ភ្នំពេញៈ សមត្ថកិច្ចនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃបានបញ្ជូនខ្លួនជនសង្ស័យ ៣ នាក់ ដែលជាភ្នាក់ងារទារប្រាក់កម្ចីអនឡាញខុសច្បាប់ទៅតុលាការ បន្ទាប់ពីឃាត់ខ្លួនករណីគំរាមកំហែងជនរងគ្រោះនៅចំណុចបុរីប៉េងហួត បឹងស្នោ សង្កាត់ច្បារអំពៅ រាជធានីភ្នំពេញ។
ការឃាត់ខ្លួនជនសង្ស័យទាំង ៣ នាក់នេះ មានកិច្ចសហការជាមួយកម្លាំងមានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមានការឯកភាពពីលោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ នេះបើតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។
លោក សុខ នីត្យា ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១១ កក្កដាថា ជនសង្ស័យទាំង ៣ នាក់នោះត្រូវបានឃាត់ខ្លួនពីថ្ងៃទី ៩ ខែកក្កដា ហើយបាននាំខ្លួនមកសួរនៅនាយកដ្ឋាន។ លោកបន្តថា ក្រោយសាកសួរ នៅព្រឹកថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ នាយកដ្ឋានបានបញ្ជូនជនសង្ស័យទាំង ៣ នាក់ទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់ និងបន្តរកមេខ្លោង និងបក្ខពួកទៀត។
លោកថា៖ «បន្ទាប់ពីសាកសួរ ជនសង្ស័យទាំង ៣ បានសារភាពថា ខ្លួនបានបម្រើការជាភ្នាក់ងារឱ្យក្រុមហ៊ុនផ្ដល់កម្ចីអនឡាញមួយ មានតួនាទីជាអ្នកបញ្ចុះបញ្ចូលរកអ្នកត្រូវការខ្ចីប្រាក់ និងជាអ្នកចុះទៅទារប្រាក់ពីអ្នកខ្ចីទាំងនោះ ដែលជារឿយៗតែងគំរាមដល់អ្នកដែលមិនបានសងប្រាក់ទាន់ ពេលវេលា»។
បើតាមរបាយការណ៍នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រុមហ៊ុនផ្ដល់សេវាកម្មកម្ចីប្រាក់ដែលជនសង្ស័យបម្រើការ គឺពុំមានអាជ្ញាប័ណ្ណ និងសុំច្បាប់អនុញ្ញាតពីធនាគារជាតិកម្ពុជាឡើយ។ លោកសុខ នីត្យា បានអះអាងថា អត្តសញ្ញាណជនសង្ស័យ និងអ្នកពាក់ព័ន្ធនឹងត្រូវបង្ហាញក្រោយចប់ប្រតិបត្តិការ។
តាមប្រកាសរវាងអគ្គស្នងការដ្ឋាននគរបាលជាតិ និងធនាគារជាតិកម្ពុជាចុះថ្ងៃទី ២៣ មករា ឆ្នាំនេះបញ្ជាក់ថា នឹងចាត់វិធានការចំពោះការផ្ដល់ឥណទានខុសច្បាប់ និងផ្សព្វផ្សាយនានាតាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់សេវាហិរញ្ញវត្ថុគ្មានច្បាប់។ សេចក្តីប្រកាសរួមនោះក៏បានណែនាំឱ្យពលរដ្ឋចៀសវាងការខ្ចីប្រាក់ពីអ្នកផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ និងឱ្យជួយរាយការណ៍មកធនាគារជាតិកម្ពុជា និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធបើមានព័ត៌មានពាក់ព័ន្ធការផ្ដល់ឥណទានខុសច្បាប់។
កាលពីខែមិថុនា ឆ្នាំ ២០២៣ មាននារីរងគ្រោះម្នាក់បានដាក់ពាក្យបណ្ដឹងប្តឹងម្ចាស់ប្រាក់កម្ចីតាមអនឡាញ ក្រោយពីបង្ហោះរូបគាត់ជាសាធារណៈនៅលើហ្វេសប៊ុក។ នារីរងគ្រោះដែលមានឈ្មោះ ធាន សាមួន អាយុ ២៣ ឆ្នាំ រស់នៅភូមិផ្គាំ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បានរងការគំរាមកំហែងបន្ទាប់ពីទទួលកម្ចីតាមអនឡាញត្រឹមលុយ ៥០ ដុល្លារ។
ជនរងគ្រោះប្រាប់សមត្ថកិច្ចថា៖ «នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២៣ ខ្លួនបានខ្ចីប្រាក់តាមអនឡាញដែលមានឈ្មោះថា «ត្រូវការលុយបង្វិល Online» ចំនួន ៥០ ដុល្លារ តែខាងកម្ចីឱ្យតែ ៣២ ដុល្លារប៉ុណ្ណោះ ហើយក្នុងរយៈពេល ១ សប្តាហ៍ត្រូវសងចំនួន ៥០ ដុល្លារ។ លុះដល់ថ្ងៃត្រូវសងខ្លួនគ្មានលទ្ធភាពសងឡើយ ពេលនោះក៏ស្រាប់តែខាងកម្ចីអនឡាញម្នាក់ទៀតបានទូរស័ព្ទមកផ្តល់កម្ចី ៥០ ដុល្លារ ហើយលក្ខខណ្ឌត្រូវសងដូចកម្ចីលើកមុនដែរ។ ព្រោះតែគ្មានលទ្ធភាពសងគាត់ក៏បានខ្ចីតាមអនឡាញផ្សេងៗបន្ថែមរហូតដល់ទៅ ១៤ លើក សរុបប្រាក់ដើមដល់ ៣ ០០០ ដុល្លារ»។
ក្រៅពីនារីម្នាក់នេះ នៅដើមខែកក្កដានេះ ក៏មានអ្នកលក់តាមអនឡាញម្នាក់ឈ្មោះហៅក្រៅថា ចែផ្ទះសំណាក់ បានបង្ហោះសារពីការលង់ខ្លួនពាក់ព័ន្ធនឹងកម្ចីតាមអនឡាញនេះ រហូតចង់សម្លាប់ខ្លួនជាច្រើនលើក ប៉ុន្តែមិនបានសម្រេច។
ជនរងគ្រោះរូបនេះថា គាត់បានទទួលកម្ចីអនឡាញនេះក្នុងអត្រាការប្រាក់ខ្ពស់ ហើយទោះព្យាយាមសងការប្រាក់យ៉ាងណាក៏មិនអាចសងអស់រហូតទទួលរងការគំរាមកំហែងជាបន្តបន្ទាប់។ តាមរយៈបទពិសោធន៍ស្ត្រីរូបនេះបានសុំឱ្យពលរដ្ឋកុំស្វែងរកកម្ចីតាមអនឡាញ។«ខ្ញុំបកស្រាយនេះគឺចង់ឱ្យបងប្អូនដឹងកម្ចីមួយនេះមានគ្រោះថ្នាក់ណាស់»៕