ភ្នំពេញៈ អង្គការយូនីសេហ្វសង្ឃឹមថា យុទ្ធនាការតាមប្រព័ន្ធឌីជីថល ដើម្បីទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារអាចផ្សព្វផ្សាយដល់យុវជនជាង ២ លាននាក់តាមប្រព័ន្ធអនឡាញ ខណៈយុទ្ធនាការនេះបានផ្តល់ដំបូន្មាន និងរឿងរ៉ាវនានាជុំវិញរបៀបប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីគេចចេញពីគ្រោះថ្នាក់។
អង្គការយូនីសេហ្វកម្ពុជា និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងសហការគ្នាធ្វើយុទ្ធនាការ ១ មានរយៈពេល ៣ ខែ ដែលមានលក្ខណៈអន្តរកម្ម និងច្នៃប្រឌិត ដើម្បីឆ្លើយតបចំពោះល្បិចកល “លួងលោម” កុមារលើអនឡាញ ដើម្បីកាត់បន្ថយចំនួនកុមារដែលទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញ។
យូនីសេហ្វ បានឱ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី ១២ ខែកក្កដាថា យុទ្ធនាការតាមប្រព័ន្ធឌីជីថលប្រកបដោយភាពច្នៃប្រឌិតដែលមានឈ្មោះថា “តោះជជែកគ្នា (Let’s Chat)” បានចាប់អនុវត្តពីថ្ងៃទី ១ ខែមិថុនា រហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំនេះ ហើយវាជាកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកាត់បន្ថយហានិភ័យដែលក្មេងជំទង់នៅកម្ពុជាជួបប្រទះដែលបង្កឡើងដោយជនប្រព្រឹត្តអំពើកេងប្រវ័ញ្ចលើអនឡាញ។
យូនីសេហ្វបានលើកឡើងថា ជនប្រព្រឹត្តអំពើកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទលើអនឡាញក្នុងទម្រង់មួយដែលគេហៅថា “ការលួងលោម”ជារឿយៗតែងប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងកម្មវិធីផ្ញើសារជជែកកម្សាន្ត ឬអ៊ែបវីដេអូដទៃទៀត។
យូនីសេហ្វ បានរៀបរាប់ថា៖ «ពួកគេចាប់ផ្តើមកសាងទំនាក់ទំនងជាមួយយុវជនបន្តិចម្តងៗដើម្បីស្វែងយល់ពីតម្រូវការ និងភាពទន់ខ្សោយរបស់យុវជន ហើយពេលខ្លះពួកគេបន្លំខ្លួនធ្វើជាយុវជនផងដែរ។ ក្រោយពេលពួកគេបានទទួលការជឿទុកចិត្ត ការរំលោភបំពានបានលេចចេញជារូបរាងសន្សឹមៗ ជារឿយៗស្តែងចេញតាមរយៈការបោកបញ្ឆោតបែបលាក់កំបាំង និងការទាមទារផ្សេងៗ និងអាចវិវឌ្ឍទៅជាការបង្កគ្រោះថ្នាក់លើរូបរាងកាយ»។
យុទ្ធនាការ “តោះជជែកគ្នា” មានគោលបំណងជួយឱ្យក្មេងជំទង់យល់ដឹងពីល្បិចរបស់ជនទាំងនេះ ក៏ដូចជាជួយឱ្យពួកគេចេះកំណត់ដឹង និងយល់ពីអ្វីដែលត្រូវធ្វើ ប្រសិនបើពួកគេឬមិត្តភក្តិក្លាយជាមុខសញ្ញារបស់ជនដែលលួងលោមល្បួងកុមារលើអនឡាញ និងអាចធ្វើការសម្រេចចិត្តប្រកបដោយសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យសម្រាប់ខ្លួនឯងផង និងសម្រាប់ក្មេងជំទង់ និងកុមារដទៃទៀតផង។ នេះបើតាមការអះអាងរបស់យូនីសេហ្វ។
យូនីសេហ្វ បានបញ្ជាក់ថា៖ «យុវជន និងសាធារណជន អាចចូលរួមក្នុងយុទ្ធនាការនេះ តាមរយៈទំព័រហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់យូនីសេហ្វកម្ពុជា។ យូនីសេហ្វសង្ឃឹមថាយុទ្ធនាការនេះនឹងអាចផ្សព្វផ្សាយដល់យុវជនជាង ២ លាននាក់តាមប្រព័ន្ធអនឡាញក្នុងរយៈពេល ៣ ខែខាងមុខ»។
