួងកំពុងពិភាក្សាជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីបន្តរៀបចំផែនការពង្រាយមន្ត្រីកសិកម្មឃុំ ចំនួន ១ ៦០០ នាក់ ក្នុងបេសកកម្មធ្វើការបម្រើកសិករ ១,៦ លានគ្រួសារ ឬស្មើនឹងចំនួនប្រជាជន ៧,៥ លាននាក់ នៅគ្រប់ភូមិ ឃុំទូទាំងប្រទេស ចាប់ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨។
កញ្ញា អ៊ឹម រចនា បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែកក្កដាថា ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំចំនួន ១ ៦០០ នាក់ក្នុងបេសកកម្មធ្វើការបម្រើកសិករ ៧,៥ លាននាក់នេះ គឺជាគោលនយោបាយសំខាន់របស់ក្រសួងកសិកម្មសម្រាប់អាណត្តិក្រោយនេះ បើសិនជារាជរដ្ឋាភិបាលថ្មី នីតីកាលទី ៧ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
កញ្ញាបានថ្លែងថា៖ «គម្រោងនេះ ត្រូវបានអនុម័តដោយមហាសន្និបាតគណបក្សប្រជាជនកម្ពុជា ដោយរាជរដ្ឋាភិបាលអាណត្តិថ្មីនេះមានគម្រោងនឹង ទម្លាក់ថវិកា ១០០ លានដុល្លារបន្ថែមទៀត សម្រាប់ទ្រទ្រង់ និងគាំទ្រគម្រោងនេះ។ កន្លងទៅក្រសួងបានដាក់ពង្រាយមន្ត្រីកសិកម្ម ក្នុងគម្រោងសាកល្បងនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម រួចមកហើយ»។ មន្ត្រីកសិកម្មដែលនឹងត្រូវដាក់ពង្រាយនៅតាមឃុំទូទាំងប្រទេស មានតួនាទីក្នុងការជួយគាំទ្រលើការងារបច្ចេកទេស ទាំងបច្ចេកទេសកសិកម្ម និងបច្ចេកទេសគ្រប់គ្រងហិរញ្ញវត្ថុ ជាពិសេស ការណែនាំ ពីរបៀបប្រើប្រាស់ទឹក ដើម្បីឱ្យសមស្របនឹងប្រភេទដំណាំដែលកសិករបានដាំដុះ។
កញ្ញា រចនា បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះថា៖ «ការងារអាទិភាពដ៏ធំបំផុត និងជាការយកចិត្តទុកដាក់របស់ក្រសួងដែរនោះ គឺមន្ត្រីកសិកម្មឃុំទាំងអស់ ត្រូវជួយធ្វើយ៉ាងណា ឱ្យដំណាំដែលកសិករបានដាំដុះហើយ មានទីផ្សារ មានន័យថា ណែនាំដល់កសិករឱ្យយល់ពីទីផ្សារ ដើម្បីផលិតឱ្យបានតាមចំនួនតម្រូវការទីផ្សារ ចៀសវាងការផលិតលើសឬខ្វះតម្រូវការ»។
បើតាមកញ្ញា អ៊ឹម រចនា ក្រសួងកសិកម្មរំពឹងថា គោលនយោបាយពង្រាយមន្ត្រីកសិកម្មឃុំ ១ ៦០០ នាក់ នៅទូទាំងប្រទេសនេះនឹងមានប្រសិទ្ធភាព ហើយឆ្លើយតបនឹងសេចក្តីត្រូវការ របស់កសិករនៅទូទាំងប្រទេស ជាពិសេសទាក់ទងនឹងបច្ចេកទេស, ហិរញ្ញវត្ថុនិងការប្រែប្រួលអាកាសធាតុ។
