ភ្នំពេញៈ យ៉ាងហោចណាស់មនុស្សចំនួន ៧៥៦ នាក់ បានស្លាប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៣ ដែលចំនួននេះមានការថយចុះចំនួន ១៨៦ នាក់ឬស្មើនឹង ២០% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ដែលមានអ្នកស្លាប់រហូតដល់ ៩៤២ នាក់។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ១១ ខែកក្កដា បានឱ្យដឹងថា រយៈពេល ៦ ខែ ដើមឆ្នាំ ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១ ៥៤៨ ករណី ដែលបានបណ្តាលឱ្យមនុស្សចំនួន ៧៥៦ នាក់ស្លាប់ និងចំនួន ២ ០៧២ នាក់ រងរបួស។ បើធៀបជាមួយនឹងរយៈពេល ៦ ខែ ឆ្នាំ ២០២២ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន ១ ៦០៩ លើក ថយចុះ ៦១ លើក ស្មើ ៤% និងបណ្តាលឱ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៩៤២ នាក់ ថយចុះ ១៨៦ នាក់ ស្មើ ២០% និង ២ ២៣៥នាក់ទៀតរងរបួសដែលមានការថយចុះ ១៦៣ នាក់ ឬស្មើ ៧%។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានថ្លែងថា កត្តាដែលបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺបណ្តាលមកពីកត្តាមនុស្ស ដែលបើកបរលើសល្បឿនមាន ៣៩%, មិនគោរពសិទ្ធិ ២៥%, បត់មិនប្រយ័ត្ន ១០%, បើកបរមិនប្រកាន់ស្តាំ ៩%, វ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់៧%, ស្រវឹង ៣% និងងងុយដេក ១%។ កត្តាយានយន្តមានចំនួន ៤% និងកត្តាអាកាសធាតុមាន ១%។
លោក គឹម បញ្ញា នាយកអង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជាថ្លែងថា ចំពោះទិន្នន័យនៃការធ្លាក់ចុះនៃការស្លាប់របួស និងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះតម្រូវឱ្យភាគីពាក់ព័ន្ធមានវិធានការកាន់តែខ្លាំងថែមទៀតដើម្បីឆ្លើយតបនឹងស្ថានការណ៍នេះ។
លោកថ្លែងថា៖ «បើទោះបីមានការថយចុះក្នុងរយៈពេល ៦ ខែមកនេះក្តី ប៉ុន្តែភាគីពាក់ព័ន្ធមិនអាចធ្វេសប្រហែសបានទេលើបញ្ហាគ្រោះថ្នាក់ចរាចរណ៍នេះ ព្រោះមិនប្រាកដថា ក្នុងរយៈពេល ៦ ខែទៅមុខទៀតមានការថយចុះទៀត ឬកើនឡើងវិញឡើយ»។
លោកថា៖ «យើងកំពុងជោគជ័យ តែយើងសូមឱ្យមានការរឹតបន្តឹងវិធានការកាន់តែតឹងរ៉ឹងជាងមុនទៀត ដើម្បីឱ្យចំនួននេះទាបជាង ឬចុះជាងនេះទៀត»៕