ភ្នំពេញៈ​​ នាយ​ឧ​ត្ត​ម​សេនីយ៍​ មាស វិ​រិ​ទ្ធ អគ្គ​លេខាធិ​ការ​នៃ​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​នបា​នលើកឡើង​ថា ​កា​រងារ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​ត្រូវ​តែ​បន្ត​ពង្រឹង​និង​លើកក​ម្ពស់​​ឱ្យ​កាន់​តែមាន​ប្រសិទ្ធ​ភាព​ស្របទៅ​នឹង​ប្រមុខ​រាជរដ្ឋា​ភិបាល​កម្ពុ​ជាដែល​បានដា​ក់ចេញ​ប្រធាន​បទ​ថ្នាក់​ជាតិ​ក្នុង​ឆ្នាំ​ ២០២៣ គឺ «​អ្វីៗ​ដើម្បី​ប្រជា​ជន​ជា​ចម្បង​បញ្ឈប់​ការ​រើស​អើងនិង​មាក់​ងាយ​ចំពោះ​អ្នក​ញៀន​គ្រឿង​ញៀន ​ពង្រឹង​ការងារ​អប់រំ​បង្ការ​»​។​

​ការថ្លែ​ង​របស់​មាស វិ​រិ​ទ្ធ បែប​នេះធ្វើ​ឡើង​នៅក្នុង​​ពិធី​ដុត​បំផ្លាញ​គ្រឿង​ញៀន​ជិត​៤០​គីឡូក្រា​មដែល​បាន​ប្រមូល​មកពី​ខេត្ត​បាត់​ដំបង​ និង​ខេត្ត​ពោធិ៍សា​ត់កា​លពី​ថ្ងៃទី​១១​ ខែកក្កដា ក្នុង​ក្រុង​បាត់​ដំបង ខេត្តបា​ត់ដំប​ង​។​

​យោង​តាម​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀនលោក​បាន​ថ្លែង​ថា៖«​ការជួយ​គ្នា​ទៅ​វិញ​ទៅម​ក ការ​លុប​បំបាត់​ការ​រើស​អើង​និង​មាក់​ងាយ​ចំពោះ​អ្នក​ញៀន​គ្រឿង​ញៀន ​ជួយ​សង្គ្រោះ​អ្នក​ញៀន​គ្រឿង​ញៀន​ រួមគ្នា​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​ និង​លុប​បំបាត់​ភាព​អស​កម្ម​នានា​នៅក្នុង​មូល​ដ្ឋាន​ជា​សុខដុម​នីយ​កម្ម​ក្នុង​សហ​គមន៍​»​។​

​​យោង​តាម​ព្រះ​រាជអាជ្ញា​សា​លា​ដំបូង​ខេត្ត​បាត់​ដំបង​លោក ​កែវ សុជាតិ បាន​ឱ្យដឹ​ងថា​ មន្ត្រី​អនុវត្ត​ច្បាប់​បាន​បង្ក្រាប​ដក​ហូត​វត្ថុ​តាង​និង​បំផ្លាញ​ចោល​តាម​អំណាច​សាល​ក្រម​ស្ថាពរ​របស់​សា​លាដំ​បូង​ខេត្ត​ទាំង​២​ដែល​មាន​សំណុំ​រឿង​សរុប​របស់​សា​លា​ដំបូង​ខេត្ត​ចំនួន​២មាន​ចំនួន​២៨៦​សំណុំ​រឿង​ដែល​មាន​គ្រឿង​ញៀន​ទម្ងន់​សរុប​៣៩ ​៦៧៧,​៨៣​ក្រាម​។​

​លោក​បាន​បន្ត​ថា ​សា​លាដំ​បូង​និង​អយ្យការ​អម​សាលា​ដំបូង​ខេត្តបា​ត់ដំ​បង​មាន​ចំនួន​២២១​សំណុំរឿ​ង​ដែល​មាន​គ្រឿង​ញៀន​សរុប​ទម្ងន់​៣៨ ​៥៧០,​០៨ក្រាម និង​សា​​លាដំបូង និង​អយ្យការ​​អម​សាលា​ដំ​បូង​ខេត្ត​ពោធិ៍សា​ត់​មាន​ចំនួន​៦៥​សំណុំ​រឿង​មាន​បរិមាណ​គ្រឿង​ញៀន​សរុប​ចំនួន​១ ​១០៧,​៧៥​ក្រាម​។​