តាមរបាយការណ៍ឆ្នាំ ២០២២ ស្តីពីការបញ្ឈប់គ្រោះថ្នាក់ក្នុងប្រទេសកម្ពុជាដែលរៀបចំដោយក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ និងដៃគូនានាដូចជាយូនីសេហ្វកម្ពុជា បានរកឃើញថា កុមារនៅកម្ពុជាអាយុចន្លោះពី ១២ ទៅ ១៧ ឆ្នាំ កំពុងប្រើប្រាស់អ៊ីនធឺណិតមាន ១១ ភាគរយធ្លាប់ទទួលរងការកេងប្រវ័ញ្ច និងការរំលោភបំពានផ្លូវភេទលើអនឡាញ។ ១១ ភាគរយនៃកុមារទាំងនោះ គឺធ្លាប់ជួបបញ្ហារួមមាន ការផ្ញើសារគំរាមកុមារឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ និងការផ្ញើរូបភាពអាសអាភាស ដោយពុំមានការយល់ព្រមពីភាគីម្ខាងទៀត។
របាយការណ៍ដដែលនេះក៏បង្ហាញផងដែរអំពីស្ថិតិដែលមានការព្រួយបារម្ភដទៃទៀតដូចជា មានកុមារ ១៦ ភាគរយ បានក្លាយជាកម្មវត្ថុនៃការសរសេរមតិយោបល់ដែលមានចរិតផ្លូវភេទអំពីពួកគេដែលធ្វើឱ្យពួកគេពុំមានអារម្មណ៍ងាយស្រួលដែលក្នុងចំនួននេះមាន ៣១ ភាគរយបាននិយាយថា ការសរសេរបែបនេះកើតមានលើបណ្តាញទំនាក់ទំនងសង្គម។
លោក Will Parks តំណាងយូនីសេហ្វប្រចាំកម្ពុជា បានថ្លែងថា ក្នុងបរិបទដែលការរាយការណ៍ពីករណីរំលោភបំពាន ឬកេងប្រវ័ញ្ចផ្លូវភេទលើអនឡាញ អាចជារឿងដែលគេគិតថា មិនគួរធ្វើឬជារឿងអាម៉ាស់ខ្លាំងពេក វាជាការសំខាន់ណាស់ដែលត្រូវបង្កើតវិធីសាស្ត្រផ្តល់ភាពងាយស្រួល និងបង្ហាញពីសមានចិត្តសម្រាប់ផ្តល់ព័ត៌មានអំពីប្រធានបទនេះប្រសិនបើយើងចង់ឱ្យមានការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យដែលក្មេងជំទង់ និងយុវជនកំពុងជួបប្រទះ។
លោកបានអះអាងថា យុទ្ធនាការតាមបណ្តាញសង្គមប្រព្រឹត្តទៅនៅលើអនទ្បាញដែលជាកន្លែងជួបជាមួយយុវជនដែលពួកគេកំពុងនៅទីនោះស្រាប់ ហើយប្រើប្រាស់វិធីសាស្ត្រនិទានរឿង និងបច្ចេកវិទ្យាដើម្បីផ្តល់ភាពអង់អាច និងការពារពួកគេពីគ្រោះថ្នាក់នានា។
លោកបានបញ្ជាក់ថា៖ «តាមរយៈការបន្តរៀបចំមាតិកា និងព័ត៌មានតាមប្រព័ន្ធឌីជីថលសម្រាប់បែបកុមារ និងយុវជនមេត្រី និងកិច្ចសហការជាមួយដៃគូនានា ដើម្បីរួមគ្នារៀបចំយុទ្ធនាការបង្កើនការយល់ដឹង និងស្វែងរកការគាំទ្រក្នុងសង្គមដើម្បីផ្លាស់ប្តូរឥរិយាបថ ដូចជា យុទ្ធនាការ“តោះជជែកគ្នា” ជាដើមនេះ។ កម្ពុជាអាចផ្តល់វេទិកាដែលកាន់តែមានសុវត្ថិភាពសម្រាប់កុមារ និងក្មេងជំទង់ ដើម្បីឱ្យពួកគេអាចសម្រេចចិត្តបានត្រឹមត្រូវដើម្បីកាត់បន្ថយការប្រឈម និងការកេងប្រវ័ញ្ច និងការរំលោភបំពានមកលើពួកគេ»។
តាមយុទ្ធនាការនេះនឹងមានការបង្ហាញពីមិត្តជិតស្និទ្ធមួយក្រុមមានគ្នា ៤ នាក់ ដែលប្រើប្រាស់បណ្តាញសង្គមសម្រាប់ធ្វើសកម្មភាពផ្សេងៗនៅក្នុងជីវិតទាក់ទងនឹងមនុស្សដែលខ្លួនស្រឡាញ់ និងទំនាក់ទំនងតាមលើអនឡាញដទៃទៀត។
នេះបើតាមសេចក្តីប្រកាសរបស់អង្គការនេះ។ យូនីសេហ្វ បានអះអាងទៀតថា៖ «រឿងរ៉ាវរបស់ពួកគេត្រូវបានបង្ហាញក្នុងទម្រង់ជាវីដេអូភាគខ្លីៗបែបជាការ “សន្ទនា” ដោយវីដេអូនីមួយៗផ្តោតលើសេណារីយោមួយ។ អមជាមួយនឹងវីដេអូទាំងនេះក៏មានការបង្ហោះពីព័ត៌មានផ្សព្វផ្សាយ និងសកម្មភាពដែលអាចអនុវត្តជាជំហានៗ ដូចជាព័ត៌មានសម្រាប់ទាក់ទងទៅកាន់បណ្តាញទូរស័ព្ទជំនួយកុមារកម្ពុជាដែលគេអាចហៅចូលដោយមិនគិតថ្លៃ (+៨៥៥៩២៣១១៥១១) ជាដើម»៕