ភ្នំពេញៈ លោក កែ រឹទ្ធិ អគ្គនាយករងនិងជាប្រធាននាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃអគ្គនាយកដ្ឋានសេវាកម្មច្បាប់ និងបច្ចេកទេសនៃគណៈកម្មាធិជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជំរុញដល់ភ្នាក់ងារសន្តិសុខបោះឆ្នោតទាំងអស់ប្រកាន់ខ្ជាប់នូវច្បាប់និងខិតខំបំពេញតួនាទីរបស់ខ្លួន ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព។
ការជំរុញពីមន្ត្រីជាន់ខ្ពស់របស់ គ.ជ.ប ធ្វើឡើងតាមរយៈកម្មវិធីកិច្ចសម្ភាសន៍របស់គ.ជ.បលើប្រធានបទ «ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣»ដែលបានផ្សាយកាលពីថ្ងៃទី១២ ខែកក្កដា។
លោកកែ រឹទ្ធិ បានថ្លែងថា សម្រាប់ការបោះឆ្នោតនៅចន្លោះឆ្នាំ២០២២-២០២៤ រាជរដ្ឋាភិបាលបានបង្កើតឱ្យមានគណៈកម្មការសន្តិសុខអចិន្រៃ្តយ៍បោះឆ្នោតជាលក្ខណៈអន្តរក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុប២៧ស្ថាប័ន។
លោកបានបន្តថា៖«ក្រោយបង្កើតឱ្យមានគណៈកម្មការសន្តិសុខអចិន្រៃ្តយ៍បោះឆ្នោតនេះរួចមក យើងឃើញមានក្រសួងស្ថាប័នសំខាន់ៗ ដូចជា ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង គ.ជ.ប ត្រូវបង្កើតជាផែនអន្តរស្ថាប័នមួយដើម្បីចាត់ចែងជាកម្លាំងសន្តិសុខ ត្រៀមការពារនៅតាមតំបន់គោលដៅនីមួយៗ»។
ដោយឡែក ទាក់ទិនទៅនឹងការប្រើប្រាស់កងកម្លាំងភ្នាក់ងារសន្តិសុខការពារសណ្ដាប់ធ្នាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ កក្កដា ខាងមុខវិញ លោក កែ រឹទ្ធិ បានបញ្ជាក់ថា នៅទូទាំងប្រទេសកម្ពុជា បានត្រៀមកម្លាំងសន្តិសុខជាង១០ម៉ឺននាក់ ដើម្បីថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សម្រាប់ដំណើរការបោះឆ្នោត។
លើសពីនេះ លោកបានឱ្យដឹងដែរថា ចំពោះភ្នាក់ងារសន្តិសុខបោះឆ្នោតនេះគឺសុទ្ធតែបានទទួលបានវគ្គបណ្តុះបណ្តាលទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពីច្បាប់ បទបញ្ជា ក្រមសីលធម៌ តួនាទីនិងភារកិច្ចនៃដំណើរការបោះឆ្នោត។
ទន្ទឹមគ្នានេះ មន្ត្រីជាន់ខ្ពស់ គ.ជ.ប ដដែល ក៏បានជំរុញដល់កម្លាំងភ្នាក់សន្តិសុខបោះឆ្នោតទាំងអស់ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ បទបញ្ជា នីតិវិធី ក្រមសីលធម៌ និងតួនាទីភារកិច្ចរៀងៗខ្លួនប្រកបដោយអព្យាក្រឹតនិងតម្លាភាព ដើម្បីឱ្យការបោះឆ្នោតដំណើរការទៅរលូន និងលទ្ធផលបោះឆ្នោតមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ។
ក្រៅពីនេះទៀត លោក កែ រឹទ្ធិ ក៏បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អង្គការពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ គណបក្សនយោបាយ ពិសេសប្រជាពលរដ្ឋឱ្យចូលរួមសហការ និងគោរពច្បាប់ទាំងអស់គ្នាដើម្បីបញ្ចៀសបញ្ហាកើតឡើងណាមួយនៅក្នុងអំឡុងពេលបោះឆ្នោតផងដែរ។
លោក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់ឱ្យដឹងកាលពីចុងខែមិថុនាថា កម្លាំងការពារសន្តិសុខប្រមាណជា១០ម៉ឺននាក់នេះមកពីកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងប្រតិបត្តិការសឹកដែលនឹងត្រូវបែងចែកជាដំណាក់កាលនីមួយៗរួមមាន ដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលពេលបោះឆ្នោតនិងរាប់សន្លឹកឆ្នោតព្រមទាំងនៅក្រោយពេលបោះឆ្នោត។
លោកថា៖«កម្លាំងទាំងនេះយើងបានបែងចែកភារកិច្ចយ៉ាងច្បាស់លាស់សម្រាប់ការពារនៅតាមគោលដៅដូចជាទីស្នាក់ការរបស់គណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោតទាំង១៩៥២ទីតាំង ការពារការិយាល័យបោះឆ្នោតទាំង ២៣ ៧៨៩ ការិយាល័យ ព្រមទាំងកម្លាំងត្រៀមអន្តរាគមន៍ខាងក្រៅ និងសម្រាប់ការពារហិបឆ្នោត ឯកសារបោះឆ្នោតនិងឧបករណ៍សម្ភាររបស់គ.ជ.បដែលរៀបចំនៅតាមការិយាល័យបោះឆ្នោត»៕