លោក វណ្ណ ឫទ្ធី ប្រធានផ្នែកនាំចេញកសិផល នៃក្រុមហ៊ុនអង្គរហ្រ្គីន យល់ឃើញថា វាជាការប្រសើរណាស់ នៅពេលដែលការធ្វើស្រែចម្ការរបស់កសិករ មានអ្នកជំនាញកសិកម្មនៅជិត ដើម្បីចៀសវាងការធ្វើហើយចាល់គ្មានទីផ្សារ និងការប្រើប្រាស់បច្ចេកទេសមិនបានត្រឹមត្រូវជាដើម។
លោកបានបញ្ជាក់ថា៖ «កន្លងទៅយើងឃើញហើយថា បញ្ហាទីផ្សារជាបញ្ហាមួយដែលតែងតែកើតមាននៅពេលរដូវប្រមូលផល។ ជាក់ស្តែង ស្វាយ នាពេលកន្លងទៅបានជួបហើយ ដែលបានធ្វើឱ្យកសិករបោះបង់របរដាំស្វាយនេះច្រើនដែរ នៅឆ្នាំនេះ។ យើងសង្ឃឹមថា មន្ត្រីកសិកម្មដែលក្រសួងគ្រោងនឹងដាក់ពង្រាយនាពេលខាងមុខ នឹងជួយដោះស្រាយបញ្ហាលំបាករបស់កសិករ ដែលបានជួបនាពេលកន្លងមកបានច្រើន ដើម្បីរុញវិស័យកសិកម្មកម្ពុជាឱ្យឈានមុខគេ ក្នុងនាមជាប្រទេសធ្វើកសិកម្ម»។
ចំណែកលោក កាន់ គន្ធី នាយកក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ក៏ថ្លែងដែរថា វាជាការល្អណាស់ ប្រសិនបើរឿងនេះវាកើតឡើងមែន ព្រោះអាចជួយសម្រាលបន្ទុកក្រុមហ៊ុនក្នុងការចំណាយលើបុគ្គលិក ហើយជួយឱ្យក្រសួងធ្វើការជាមួយកសិករដោយផ្ទាល់និងតាមដានការអនុវត្តផ្សេងៗ។
លោកថ្លែងថា៖ «បើសិនជាមានមន្ត្រីជំនាញកសិកម្មគ្រប់ឃុំ វាល្អ។ ល្អត្រង់ចំណុចថា ខាងក្រសួងតាមរយៈមន្ត្រីកសិកម្មឃុំ អាចតាមដានការអនុវត្តនានា នូវអ្វីដែលក្រសួងបានបង្រៀនដល់កសិករកន្លងមក តើអនុវត្តបានកម្រិតណា ជួបបញ្ហាអីខ្លះកន្លងមកជាដើម»។ លោកបន្តថា ៖ «ម្យ៉ាងវិញទៀត កន្លងទៅខាងវិស័យឯកជនយើងបានវិនិយោគច្រើន លើមន្ត្រីកសិកម្មនេះ នៅពេលដែលចុះតាមឃុំម្តងៗ ដូចនេះយើងអាចកាត់បន្ថយការចំណាយរបស់យើងបានដែរ»។
បើតាមក្រសួងកសិកម្ម គម្រោងសាកល្បង ការដាក់ពង្រាយមន្ត្រីកសិកម្មតាមឃុំ នាពេលកន្លងមកនេះក្រុមការងារមន្ត្រីកសិកម្មឃុំទាំងនោះ បានចុះជួយណែនាំពីគម្រោងបាននៅគ្រប់ ១០ ឃុំ និងមេភូមិទាំង ៧៤ ភូមិនៃស្រុក ជើងព្រៃ ខេត្តកំពង់ចាម។ក្រុមការងារនេះបានចុះជួបធ្វើការផ្ទាល់ជាមួយនឹងកសិករ នៅគ្រប់ភូមិដោយមានការចូលរួមជួយសហការពីមេភូមិ និងបានរៀបចំឱ្យមានសហគមន៍កសិកម្មនៅគ្រប់ឃុំ ដើម្បីងាយស្រួលផ្សាភ្ជាប់កសិករមកទីផ្សារនិងទទួលបានទុនបន្ថែមផងដែរ៕