ព្រះសីហនុៈ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអះអាងថា គិតមកទល់ពេលនេះដំណើរការសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ (PS3) នៅភូមិ ៤ សង្កាត់លេខ ៤ ក្រុងព្រះសីហនុដែលមានតម្លៃ ២០ លានដុល្លារអាមេរិកសម្រេចបាន ៩៨ ភាគរយហើយ ដោយគម្រោងនេះនឹងបញ្ចប់ការសាងសង់នៅចុងខែកក្កដានេះ។
លោក គួច ចំរើន បានលើកឡើងដូចនេះ នាឱកាសដែលលោកចុះពិនិត្យវឌ្ឍនភាពគម្រោងផ្ទាល់កាលពីរសៀលថ្ងៃទី ១១ ខែកក្កដា។
តាមរយៈរដ្ឋបាលខេត្តព្រះសីហនុ តំណាងក្រុមហ៊ុន X.WATER ដែលជាក្រុមហ៊ុនសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បានឱ្យដឹងថា ដំណើរការសាងសង់អាងប្រព្រឹត្តិកម្មនេះបានប្រព្រឹត្តដោយរលូនតាមផែនការគ្រោងទុក។ បើគិតមកទល់ពេលនេះការសាងសង់សម្រេចបាន ៩៨ ភាគរយ និងអាចបញ្ចប់នៅចុងខែកក្កដា ឆ្នាំ ២០២៣ ខាងមុខផងដែរ។
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា៖ «បច្ចុប្បន្នក្រុមការងារបច្ចេកទេសក្រុមហ៊ុននឹងរៀបចំធ្វើតេស្តសាកល្បងនៅចុងខែកក្កដា ២០២៣ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការដែលអាងប្រព្រឹត្តិកម្មទឹកកខ្វក់នេះដែរ គឺវាមានសមត្ថភាពផលិតទឹកកខ្វក់ក្នុង ១ ថ្ងៃ ២០ ០០០ ម៉ែត្រគុប»។
ជាមួយគ្នានេះ លោក គួច ចំរើន បានឱ្យដឹងដែរថា ការសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ (PS3) នេះ គឺជាអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជាដែលគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុសម្រេចសាងសង់ស្ថានីយប្រព្រឹត្តិកម្មទី១ ទី២ និងទី៣។
លោកបានបន្តថា ការសាងសង់ស្ថានីយប្រព្រឹត្តិកម្មជាបន្តបន្ទាប់នេះ គឺដើម្បីបន្សុទ្ធទឹកកខ្វក់ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដាបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែលមានស្ថិរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពលគ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។
លោក គួច ចំរើន បានបញ្ជាក់ថា៖ «ការសាងសង់ស្ថានីយប្រព្រឹត្តិកម្ម ក៏ដើម្បីកាត់បន្ថយការបញ្ចេញកាកសំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ មានដូចជាមនុស្សសត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ»។
យោងតាមរដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា នៅខេត្តនេះបានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទី១ ទី២ និងទី៣ ដោយក្នុងនោះ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃដោយទទួលរងទឹកកខ្វក់ពីតំបន់ទី ៣ ដែលមានផ្ទៃដី ៣៦៤ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៣។
ដោយឡែក ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ២ វិញគឺមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៧ ២០០ ម៉ែត្រគុបក្នុង ១ ថ្ងៃ ដោយទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី ៤៨៦ ហិកតា ស្ថិតនៅក្នុងសង្កាត់លេខ ៣។
រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ទៀតថា បច្ចុប្បន្នស្ថានីយទឹកកខ្វក់ទី១ និងទី២ បានដាក់ឱ្យដំណើរការជាផ្លូវការហើយ ចំណែកឯស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ គឺកំពុងសាងសង់ដោយសម្រេចបាន ៩៨ ភាគរយ។
សូមបញ្ជាក់ដែរថា ក្រៅពីស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទាំង ៣ នេះ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន ៧ ទីតាំងផ្សេងទៀត ក្នុងនោះ ៤ ទីតាំងស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា និង ៣ ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូនដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាតទឹកកាកសំណល់ក្នុងក្រុងព្រះសីហនុ (១៦ ហិកតា)៕