​លោក​សុខ ​លូ អភិ​បាល​ខេត្ត​បាត់​ដំបង​បាន​ឱ្យដឹង​ដែរ​ថា ប​ច្ចុប្បន្ន​ខេត្ត​នេះ​មាន​កន្លែង​បន្សាប​គ្រឿង​ញៀន​ចំនួន​២​កន្លែង​ដែល​ទី​១ ជា​មជ្ឈ​មណ្ឌល​បន្សាប​គ្រឿង​ញៀន​ក្ដី​សង្ឃឹម ស្ថិត​ក្នុង​ស្រុក​ប​វេ​ល និង​ទី​២ជា​មជ្ឈ​មណ្ឌល​បន្សាប​គ្រឿង​ញៀន ​កែ ​ស៊ីនួន ស្ថិត​ក្នុង​ស្រុក​រតន​មណ្ឌល​ដែល​ទើប​នឹង​បង្កើត​ថ្មីៗ​ហើយ​នឹង​ត្រៀម​សម្ពោធ​នា​ពេល​ខាង​មុខ​ផង​ដែរ​។​

​លោក​បាន​បញ្ជាក់​ថា៖«​មជ្ឈ​មណ្ឌល​ទាំង​២​នេះ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ដល់​ខេត្ត​បាត់​ដំប​ងក្នុង​ការ​ចូល​រួម​ចំណែក​ក្នុង​ការ​ព្យា​បាល​ជន​ញៀន​គ្រឿង​ញៀន​ឱ្យ​ត្រឡប់​មក​សភាព​ដើម​វិញ​បូក​ផ្សំ​ជា​មួយនឹ​ង​ការ​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​ដល់​ជន​រង​គ្រោះ​ទាំង​នោះ​ផង​ដែរ​»​។​

​លោក​សុខ ​លូ បានឱ្យ​ដឹង​ទៀតថា​៖«​ដោយ​សារ​ការ​ព​ន្លឿ​ន​នីតិវិធី​ច្បាប់​ពី​ស្ថា​ប័ន​តុលា​ការ​ខេត្ត ព្រះ​អាជ្ញា​ខេត្ត ទើប​ធ្វើឱ្យ​​យើង​អាច​ធ្វើ​ការដុត​បំផ្លាញ​គ្រឿង​ញៀន​បាន​នា​ពេល​នេះ បើ​ពុំមាន​ការ​ជួយ​ជ្រោម​ជ្រែង​ពី​ស្ថា​ប័ន​តុលា​ការ​ទេ ​យើង​នឹ​ងត្រូវ​ពន្យា​រការ​បំផ្លាញ​គ្រឿង​ញៀន​ដែល​មិន​ទាន់​ធ្វើ​នីតិវិ​ធី​ច្បាប់​រួច​រហូត​ដល់​ឆ្នាំ​ក្រោយៗ​​ទៀត​»​។​

​សូម​រំឭក​ផង​ដែរ​ថា​ក្នុង​ឱកាស​ប្រារព្ធ​ទិវា​អន្ត​រជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​នកាល​ពី​ថ្ងៃទី​២៨ ​ខែមិថុនា ​កន្លង​មក មាន​សារ​ធាតុ​ញៀន​និង​សារ​ធាតុ​គីមី​ផ្សំ​ផ្សេង​ទៀត​សរុប​ជាង​៥​តោន​៧១៣គី​ឡូក្រាម​ត្រូវបាន​ដុត​បំផ្លាញ​ចោល ក្រោម​អធិប​តី​ភាព​លោក​ឧប​នាយក​រដ្ឋ​មន្ដ្រី ​ស ខេង រដ្ឋ​មន្ត្រី​ក្រសួ​ងមហា​ផ្ទៃ​។​

​យោង​តាម​របាយ​ការណ៍​សង្ខេប​បូកសរុប​លទ្ធផល​ប្រយុទ្ធប្រ​ឆាំង​គ្រឿងញៀ​ន​ខុស​ច្បាប់​លើក​ទី​៧​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​បាន​ឱ្យដឹ​ងថា ​ក្នុង​ឆ្នាំ​២០២២ ​កង​កម្លាំង​អនុវត្ត​ច្បាប់​បានប​ង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ចំនួន​៦ ​៣៩០​ករណី ​ឃាត់​ខ្លួន​១៥ ​០០២​នាក់ ក្នុង​នោះចាប់​យក​សារ​ធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់ ១៤ ​៩១៩,​៤៧​គីឡូ​ក្រាម​៕