ព្រះវិហារៈ អាជ្ញាធរជាតិព្រះវិហារ សហការជាមួយអង្គការយូណេស្កូ គ្រោងបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណាសារនៅតំបន់បេតិកភណ្ឌពិភពលោក ដើម្បីការពារបណ្ណាសារទាំងនោះឱ្យបានយូរអង្វែងតទៅមុខទៀត ជាពិសេសក៏ដើម្បីជួយដល់នាយកដ្ឋានតាមជំនាញទាំងអស់ក្នុងការទាញយកឯកសារមកប្រើប្រាស់ផងដែរ។
បើយោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិព្រះវិហារ បានឱ្យដឹងនៅថ្ងៃទី១១ ខែកក្កដាថា លោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ និងថ្នាក់ដឹកនាំ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង «ការការពារបណ្ណាសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍»ជាមួយលោក Andrew Henderson អ្នកជំនាញផ្នែកបេតិកភណ្ឌឯកសារអន្តរជាតិនៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។
ប្រភពដដែលបានឱ្យដឹងទៀតថា ក្នុងគម្រោងនេះ បានពិភាក្សាគ្នាពីការបង្កើតប្រព័ន្ធគ្រប់គ្រងឯកសារ រក្សាទុកទិន្នន័យ និងគ្រប់គ្រងបណ្ណាសារនៅតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ ក៏បានពិភាក្សាពីការគ្រប់គ្រងឯកសារគម្រោង ប្លង់ រូបថត វីដេអូឯកសារ កំណត់ហេតុប្រចាំថ្ងៃ និងរបាយការណ៍បច្ចេកទេសតាមនាយកដ្ឋាននីមួយៗ ដើម្បីរក្សាទុកក្នុងបណ្ណាសារដែលគ្រោងរៀបចំនៅពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ស្វែងរកឯកសារ។
លោក គង់ ពុទ្ធិការ បានប្រាប់ឱ្យដឹងថា គម្រោងរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណាសារនៅតំបន់បេតិកភណ្ឌពិភពលោកនេះ ដោយសារអាជ្ញាធរជាតិព្រះវិហារចង់ប្រមូលផ្តុំឱ្យគ្រប់ឯកសារពាក់ព័ន្ធទាំងអស់ចូលទៅក្នុងប្រព័ន្ធមួយដែលអាជ្ញាធរជាតិព្រះវិហារអាចរក្សាបានទិន្នន័យទាំងនោះ។ បន្ថែមពីនេះគ្រប់នាយកដ្ឋានទាំងអស់របស់អាជ្ញាធរជាតិព្រះវិហារក៏អាចចូលទៅយក ឬប្រើប្រាស់ឯកសារទាំងនោះបានដែរ។
លោកបន្តថា ការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណាសារនេះ នឹងផ្ដល់ភាពងាយស្រួលសម្រាប់នាយកដ្ឋានក្នុងការសិក្សាស្រាវជ្រាវ ជាពិសេសគឺអាចមើលឃើញទិន្នន័យទាំងអស់នៅតំបន់បេតិកភណ្ឌពិភពលោក ខណៈលោកថាកន្លងមកការគ្រប់គ្រងបណ្ណាសារ គឺមានការគ្រប់គ្រងតាមនាយកដ្ឋាននីមួយៗ។ នាយកដ្ឋាននីមួយៗនោះរួមមាននាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ នាយកដ្ឋានរដ្ឋបាល និងហេរញ្ញកិច្ចជាដើម។
លោកថា៖«ដូច្នេះអាជ្ញាធរជាតិព្រះវិហារមិនមានប្រព័ន្ធគ្រប់គ្រងបណ្ណាសាររួមនោះទេ។ ហេតុនេះទាំងឯកសារអាចចម្លងបាន និងទាំងឯកសារដែលមិនអាចចម្លងបាននៅតាមនាយកដ្ឋាននីមួយៗប្រសិនជានាយកដ្ឋានផ្សេងៗចង់ប្រើប្រាស់ឯកសារអ្វីមួយ គឺទាល់តែធ្វើការទាក់ទងទៅនាយកដ្ឋានជំនាញនោះទើបពួកគាត់អាចស្វែងរកឯកសារជំនាញនោះផ្ដល់ជូនបាន»។
លោកបញ្ជាក់ថា៖«ប្រសិនជាមានបញ្ហាអ្វី ឯកសារទាំងអស់ហ្នឹង ក៏យើងពិបាកក្នុងការថែរក្សា ពិបាកក្នុងការទុកដាក់ ហើយដើម្បីរក្សាឱ្យមានភាពយូរអង្វែងបានជាយើងបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណាសារឡើង ដោយសហការជាមួយអង្គការយូណេស្កូ ដើម្បីយកឯកសារចាស់ៗរបស់យើងតាំងពីដើមរហូតមកទាំងអស់ ដោយស្គេនវាទៅជាឯកសារចម្លង ហើយយើងដាក់វាទៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យមួយរួម»។
ចំពោះឯកសារដែលមិនអាចចម្លងបាន គឺត្រូវរៀបចំវាដាក់ទៅក្នុងប្រព័ន្ធគ្រប់គ្រងរួមផងដែរ ដោយធ្វើឡើងតាមរបៀបដំឡើងឯកសារនៅពេលមានតម្រូវការប្រើប្រាស់។
លើសពីនេះទៀត លោកថា ការរៀបចំបង្កើតប្រព័ន្ធគ្រប់គ្រងបណ្ណាសាររួមនេះ វាផ្ដល់សារៈសំខាន់ច្រើនសម្រាប់អាជ្ញាធរជាតិព្រះវិហារ ក្នុងការជួយថែរក្សាឯកសារទាំងអស់នោះបានយូរអង្វែងតទៅមុខទៀត។
ឯកសារទាំងនោះរួមមាន របាយការណ៍ លទ្ធផលនៃការស្រាវជ្រាវរបស់អាជ្ញាធរជាតិព្រះវិហារក្នុងការអភិរក្សនៅតំបន់បេតិកភណ្ឌពិភពលោកទាំងការសរសេរដោយដៃ និងការសរសេរដោយកុំព្យូទ័រ ហើយវាក៏មានជាប្រភេទជារូបភាពចាស់ៗ កាលពីសម័យមុន ដែលទាក់ទងនឹងទិដ្ឋភាពនានានៅតំបន់ប្រាសាទព្រះវិហារ ដើម្បីយកមករក្សាទុកផងដែរ។
លោក គង់ ពុទ្ធិការ បញ្ជាក់ទៀតថា ៖«សារៈសំខាន់មួយទៀត ប្រព័ន្ធគ្រប់គ្រងឯកសាររួមនេះ វាក៏អាចជួយបញ្ចូលឯកសារថ្មីៗបន្ថែមទៀត សម្រាប់ឆ្នាំ២០២៣ ឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥តទៅមុខ ដើម្បីជាការរក្សាឯកសារសម្រាប់អ្នកក្រោយៗទៀតបានប្រើប្រាស់»៕