ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបន្តអំពាវនាវដល់សមាជិកអង្គការណាតូ (NATO) និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ជួយទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសមរភូមិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែនបានទទួលជំនួយគ្រាប់បែកនេះរាប់សិបម៉ឺនក្នុងកញ្ចប់ជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ឱ្យកាលពីចុងសប្តាហ៍មុន។
លោក ហ៊ុន សែន បានអំពាវនាវបែបនេះ តាមរយៈសារនៅលើបណ្តាញសង្គម Twitter ផ្លូវការរបស់លោក នាយប់ថ្ងៃទី ១០ ខែកក្កដា ដោយលោកបានទទូចឱ្យមានការហាមឃាត់លើការប្រើប្រាស់គ្រាប់បែកចង្កោមពីវង្វង់សម្ព័ន្ធមិត្តអាមេរិក ពិសេសពីសមាជិកអង្គការណាតូផ្ទាល់ ដែលប្រទេសខ្លះជាសមាជិកនៃអនុសញ្ញាទីក្រុងអូស្លូ ដែលហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោមនេះក្នុងសឹកសង្គ្រាមតទៅទៀត។
លោកបញ្ជាក់ថា៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខី នៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខាងតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ៩ ខែកក្កដា លោក ហ៊ុន សែន ក៏បានអំពាវនាវឱ្យប្រធានាធិបតីអាមេរិកចូ បៃឌិន (Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី (Volodymyr Zelensky) ពិចារណាមិនប្រើប្រាស់គ្រាប់បែកចង្កោមនេះដែរ ដែលលោកសង្កត់ធ្ងន់ថា ដើម្បីបង្ការហានិភ័យដល់ប្រជាជនអ៊ុយក្រែនក្នុងរយៈពេលវែង ខណៈកម្ពុជាបាននិងកំពុងរងគ្រោះពីឥទ្ធិពលគ្រាប់បែកនេះ អស់រយៈពេលជាងកន្លះសតវត្សរ៍ទៅហើយ ដែលបន្យល់ពីសង្គ្រាមត្រជាក់កាលពីដើមទសវត្សរ៍ឆ្នាំ ១៩៧០។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកតាមដានភូមិសាស្ត្រនយោបាយអន្តរជាតិ ១ រូបក៏បានលើកឡើងដែរថា ការបន្តអំពាវនាវហើយអំពាវនាវទៀតរបស់កម្ពុជា ដោយសារប្រទេសកម្ពុជាធ្លាប់រងគ្រោះ និងកំពុងរងគ្រោះពីសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ គ្រាប់បែកចង្កោម គ្រាប់មីន ដែលផលិតដោយប្រទេសមហាអំណាច។
លោកបានបន្តថា នេះជាសារនយោបាយមួយដល់អន្តរជាតិ និងជាពិសេសប្រទេសអ៊ុយក្រែន ដែលការសម្រេចចិត្តប្រើប្រាស់គ្រាប់បែកចង្កោមនឹងបំផ្លាញភាពសុខសាន្តរបស់ប្រទេសយូរអង្វែង។
លោក យង់ ពៅ បន្តថា៖ «ខ្ញុំយល់ថា ការអំពាវនាវរបស់នាយករដ្ឋមន្ត្រីកម្ពុជា តិចឬច្រើនមានឥទ្ធិពលជាសារនយោបាយក្នុងកម្រិតអន្តរជាតិ ទោះបីជាមហាអំណាច និងអ៊ុយក្រែនផ្ទាល់មិនស្តាប់ក៏ដោយចុះ ក៏ប៉ុន្តែជាសារប្រាប់ពិភពលោកថា កម្ពុជាកំពុងតែឈឺចាប់ និងរងគ្រោះ ហើយមិនចង់ឱ្យប្រទេសដទៃទៀតរងគ្រោះដូចកម្ពុជា ហើយឱ្យអន្តរជាតិពិចារណាជាមួយគ្នា»។
លោកបន្ថែមទៀតថា ខណៈពេលនេះ ប្រទេសអ៊ុយក្រែន និងរុស្ស៊ីបានប្រើប្រាស់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលភាគច្រើនមាននៅលើទឹកដីអ៊ុយក្រែនហើយបើអ៊ុយក្រែនសម្រេចប្រើប្រាស់គ្រាប់បែកចង្កោមទៀតនោះនឹងធ្វើឱ្យអ៊ុយក្រែនជួបផលលំបាករយៈពេលវែងពិសេសនៅដំណាក់កាលរាវរកយុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោយចប់សង្គ្រាម ដែលជាផលលំបាកដល់ប្រជាជនអ៊ុយក្រែនក្នុងការប្រើប្រាស់ដីធ្លី។
ទាក់ទងនឹងគ្រាប់បែកចង្កោមនេះដែរ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ នៃអាជ្ញាធរមីនកម្ពុជា កាលពីថ្ងៃទី ១០ ខែកក្កដា ក៏បានប្រកាសគាំទ្រលើសេចក្តីអំពាវនាវរបស់លោក ហ៊ុន សែន ក្នុងនាមជាសហគមន៍សកម្មភាពមីន និងប្រទេសដែលរងគ្រោះដោយសារគ្រាប់បែកចង្កោមនេះផងដែរ។
លោកបានសរសេរលើបណ្តាញសង្គមហ្វេសប៊ុកលោកថា ការសម្រេចចិត្តក្នុងការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសង្គ្រាម នឹងបង្កការបំផ្លិចបំផ្លាញ និងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋស្លូតត្រង់ និងជនស៊ីវិលទាំងក្នុងសង្គ្រាម និងក្រោយសង្គ្រាម។
លោក លី ធុជ បានបញ្ជាក់ថា៖ «ការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងការកម្ចាត់គ្នាទៅវិញទៅមក គ្រាន់តែរយៈពេលខ្លី ប៉ុន្តែការដោះស្រាយគឺប្រើប្រាស់រយៈពេលវែង ចំណាយធនធានច្រើន និងតែងតែបង្កការគ្រោះថ្នាក់ជាប្រចាំ ជាពិសេសកុមារា-កុមារី ក៏ដូចជាបង្កឱ្យមានវិបត្តិសង្គមធ្ងន់ធ្ងរផងដែរ»។
សូមជម្រាបថា អនុសញ្ញាទីក្រុងអូស្លូ ជាអនុសញ្ញាអន្តរជាតិមួយ ដែលហាមប្រាមមិនឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមនេះតទៅទៀត នៅក្នុងសមរភូមិសង្គ្រាមដែលមានប្រទេសចំនួន ១២៣ ប្រទេសបានចូលរួម ក្នុងនោះប្រទេសចំនួន ១១១ ជាសមាជិក និងប្រទេសជារដ្ឋហត្ថលេខីចំនួន ១២។ ទោះជាយ៉ាងណា ប្រទេសមហាអំណាចមួយចំនួន ក្នុងនោះរួមមានរុស្ស៊ី និងសហរដ្ឋអាមេរិកមិនបានចុះហត្ថលេខាលើអនុសញ្ញាអន្តរជាតិមួយនេះឡើយ៕