ភ្នំពេញៈ រដ្ឋាភិបាលបានចេញអនុក្រឹត្យស្តីពីការផ្ទេរធនធានថវិការដ្ឋដល់ឃុំ-សង្កាត់បន្ថែម ដើម្បីចំណាយលើការអភិវឌ្ឍមូលដ្ឋានរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៨ ក្នុងគោលដៅលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍនៅមូលដ្ឋាន ដែលរដ្ឋគ្រោងចំណាយ ១ ឆ្នាំ ១% នៃចំណូលចរន្តថវិកាថ្នាក់ជាតិ។
អនុក្រឹត្យនេះត្រូវបានសង្គមស៊ីវិលសាទរចំពោះការផ្តល់ថវិកាសម្រាប់ចំណាយដល់មូលដ្ឋានសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ ហើយអាចបង្កលទ្ធភាពដល់តម្រូវការមូលដ្ឋានមួយចំនួន។ យោងតាមអនុក្រឹត្យចុះនៅថ្ងៃទី ១០ ខែកក្កដា ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តីពីការផ្ទេរធនធានបន្ថែមពីថវិការដ្ឋដល់រដ្ឋបាលឃុំ សង្កាត់ សម្រាប់ចំណាយអភិវឌ្ឍនៅមូលដ្ឋាន បានលើកឡើងថា អនុក្រឹត្យនេះមានវិសាលភាពគ្របដណ្តប់លើរដ្ឋបាលឃុំ សង្កាត់ទាំងអស់លើកលែងភូមិសាស្ត្ររដ្ឋបាលចំណុះរាជធានីភ្នំពេញ។
អនុក្រឹត្យនេះបន្តថា រដ្ឋគ្រោងចំណាយក្នុង ១ ឆ្នាំ ចំនួន ១% នៃចំណូលចរន្តថវិកាថ្នាក់ជាតិ ដែលអនុម័តទុកមុន ១ ឆ្នាំ តួយ៉ាងថវិកាដែលត្រូវចំណាយលើរដ្ឋបាលឃុំ-សង្កាត់ នៅឆ្នាំ ២០២៤ ត្រូវយក ១% នៃចំណូលចរន្តថវិកាថ្នាក់ជាតិដែលអនុម័តនៅឆ្នាំ ២០២៣ ដែលជាភារកិច្ចគ្រប់គ្រងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ប្រភពដដែលបន្តថា រូបមន្ត និងសន្ទស្សន៍ដែលត្រូវចំណាយនៅរដ្ឋបាលមូលដ្ឋានមានដូចជា ៣០% ជាចំណែកស្មើៗគ្នាដែលបែងចែកសម្រាប់រដ្ឋបាលឃុំ-សង្កាត់នីមួយៗ។ ៣០% ត្រូវបានបែងចែកតាមសមមាត្រនៃចំនួនប្រជាជនរបស់ឃុំ-សង្កាត់នីមួយៗ ផ្អែកតាមទិន្នន័យក្រសួងផែនការ។
៣០% បែងចែកសមាមាត្រនៃចំនួនភូមិនៃឃុំ-សង្កាត់ នីមួយៗយោងតាមទិន្នន័យក្រសួងផែនការ និងនៅសល់ ១០% បែងចែកសមាមាត្រនៃចំនួនភូមិ នៃឃុំ-សង្កាត់នីមួយៗ យោងតាមទិន្នន័យក្រសួងមហាផ្ទៃ។
អនុក្រឹត្យនេះ បញ្ជាក់បន្ថែមថា៖ «រដ្ឋបាលឃុំ សង្កាត់នីមួយៗត្រូវគ្រោង និងប្រើប្រាស់ធនធានបន្ថែមពីថវិការដ្ឋ សម្រាប់ចំណាយអភិវឌ្ឍមូលដ្ឋាននេះក្នុងក្របខ័ណ្ឌថវិកាប្រចាំឆ្នាំ ដូចគ្នាទៅនឹងការគ្រោង និងការប្រើប្រាស់ធនធានសមាសភាគអភិវឌ្ឍន៍មូលដ្ឋាននៃមូលនិធិឃុំ សង្កាត់ស្របតាមច្បាប់ និងបទប្បញ្ញត្តិដែលមានការពាក់ព័ន្ធជាធរមាន»។
លោក ប៉ិច ពិសី នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា (TIC) សាទរចំពោះការផ្តល់ថវិកាសម្រាប់ចំណាយមូលដ្ឋានចំនួន ១% នៃចំណូលចរន្តនៃថវិកាជាតិប្រចាំឆ្នាំដែលជាតួលេខមួយល្អសម្រាប់ការអភិវឌ្ឍឃុំ-សង្កាត់ ហើយអាចបង្កលទ្ធភាពដល់តម្រូវការមូលដ្ឋានមួយចំនួន។ លោកយល់ថា រដ្ឋាភិបាលជាពិសេសអាជ្ញាធរមូលដ្ឋាន គួររៀបចំកំណត់វិស័យអាទិភាពសម្រាប់ឃុំសង្កាត់ គួរមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីធានាដល់ការឆ្លើយតបរបស់រដ្ឋ ជាពិសេសថវិកាចំណាយរបស់រដ្ឋសមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
ដើម្បីឱ្យខ្ទង់ចំណាយនៅមូលដ្ឋានមានប្រសិទ្ធភាព លោក ប៉ិច ពិសី បានសង្កត់ធ្ងន់ថា៖ «ត្រូវធានាតម្លាភាព គណនេយ្យភាព និងការប្រើប្រាស់ថវិកាដោយមិនមានការក្លែងបន្លំ មិនមានអំពើពុករលួយ។ ការកើនឡើងកញ្ចប់ថវិកានេះជារឿងល្អ ប៉ុន្តែការប្រើប្រាស់ថវិកាឱ្យត្រឹមត្រូវគឺជារឿងចាំបាច់ ដើម្បីធានាយើងប្រើត្រូវចំគោលដៅ»។
លោកបន្ថែមថា ការបង្កើតបរិយាកាសអភិវឌ្ឍន៍ឃុំ-សង្កាត់ឱ្យមានការចូលរួមពីប្រជាពលរដ្ឋដែលរស់នៅមូលដ្ឋានផ្ទាល់ និងការគ្រប់គ្រង ចាត់ចែង និងតាមដានការចំណាយថវិកាឱ្យត្រូវខ្ទង់ប្រកបដោយតម្លាភាពជាកត្តាសំខាន់នាំឱ្យការចំណាយមូលដ្ឋានមានប្រសិទ្ធភាពខ្ពស់៕